ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

​ភ្នំពេញ​៖​ ​ទោះ​បី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​តូច ​និង​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដាច់ដោយឡែក​ក៏​ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ ​និង​ទេសចរណ៍​ ​តាមរយៈ​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ​។​

​លោក​ ប៉ែន សុវិជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​កម្ពុជា​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ដាច់ដោយឡែក​ជាមួយ​ប្រទេស​ប៉ូឡូញ​នៅឡើយ​ទេ​ ​ដោយ​គំនិត​ផ្ដួចផ្ដើម ​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ត្រូវ​បាន​អនុវត្ត​រួមគ្នា​ក្រោម​ក្របខ័ណ្ឌ​សហ​ភាព​អឺរ៉ុប​។

​លោក​បាន​ពន្យល់​ថា​ ​ទំនិញ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​រួមគ្នា​នៅ​គ្រប់​ប្រទេស​ជា​សមាជិក​ ​រួមទាំង​ប្រទេស​ប៉ូឡូញ​ផងដែរ​។ ​ដូច្នេះ​ ​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​និង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​វិនិយោគ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កម្រិត​តំបន់​អឺរ៉ុប ​ជា​ជាង​ការ​រៀបចំ​បេសកកម្ម​ដាច់​ដោយឡែក​ទៅកាន់​ប្រទេស​នីមួយ​ៗ​។

​អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ ​កម្ពុជា​មាន​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ប៉ូឡូញ​មួយ​ចំនួន​ ​ប៉ុន្តែ​ទំហំ​សរុប​នៅ​មាន​កម្រិត​តូច​នៅឡើយ​ ​ដោយ​មិន​បាន​បញ្ជាក់​តួលេខ​ជាក់លាក់​នោះ​ទេ​។ ​ទោះជា​យ៉ាងណា ​កម្ពុជា​តែងតែ​ស្វាគមន៍​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា ​ដើម្បី​បង្កើត​ឱកាស​ពាណិជ្ជកម្ម ​និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​។​

​ទោះជា​ពាណិជ្ជកម្ម​នៅ​មាន​ទំហំ​តូច​ក៏​ដោយ​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ​និង​ពង្រីក​ទីផ្សារ​ទេសចរណ៍​ពី​ប្រទេស​ប៉ូឡូញ ​កំពុង​បង្ហាញ​ពី​ឱកាស​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។

​ជាក់ស្ដែង​ ​កាលពី​ដើម​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ​ម៉ាង​ ស៊ីណេត អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ ​និង​ពាណិជ្ជកម្ម​។

​ថ្លែង​ប្រាប់​ AMS នា​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ឡុង ឌីម៉ង់ អភិបាល​រង​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ឱ្យ​ដឹង​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ផ្ដោត​លើ​ប្រទេស​ចំនួន​៣ ​ក្នុង​នោះ​មាន​ប្រទេស​ប៉ូឡូញ​ផងដែរ​។ ​គោល​បំណង​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ​គឺ​ការ​ស្វែងរក​ឱកាស​ពង្រីក​ការ​តភ្ជាប់​ទេសចរណ៍​ ​ខណៈ​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​នឹង​មាន​ជើង​ហោះហើរ​ពិសេស​ប្រភេទ​ ​Charter ​Flight ​ត្រង់​ពី​ទីក្រុង​ប្រាក ​ប្រទេស​ឆែក ​មកកាន់​ខេត្ត​ព្រះសីហនុ ​រហូតដល់​ខែ​មេសា ​ឆ្នាំ​២០២៧​។

​លោក​បាន​ចាត់ទុក​ការ​តភ្ជាប់​ជើង​ហោះហើរ​ពី​ប្រទេស​ឆែក​នេះ​ថា​ ​ជា​សមិទ្ធផល​មួយ​ដែល​អាច​យក​ធ្វើជា​គំរូ​សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ប៉ូឡូញ​ផងដែរ​។ ​ជាមួយគ្នា​នេះ​ ​លោក​បាន​បញ្ជាក់​ថា​ ​អ្នក​វិនិយោគ​ជនជាតិ​ប៉ូឡូញ​កាន់តែ​ច្រើន​ឡើង​កំពុង​ចាប់​អារម្មណ៍​បោះទុន​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​តំបន់​កោះ​រ៉ុង ​និង​កោះ​រ៉ុង​សន្លឹម​ ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​ ឡុង ឌីម៉ង់ ​បាន​លើកឡើង​ថា​ ​គោលបំណង​នៃ​ការ​ចូលរួម​បេសកកម្ម​ទៅកាន់​ប្រទេស​ប៉ូឡូញ ​គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ដៃគូ​ប៉ូឡូញ ​ក្នុង​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍​តាម​គំរូ​ដែល​បាន​អនុវត្ត​ជាមួយ​ប្រទេស​ឆែក ព្រម​ទាំង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ ​និង​វិនិយោគ​របស់​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​ខេត្ត​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទេសចរណ៍​ ​និង​អ្នក​វិនិយោគ ​ដើម្បី​ជំរុញ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ ​Warsaw ​គណៈ​ប្រតិភូ​ខេត្ត​ព្រះសីហនុ​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ ​និង​ទីភ្នាក់ងារ​ជាតិ​ផ្នែក​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​របស់​ប្រទេស​ប៉ូឡូញ ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ ​និង​ជំរុញ​កិច្ច​សហការ​រវាង​វិស័យ​ឯកជន ​និង​វិស័យ​ទេសចរណ៍​។

​ក្រៅ​ពី​នេះ​ ​គណៈ​ប្រតិភូ​ក៏​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ Itaka ​ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​ខ្នាត​ធំ​មួយ​របស់​ប្រទេស​ប៉ូឡូញ​។ ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​រៀបចំ​ឯកសារ​ ​និង​កញ្ចប់​ទេសចរណ៍​មកកាន់​កម្ពុជា​ ស្រដៀង​នឹង​គំរូ​ដែល​បាន​អនុវត្ត​ជាមួយ​ប្រទេស​ឆែក ​សម្រាប់​ឆ្នាំ​២០២៧​។

​លោក​ ឡុង ​ឌីម៉ង់ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​សម្រេចចិត្ត​ចុងក្រោយ​របស់​ក្រុមហ៊ុន​ Itaka ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍​ ​និង​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​ច្បាស់លាស់​នៅក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧​។

​លោក​បន្ត​ថា​ ​ក្រុមការងារ​បាន​ខិតខំ​ទាក់ទាញ​ ​និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកាន់​កម្ពុជា​ ​ដោយ​លោក​មើល​ឃើញ​ថា​ ​មាន​លទ្ធភាព​ខ្ពស់​ដែល​ក្រុមហ៊ុន​នឹង​សម្រេចចិត្ត​នាំ​ភ្ញៀវ​ទេសចរ​មកកាន់​ប្រទេស​កម្ពុជា​។ ​ប្រសិនបើ​គម្រោង​នេះ​សម្រេច​បាន​ វា​នឹង​ក្លាយជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​បើក​ទីផ្សារ​ទេសចរណ៍​ថ្មី​ ​តាមរយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ប្រទេស​ប៉ូឡូញ​មកកាន់​ខេត្ត​ព្រះសីហនុ​។​

ពាក់ព័ន្ធ​នឹង​វត្តមាន​អ្នក​វិនិយោគ​ប៉ូឡូញ​នៅក្នុង​ខេត្ត​ព្រះសីហនុ ​លោក​បាន​បញ្ជាក់​ថា​ ​ភាគ​ច្រើន​ផ្ដោត​លើ​តំបន់​កោះ​រ៉ុង ​និង​កោះ​រ៉ុង​សន្លឹម​។ ​ក្នុង​នោះ​ ​អ្នក​វិនិយោគ​ស្នូល​ប្រមាណ​ ៤​ ​ទៅ​ ៥ នាក់​ ​ឬ​ក្រុមហ៊ុន​ ​កំពុង​បណ្ដាក់​ទុន​លើ​វិស័យ​បដិសណ្ឋារកិច្ច​ ​សណ្ឋាគារ​ រី​សត ​និង​អចលន​ទ្រព្យ​។

​ដោយឡែក​ ​លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នក​វិភាគ​សង្គម ​និង​សេដ្ឋកិច្ច​ ​បាន​មើល​ឃើញ​ថា​ ​ទោះ​បី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​ក៏ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​មាន​សក្ដានុពល​ជា​ច្រើន​សម្រាប់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នា​ពេល​អនាគត​។

​លោក​យល់​ថា​ ​កម្ពុជា​អាច​ដើរ​តួនាទី​ជា​ច្រក​ចូល​មួយ​សម្រាប់​ប្រទេស​ប៉ូឡូញ​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន ​ខណៈ​ប៉ូឡូញ​ក៏​អាច​ជា​ចំណុច​តភ្ជាប់​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រីក​ទីផ្សារ​ទៅកាន់​តំបន់​អឺរ៉ុប​ខាង​កើត​ផងដែរ​។

​លោក​បណ្ឌិត​ ​ជ័យ​ តិច ​បាន​លើកឡើង​ថា ​ដើម្បី​ពង្រីក​ការ​ដោះដូរ​ពាណិជ្ជកម្ម ​ប្រទេស​ទាំង​ពីរ​គួរ​ពិនិត្យ​លើ​សក្ដានុពល​នៃ​ផលិតផល​ ​និង​ឧស្សាហកម្ម​ដែល​អាច​បំពេញ​តម្រូវការ​ទីផ្សារ​របស់​គ្នា​ទៅវិញទៅមក​ ​ដូចជា​ ​សម្លៀកបំពាក់​ ​ស្បែក​ជើង​ ​ផលិតផល​កសិកម្ម​ ​និង​ផលិតផល​កែច្នៃ​ផ្សេង​ៗ​។

​បន្ថែម​ពី​នេះ ​លោក​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ពិចារណា​បង្កើត​បណ្ដាញ​អាជីវកម្ម​រួមគ្នា​ ​ឬ​ឈាន​ទៅ​បង្កើត​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម ​ដើម្បី​ជួយ​សម្របសម្រួល​ទំនាក់ទំនង ​និង​ការ​ផ្គូផ្គង​ដៃ​គូ​អាជីវកម្ម​។ ​ភាគី​ទាំង​ពីរ​ក៏​គួរ​ពិចារណា​លើ​ឱកាស​វិនិយោគ​ក្នុង​បច្ចេកវិទ្យា​កសិកម្ម​ ​ការ​វេច​ខ្ចប់​ ឡូ​ជី​ស្ទិក ​និង​ថាមពល​ក​កើត​ឡើង​វិញ​ផងដែរ​។

​ជាពិសេស ​លោក​បាន​លើកឡើង​ពី​សក្ដានុពល​របស់​ប្រទេស​ប៉ូឡូញ​ក្នុង​ការ​ផលិត​គ្រឿងយន្ត​កសិកម្ម ​ដូចជា​ ​ត្រាក់ទ័រ ​និង​គោយន្ត​ ​ដែល​អាច​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​ ​ជំនួស​ការ​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ថៃ​។ ​ដូច្នេះ​ ​ការ​ជំរុញ​ការ​វិនិយោគ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​គ្រឿងយន្ត​កសិកម្ម​ ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា