តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន ដែលធ្វើឱ្យតម្រូវការផ្លែឈើមានការកើនឡើងយ៉ាងខ្លាំង ហើយតម្លៃក៏កើនឡើងដូចគ្នា។

Advertisement

តាមការកត់សម្គាល់ ផ្លែឈើស្រស់ដែលប្រជាពលរដ្ឋខ្មែរនិយមរៀបចំជាគ្រឿងរណ្ដាប់សែនទទួលទេវតាឆ្នាំថ្មី រួមមានដូចជា ផ្លែចេកនួន ឬចេកណាំវ៉ា ផ្លែមៀន ក្រូចថ្លុង, ក្រូចឃ្វិច, ប៉ោម,(ចាំបាច់)ផ្លែសិរមាន់, ផ្លែគុយ, ម្នាស់ ទំពាំងបាយជូរ និងឪឡឹកជាដើម ដែលផ្លែឈើទាំងនេះពលរដ្ឋខ្មែរមានជំនឿថាតំណាងឱ្យសេចក្តីសុខ ភាពចម្រុងចម្រើន និងលាភសំណាង ។

អ្នកស្រី ចេង ជា អ្នកលក់ផ្លែឈើនៅផ្សារអូរឫស្សីបាននិយាយថា ជាទូទៅ ផ្លែមៀនដែលដាក់លក់នៅលើទីផ្សារមានប្រភពមកពីបរទេសផង និងក្នុងស្រុកផង ប៉ុន្តែអ្នកស្រីលក់តែផ្លែមៀនក្នុងស្រុកដែលយកមកពីកោះក្របី និងផ្លែមៀនប៉ៃលិនប៉ុណ្ណោះ ពីព្រោះជាកសិផលខ្មែរ ដាំដោយកសិករខ្មែរ និងងាយស្រួលលក់ខ្លាំងក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរតែម្ដង ។ចំណែកផ្លែឈើដទៃ អ្នកស្រីក៏មានលក់ដែរ ដូចជា ផ្លែចេក ឪឡឹក ផ្លែប៉ោម សារី ក្រូច ផ្លែទទឹម ផ្ញៀវ និងម្នាស់ ជាដើម។

លោក សា មៀន អាជីវករលក់ផ្លែមៀនបោះដុំនៅផ្សារនាគមាស បានប្រាប់ថា នៅក្នុងខែនេះ មៀនកោះក្របីទទួលបានផលតិចតួចណាស់ ប៉ុន្តែក៏នៅតែមានលក់សម្រាប់បុណ្យចូលឆ្នាំខ្មែរដែរ ។ ដោយឡែក ការលក់មានតម្លៃខុសគ្នា ដោយមៀនកោះក្របីមានតម្លៃថ្លៃជាងមៀនមកពីតំបន់ផ្សេង​ ខណៈដែលមៀនយកពីខេត្តដទៃ ដូចជា ខេត្តបាត់ដំបងជាដើម លក់បោះដុំ​ក្នុងមួយថង់ទម្ងន់ ៧ គីឡូក្រាម មានតៃម្ល ៩ម៉ឺនរៀល និងមួយប្រភេទទៀតសំបកពណ៌ស ក្នុងមួយថង់ ទម្ងន់ ១០គីឡូក្រាម មានតម្លៃ​ ៨ម៉ឺនរៀល ហើយសម្រាប់អាជីវករទិញយកទៅលក់បន្តមានឱកាសចំណេញបានគួរសម។​

អ្នកស្រី ចិន្តា អ្នកលក់ផ្លែឈើគ្រប់មុខនៅផ្សារ៧មករា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការលក់ផ្លែឈើត្រៀមចូលឆ្នាំខ្មែរ នៅតូបរបស់អ្នកស្រីមានផ្លែឈើច្រើនមុខ​​ ហើយតម្លៃលក់ចេញក៏ប្រហាក់ប្រហែលតូបដទៃទៀដែរ ដូចជា ចេកណាំវ៉ា មួយស្និត​ ៥០០០រៀល, ចេកពងមាន់ ៧០០០ ទៅ ៨០០០រៀល , ផ្លែមៀនប៉ៃលិន ជាង ១៣០០០រៀល , ឪឡឹក មួយគីឡូជាង១០០០រៀល, ក្រូចលឿង ប៉ោម, សារី មានតម្លៃប្រហាក់ប្រហែលគ្នា​ ប្រមាណ ៨០០០រៀលប៉ុណ្ណោះ ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា