តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

បរទេស ៖ តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង ក្រោយស្ងាប់ស្ងាត់អស់រយៈពេលប្រមាណជិត១ខែកន្លងទៅនេះ ហើយជាការឆ្លើយតប អ៊ីរ៉ង់ មិនបង្អង់នោះទេ ក៏បានវាយសន្ធាប់ទៅកាន់មូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅក្នុងប្រទេសហ្ស៊កដានី ។

យោងតាមសេចក្ដីរាយការណ៍ពី Oil Price បានឱ្យដឹងថា ក្រោយការវាយប្រហារសាជាថ្មី បានរុញឱ្យតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៤៧ ភាគរយ ដល់ ៨៥,៤៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ២,៧១ ភាគរយ ពោលគឺដល់ ៩០,៤៩ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កងកម្លាំងអាម៉េរិកបានវាយប្រហារលើប្រព័ន្ធបាញ់រ៉ុក្កែតចំនួនពីររបស់អ៊ីរ៉ង់នៅលើកោះ Larak ដែលស្ថិតនៅក្នុងច្រកសមុទ្រ Hormuz។

អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលអាម៉េរិក (CENTCOM) បានរាយការណ៍ថា ការវាយប្រហារនេះកើតឡើងបន្ទាប់ពីឃើញកងទ័ពអ៊ីរ៉ង់រៀបចំបាញ់រ៉ុក្កែតផ្ទុកមីនទម្លាក់ចូលទៅក្នុងច្រកសមុទ្រ Hormuz។ ភាគីអាម៉េរិក CENTCOM បានលើកឡើងថា សកម្មភាពរបស់ខ្លួនមានហេតុផលច្បាស់លាស់ និងមានកម្រិតប៉ុណ្ណោះ ដើម្បីប្រឆាំងនឹងកងទ័ពអ៊ីរ៉ង់ដែលត្រៀមនឹងបាញ់ទម្លាក់មីនចូលសមុទ្រ។

ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាម៉េរិក អ៊ីរ៉ង់ បានវាយបកទៅវិញដោយបាញ់មីស៊ីលផ្លោង និងដ្រូន សំដៅលើទីតាំងយោធាអាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី។ នៅព្រឹកថ្ងៃចន្ទនេះដែរ កងយោធាហ្ស៊កដានី ថ្លែងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនស្ទាក់ចាប់ និងកម្ទេចមីស៊ីលចំនួន ៨ គ្រាប់ដែលហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន។ បន្ទាប់មក កងទ័ពអ៊ីរ៉ង់ក៏ទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងយន្តហោះចម្បាំងរបស់មូលដ្ឋានទ័ពអាម៉េរិកចំនួនពីរក្នុងប្រទេសហ្ស៊កដានីមែន ជាមួយនឹងការព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការវាយប្រហារថ្មីៗរបស់អាម៉េរិក។

សូមជម្រាបថា ស្ថានភាពតានតឹងនេះបានធ្វើឱ្យទីផ្សារប្រេងធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ដូចពេលមុនៗ ដោយកំពុងតាមដានថា តើការកើនឡើងកម្ដៅនេះនឹងអាចគ្រប់គ្រងបាន ឬបង្កជាការរំខានដល់ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រ ? ទោះជាយ៉ាងណាក្ដី ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រនេះនៅតែមានកម្រិតទាបបំផុតបើប្រៀបធៀបទៅនឹងកម្រិតមុនពេលមានសង្គ្រាម។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងមួយថ្ងៃមាននាវាដឹកទំនិញប្រហែល ៥ គ្រឿងប៉ុណ្ណោះឆ្លងកាត់ច្រក Hormuz។ កត្តារួមផ្សំដែលធ្វើឱ្យចរាចរណ៍នាវាមានកម្រិតតិចតួច ដោយសារការវាយប្រហារលើនាវាដឹកជញ្ជូន ការបិទខ្ទប់របស់អាម៉េរិក និងការប៉ងទម្លាក់មីនពីសំណាក់កងទ័ពអ៊ីរ៉ង់ ដែលកំពុងបង្ហាញថា ហានិភ័យភូមិសាស្ត្រនយោបាយនឹងបន្តជំរុញតម្លៃប្រេងឡើងថ្លៃថែមទៀត៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា