តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០.៨៨ ភាគរយ មកនៅត្រឹម ១០១ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អារ៉ាប៊ីសាអ៊ូឌីត និង ក្រុមយេម៉ែន Houthi បានវាយប្រហារគ្នាសារជាថ្មី ដែលបង្កឱ្យមានក្តីបារម្ភថា ការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ានឹងបង្កការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលដែលកំពុងតែតានតឹងស្រាប់ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។ ទោះជាយ៉ាងណាក្តី មានសេចក្តីរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីត រកផ្លូវជំនួសផ្សេងទៀតបាន គឺការដឹកជញ្ជូនប្រេងឆៅមួយចំនួនតាមរយៈប្រទេសអូម៉ង់ ទៅកាន់អ្នកទិញនៅអាស៊ី។ វិធីសាស្ត្រនេះជួយកាត់បន្ថយក្ដីព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីបំពង់បង្ហូរប្រេង East-West pipeline ត្រូវបានបិទក្រោយរងការវាយប្រហារពីក្រុម Houthi។ ​បំពង់​បង្ហូរ​ប្រេង​នេះ​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ដឹកជញ្ជូន​ប្រេង​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ច្រក​សមុទ្រ​ ​Hormuz ​ដែល​ជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។ ​ការ​រំខាន​ដល់​ផ្លូវ​ដឹកជញ្ជូន​ទាំងនេះ​បាន​បង្កើន​ក្ដី​ព្រួយបារម្ភ​ថា​ ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​អាច​រង​ផលប៉ះពាល់​ក្នុង​កម្រិត​រហូតដល់​ ៤​ ​ភាគរយ​។

លោក Simon-Peter Massabni ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ XS.com បានលើកឡើងថា ការកែលម្អប្រព័ន្ធដឹកជញ្ជូនសម្រាប់នាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីត បានកាត់បន្ថយការវាយតម្លៃរបស់ទីផ្សារអំពីទំហំផ្គត់ផ្គង់ដែលប្រឈមនឹងហានិភ័យ។ ទោះជាយ៉ាងណាក្តី បណ្តាញផ្គត់ផ្គង់នៅមជ្ឈិមបូព៌ានៅតែងាយរងគ្រោះ ជាពិសេសជុំវិញច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់។ មិនត្រឹមតែប៉ុណ្ណោះ ល្បឿននៃរយៈពេលដែលអារ៉ាប៊ីសាអ៊ូឌីតត្រូវជួសជុលបំពង់បង្ហូរប្រេង East-West pipeline ឡើងវិញក៏ជាកត្តាសំខាន់ផងដែរ។

លោក Massabni បានព្យាករណ៍ថា តម្លៃប្រេងនឹងបន្តមានភាពមិនច្បាស់លាស់ ដោយសារព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយគឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត ដែលកំណត់តម្លៃប្រេងនៅលើទីផ្សារ។ ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតអាចបញ្ជូនប្រេងតាមច្រកផ្សេងៗទៅកាន់នៅអាស៊ីបានដោយរលូន និងអាចជួសជុលបំពង់បង្ហូរប្រេងបានលឿន នោះទីផ្សារនឹងធូរស្រាល ហើយតម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត។ ប្រសិនបើមានការវាយប្រហារ ឬ ការរំខានថ្មីៗកើតឡើងចំពោះការនាំចេញប្រេងនៅមជ្ឈិមបូព៌ា នោះវានឹងជំរុញឱ្យកើនឡើងនូវក្ដីព្រួយបារម្ភនៅក្នុងទីផ្សារ ដែលធ្វើឱ្យតម្លៃប្រេងស្ទុះឡើងថ្លៃវិញភ្លាមៗ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា