​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​

​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​

​ភ្នំពេញ​៖​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​ទទួល​ក្រុមហ៊ុន​ SchneiTec ​Jupiter ​Co​.​,​ Ltd​. ​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ​ដោយ​អាច​កៀរ​គរ​ទុន​រយៈពេល​វែង​បាន​ប្រមាណ​ ​១០០​ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​។

ពិធី​ចុះ​បញ្ជី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​នៅ​អគារ​ផ្សារ​មូលបត្រ​កម្ពុជា ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ ​សាហ៊ីប ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​X​avier ​Bettel ​ឧប​នាយក​រដ្ឋមន្ត្រី​លុច​សំបួរ​ ​និង​តំណាង​អង្គទូត ​ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ ​និង​តំណាង​វិស័យ​ឯកជន​ជា​ច្រើន​រូប​។

​លោក​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ សាហ៊ីប បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ក្រុមហ៊ុន​ SchneiTec ​Jupiter ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត​ ​ហេង​ ​សុជាតិ ​ដែល​បាន​ខិតខំ​បំពេញ​តាម​លក្ខខណ្ឌ​ ​និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ ​រហូត​សម្រេចបាន​ការ​កៀរគរ​ទុន​រយៈពេល​វែង​ប្រមាណ​ ​១០០​ លាន​ដុល្លារ​អាម៉េរិក​ ​តាមរយៈ​ការ​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។

​លោក​បាន​គូសបញ្ជាក់​ថា​ ​ពិធី​ចុះ​បញ្ជី​នេះ​មាន​សារៈសំខាន់ ​ដោយ​បង្ហាញ​ពី​ការ​រួមបញ្ចូលគ្នា​រវាង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​បៃតង ​និង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។

​លោក​បាន​បន្ត​ថា​ ​ការ​សម្រេចបាន​គោលដៅ​ទាំងនេះ​តម្រូវឱ្យ​មាន​ការ​វិនិយោគ​ក្នុង​ទំហំ​ធំ ​ខណៈ​ដែល​ប្រភព​ថវិកា​រដ្ឋ​តែ​មួយ​មុខ​មិន​អាច​បំពេញ​តម្រូវការ​ទាំងអស់​បាន​ឡើយ​។ ​ក្នុង​ន័យ​នេះ​ ការ​កៀរគរ​ទុន​ពី​វិស័យ​ឯកជន​តាមរយៈ​ទីផ្សារ​មូលធន ​ជាពិសេស​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​តាម​វិស័យ​ ​(​Thematic ​Bonds​)​ ​គឺជា​ដំណោះស្រាយ​សមស្រប​សម្រាប់​ការ​តភ្ជាប់​ប្រភព​ទុន​រយៈពេល​វែង​ទៅកាន់​គម្រោង​ដែល​មាន​ផលវិជ្ជមាន​លើ​បរិស្ថាន ​និង​សង្គម​។

​លោក​បណ្ឌិត​សភា​ចារ្យ​បាន​បន្ថែម​ថា​ ​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​របស់​ SchneiTec ​Jupiter ​មិន​ត្រឹមតែ​ជា​ការ​កៀរគរ​ទុន​របស់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​ការ​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​បៃតង​ ​តាមរយៈ​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់​ ការ​បង្កើត​ការងារ​បៃតង ​និង​ការ​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​លោក​ ​X​avier ​Bettel ​ឧប​នាយករដ្ឋមន្ត្រី​លុច​សំបួរ​ ​បាន​មានប្រសាសន៍​ថា ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​សកល​សម្រាប់​ឧបករណ៍​សញ្ញាបណ្ណ​ប្រកប​ដោយ​ចីរភាព​ ​រដ្ឋាភិបាល​លុច​សំបួរ​មាន​សេចក្តី​សោមនស្ស​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នៅ​កម្ពុជា​ តាមរយៈ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ​(​GGGI​)​ ​ដែល​បាន​ផ្សារភ្ជាប់​មហិច្ឆតា​ថាមពល​ស្អាត​របស់​កម្ពុជា​ទៅ​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​។

​លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​នេះ​នឹង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ដល់​ធុរជន ​និង​វិនិយោគិន​ក្នុង​ការ​ចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​ដែល​កំពុង​រីកចម្រើន​របស់​កម្ពុជា​។

​ចំណែក​លោក​ Derek ​Yip ​ឯក​អគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​សេចក្តី​សោមនស្ស​ដែល​បាន​សហការ​ជាមួយនិយ័តករ​មូលបត្រ​កម្ពុជា​ ​(​SERC​)​ ​ក្នុង​ការ​រៀបចំ​ក្របខណ្ឌ​បទប្បញ្ញត្តិ​សម្រាប់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​បាន​ចូលរួមចំណែក​ក្នុង​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

​លោក​បាន​លើកទឹកចិត្ត​ដល់​ធុរជន​ ​និង​វិនិយោគិន​កាន់តែ​ច្រើន​ឱ្យ​អនុវត្ត​តាម​គំរូ​នេះ​ តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​ ​សន្តិសុខ​ថាមពល ​និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

​លោក​ ស៊ូ ​សុជាតិ ​អគ្គ​នាយក​និយ័ត​ករ​មូលបត្រ​កម្ពុជា ​បាន​លើកឡើង​ថា​ ការ​អភិវឌ្ឍ​បៃតង​គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ការ​លើកកម្ពស់​គុណភាព​បរិស្ថាន ​និង​សន្តិសុខ​ថាមពល​ជាតិ​។ ​លោក​បន្ត​ថា​ ​ការ​ចុះបញ្ជី​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​របស់​ក្រុមហ៊ុន​ SchneiTec ​Jupiter ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ ​ដែល​រួមចំណែក​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១ ​និង​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ​តាមរយៈ​ការ​លើកកម្ពស់​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ ​និង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​អគ្គិសនី​។

​លោក​ ​ហុង ​សុហួរ​ ​អគ្គ​នាយក​ផ្សារ​មូលបត្រ​កម្ពុជា ​បាន​ជម្រាប​ជូន​អង្គ​ពិធី​ថា​ ​សមិទ្ធផល​នេះ​បង្ហាញ​ពី​ការ​បន្ត​បំពេញ​បេសកកម្ម​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​កៀរគរ​ទុន​រយៈពេល​វែង​របស់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ក្នុង​ស្រុក​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម ​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ស្អាត ​និង​ប្រកបដោយ​ចីរភាព​ជូន​ប្រជា​ពលរដ្ឋ ​ព្រមទាំង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​លោក​ក៏​បាន​ស្វាគមន៍​សហគ្រាស​ធុន​តូច ​និង​មធ្យម​ក្នុង​ស្រុក​ ​ព្រមទាំង​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​សក្តានុពល ​និង​បំពេញ​លក្ខខណ្ឌ​ចុះបញ្ជី​ ឱ្យ​ចូលរួម​ប្រើប្រាស់​ទីផ្សារ​មូលធន​ដើម្បី​កៀរ​គរ​ទុន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ដោយឡែក ​លោក​បណ្ឌិត​ ​ហេង​ ​សុជាតិ​ ​អគ្គ​នាយក​ក្រុមហ៊ុន​ SchneiTec ​Jupiter ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​និយ័តករ​មូលបត្រ​កម្ពុជា​ ផ្សារ​មូលបត្រ​កម្ពុជា​ ​រដ្ឋាភិបាល​អូស្ត្រាលី ​និង​ដៃគូ​ពាក់ព័ន្ធ​នានា ​ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​ឆ្ពោះទៅ​សម្រេចបាន​សមិទ្ធផល​នេះ​។ ​លោក​បាន​លើកឡើង​ថា​ ​សញ្ញា​បណ្ណ​នេះ​បង្ហាញ​ពី​របៀប​ដែល​ហិរញ្ញប្បទាន​ប្រកបដោយន​វានុវត្តន៍​អាច​ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត​ទ្រង់ទ្រាយ​ធំ​ ​ទន្ទឹម​នឹង​ការ​រួមចំណែក​ដល់​សន្តិសុខ​ថាមពល ​និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។

​ក្នុង​ឱកាស​នោះ​ ​លោក​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ សា​ហ៊ីប ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​មូលបត្រ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ​រឹង​មាំ ​មាន​តម្លាភាព​ ​និង​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ ​តាមរយៈ​យុទ្ធសាស្ត្រ​ស្នូល​ចំនួន​៥ រួម​មាន​៖ ការ​ពង្រឹង​ក្របខណ្ឌ​គតិយុត្ត ​និង​អភិបាលកិច្ច​សាជីវកម្ម​ឱ្យ​ស្រប​តាម​ឧត្តមានុវត្តន៍​អន្តរជាតិ​ ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ហិរញ្ញវត្ថុ​ ​និង​ហិរញ្ញវត្ថុ​បៃតង​ ការ​លើកទឹកចិត្ត​ក្រុមហ៊ុន​បោះផ្សាយ ​និង​ពង្រីក​មូលដ្ឋាន​វិនិយោគិន ការ​ជំរុញ​បរិវត្ត​កម្ម​ឌីជីថល ​និងន​វានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ​។

ការ​ចុះបញ្ជី​សញ្ញា​បណ្ណ​នេះ​ ​គឺជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រីក​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​ស្អាត ​ស្រប​តាម​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ​និង​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា