តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

​បរទេស​៖ ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយសារ​ក្តី​រំពឹង​កាន់តែ​ខ្ពស់​លើ​កិច្ច​ចរចា​សន្តិភាព ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​។

​តម្លៃ​ប្រេង​ឆៅ ​Brent ​បាន​ធ្លាក់ចុះ​ ១​,​២ ​ភាគរយ មក​នៅ​ត្រឹម​ ​៩​១​,​៦២ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West Texas ​Intermediate ​(​WTI​)​ ​របស់​អាម៉េរិក​ ​ក៏​ធ្លាក់ចុះ​ ​១​,​២ ភាគរយ​ដូចគ្នា​ ​មក​នៅ​ត្រឹម​ ​៨៥​,​៤៩ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​លោក​ ​Hiroyuki Kikukawa ​ប្រធាន​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន​ ​Nissan Securities ​Investment ​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​នេះ​កើតឡើង​ដោយសារ​ទីផ្សារ​រំពឹង​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចរចា​ជា​សម្ងាត់​អាច​នាំទៅ​រក​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​ខណៈ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ក៏​ទំនង​ជា​មិន​មាន​ការ​កើនឡើង​កម្តៅ​ខ្លាំង​ជាង​នេះ​ដែរ​ ​មុន​ជំនួប​កំពូល​រវាង​អាម៉េរិក​និង​ចិន​នៅ​សប្តាហ៍​ក្រោយ​។ ​លោក​បន្ថែម​ថា​ ​ទោះបីជា​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ច្រក​សមុទ្រ​ ​Hormuz ​ក៏​ដោយ​ ​ក៏​ទីផ្សារ​មិន​ទំនង​ជា​រង​សម្ពាធ​ខ្លាំង​ពី​បញ្ហា​នេះ​ដែរ​។

​ចំពោះ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ​អ្នក​ចរចា​របស់​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​ដោះដូរ​ឈ្លើយ​សឹក​ទ្រង់ទ្រាយ​ធំ​មួយ ​កាលពី​ថ្ងៃ​ពុធ​ ​ក្នុង​អំឡុង​កិច្ច​ចរចា​សន្តិភាព​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ Abu ​Dhabi​។​ ​ទោះបីជា​នៅ​មាន​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​សំខាន់​ៗ​ផ្សេងទៀត​ក៏​ដោយ​ ​ប្រធានាធិបតី​អ៊ុយក្រែន ​លោក​ Volodymyr ​Zelenskiy ​នៅតែ​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​នឹង​អាច​សម្រេចបាន​លទ្ធផល​ជាក់ស្តែង​ក្នុង​ការ​ដោះស្រាយ​សង្គ្រាម​នៅ​ឆ្នាំ​នេះ​។

ដោយឡែក​ ​ចំពោះ​ស្ថានការណ៍​នៅ​អ៊ីរ៉ង់ ​ប្រធាន​ផ្នែក​សន្តិសុខ​របស់​អ៊ីរ៉ង់ ​លោក​ ​Mohsen Rezaei ​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា​ អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាតឱ្យ​សារធាតុ​នុយ​ក្លេអ៊ែរ​ដែល​បាន​ចម្រាញ់​សូម្បីតែ​បន្តិច​ចាកចេញ​ពី​ប្រទេស​ឡើយ​ ​ហើយ​ប្រសិនបើ​អា​ម៉េរិក​បើក​ការ​វាយប្រហារ​ជា​ថ្មី​ ​នោះ​នឹង​មាន​ផលវិបាក​កើតឡើង​។

​ជា​ការ​ឆ្លើយតប​ ទីក្រុង​វ៉ាស៊ីនតោន​បាន​លើកឡើង​ថា​ ​បញ្ហា​នុយក្លេអ៊ែរ​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ចរចា​សន្តិភាព​ជាមួយ​អ៊ីរ៉ង់ ​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ ៨​ ​ខែ​មក​នេះ​។ ​ទោះជា​យ៉ាងណា ​អាម៉េរិក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មិន​ទាន់​មាន​ភាព​ចាំបាច់​ក្នុង​ការ​បើក​ការ​វាយប្រហារ​យោធា​បន្ថែម​ទៀត​នោះ​ទេ​។

​បន្ថែម​ពី​នេះ​ ​ផលិតកម្ម​ប្រេង​ឆៅ​របស់​ក្រុម​ប្រទេស​ OPE​C+ ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ខែ​តុលា ​ដោយ​អារ៉ាប៊ី​សាអូឌីត​ជា​ប្រទេស​នាំមុខ​ក្នុង​ការ​បង្កើន​ទិន្នផល​ ​ទោះបីជា​ការ​ដឹកជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រ​ ​Hormuz ​នៅតែ​ប្រឈម​នឹង​ការ​រំខាន​ជា​បន្តបន្ទាប់​ក៏ដោយ​។

​សម្រាប់​កម្ពុជា​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ ​មិន​មាន​ន័យ​ថា​តម្លៃ​ប្រេង​សាំង​និង​ប្រេង​ម៉ាស៊ូត​ក្នុង​ស្រុក​នឹង​ធ្លាក់ចុះ​ភ្លាម​ៗ​នោះ​ទេ​។ ​មូលហេតុ​គឺ​កម្ពុជា​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច​ជា​ស្រេច ​ដូចជា​ប្រេង​សាំង​និង​ប្រេង​ម៉ាស៊ូត ​ជា​ជាង​នាំចូល​ប្រេង​ឆៅ​មក​ចម្រាញ់​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​។

​ម្យ៉ាងទៀត​ ​ស្ថានីយ​ប្រេងឥន្ធនៈ​ក្នុង​ស្រុក​នៅ​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​ពីមុន​ ​ហើយ​តម្លៃ​លក់​រាយ​ក៏​ត្រូវ​គិតគូរ​ពី​ថ្លៃ​ដើម​នៃ​ស្តុក​ប្រេង​ចាស់​ ​និង​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​។ ​ដូច្នេះ ​តម្លៃ​ប្រេង​លក់​នៅ​កម្ពុជា​មិន​ចាំបាច់​ប្រែប្រួល​ភ្លាម​ៗ​ស្រប​តាម​ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ពិភពលោក​នោះ​ទេ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា