ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

​ភ្នំពេញ​៖ ​ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​ ​ដូច្នេះ​ការ​រៀបចំ ​និង​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពី​មួយ​ទៅ​មួយ​ ​មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ​និង​ទេសចរណ៍​។

​ឯក​ឧត្តម​ ​សាយ ​សំអាល់ ​បាន​មានប្រសាសន៍​ថា​ ​តំបន់​សមុទ្រ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ ​ខណៈ​តំបន់​ភ្នំ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ ​កសិកម្ម ​និង​កសិ​-​ឧស្សាហកម្ម​។ ​ដូច្នេះ​ ​ការ​គិត​គូរ​ពី​សក្ដានុពល​របស់​ខេត្ត​នីមួយ​ៗ និង​ការ​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ទាំងនោះ​ ​គឺជា​ចំណុច​សំខាន់​សម្រាប់​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ​។

​ឯកឧត្តម ​បាន​លើក​ឧទាហរណ៍​ថា​ ​នៅ​តំបន់​សមុទ្រ​ ​ដែល​មាន​ខេត្ត​កំពត ​កែប ​ព្រះសីហនុ ​និង​កោះ​កុង ​រាជ​រដ្ឋាភិបាល​បាន​សាងសង់​ផ្លូវ​តភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​វិនិយោគិន ​និង​ទេសចរ ​ព្រមទាំង​ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​។

​ឯកឧត្តម ​បន្ត​ថា​ ​ក្រៅ​ពី​ការ​តភ្ជាប់​រវាង​ខេត្ត​ ​ក៏​ត្រូវ​បន្ត​សាងសង់​ផ្លូវ​តភ្ជាប់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ទៀត​នៅក្នុង​ខេត្ត​នីមួយ​ៗ​ផងដែរ​ ព្រោះ​នៅពេល​ទេសចរ​ទៅលេង​ខេត្ត​មួយ​ ​ពួក​គេ​អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​។ ​ប្រសិនបើ​ការ​តភ្ជាប់​ផ្លូវ​មិន​ល្អ ​នោះ​ការ​ធ្វើដំណើរ​របស់​ទេសចរ​ក៏​នឹង​ជួប​ការ​លំបាក​។​

​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​មានប្រសាសន៍​ថា​ ​ការ​តភ្ជាប់​ផ្លូវ​នេះ​មិន​គួរ​ផ្តោត​តែ​លើ​តំបន់​សមុទ្រ​នោះ​ទេ​ ​ប៉ុន្តែ​តំបន់​ភូមិភាគ​ឦសាន ​និង​តំបន់​ជុំវិញ​ទន្លេ​សាប ​ក៏​ត្រូវការ​ផ្លូវ​តភ្ជាប់​បន្ថែម​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ផងដែរ​។

​ឯកឧត្តម ​បាន​បញ្ជាក់​ថា​ រាល់​ពេល​មាន​បុណ្យ​ជាតិ​ធំ​ៗ​ ​ផ្លូវ​នានា​មាន​ការ​កកស្ទះ​ខ្លាំង ​និង​ត្រូវ​ចំណាយ​ពេល​ធ្វើដំណើរ​យូរ​ជាង​ថ្ងៃ​ធម្មតា​។ ​ដូច្នេះ​ ​ប្រសិនបើ​មិន​គិតគូរ​ពី​ការ​សាងសង់​ផ្លូវ​ថ្មី​ៗ ​និង​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​ទេ ​នោះ​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​របស់​ទេសចរ​។

​ឯក​ឧត្តម​ ​សាយ ​សំអាល់ ​បាន​បន្ថែម​ថា​ ​ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រីកចម្រើន ​មិន​មែន​គ្រាន់តែ​ទាក់ទាញ​ទេសចរ​ឱ្យ​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ប្រសើរ​។ ​ឯកឧត្តម​ ​ថា​ ​ការ​និយាយ​ពី​ការ​ដឹកជញ្ជូន​ ​គឺ​មិន​អាច​ដាច់​ពី​ការ​អភិវឌ្ឍ​ផ្លូវបាន​ឡើយ​។

​បច្ចុប្បន្ន​ ​រាជ​រដ្ឋាភិបាល​បាន​សាងសង់ ​និង​ពង្រីក​ផ្លូវ​ជា​បន្តបន្ទាប់​ ​ទាំង​ផ្លូវ​ជាតិ​ដែល​មាន​ស្រាប់ ​និង​ផ្លូវ​ល្បឿន​លឿន​។ ​ជាក់ស្ដែង​ ​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​និង​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ​ខណៈ​អនាគត​នឹង​មាន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​សៀមរាប​ ​និង​បន្ត​ទៅ​ប៉ោយប៉ែត​។​

​គួរ​រម្លឹក​ថា​ ​ក្នុង​ផែនការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ចំណាយ​ថវិកា​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ​បន្ថែម​ទៀត ​ដើម្បី​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស រួម​មាន​ផ្លូវ​ជាតិ​ ​ផ្លូវ​ល្បឿន​លឿន ​និង​ផ្លូវ​ដែក​។

​ជាមួយគ្នា​នេះ​ រាជ​រដ្ឋាភិបាល​ក៏​បាន​កៀរគរ​វិនិយោគិន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ឱ្យ​ចូលរួម​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​នៅ​កម្ពុជា​ ​ហើយ​ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់​ ​ដូចជា​គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេ ​ផ្លូវថ្នល់ ​ផ្លូវ​ជាតិ​ ​និង​ផ្លូវ​ល្បឿន​លឿន ​ជាពិសេស​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា