ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

​ភ្នំពេញ​៖​ ​ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ​។

Advertisement

​ការ​លើកឡើង​នេះ​ធ្វើឡើង​ដោយ​ ​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ ក្នុង​ពិធី​បើក​វេទិកា ​“​បរធន​បាលកិច្ច​ ​ឆ្នាំ​២០២៦​” ​ដែល​រៀបចំ​ដោយ​និយ័តករ​បរធន​បាលកិច្ច​ ​(​ន.​ប.​ធ.​) ​នៅ​សណ្ឋាគារ​សុខា ​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​៤​ ​ខែសីហា ​ឆ្នាំ​២០២៦​។

​វេទិកា​នេះ​ធ្វើឡើង​ក្រោម​មូលបទ ​“​បរធន​បាលកិច្ច​ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​ ​និង​សមិទ្ធផល​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ​” ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ ​តំណាង​ក្រសួង​-​ស្ថាប័ន​ ​អ្នកជំនាញ​ជាតិ​ ​និង​អន្តរជាតិ​ ​ប្រតិបត្តិករ​ និង​តួអង្គ​ពាក់ព័ន្ធ​ ​ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​ ​ចំណេះដឹង​ និង​បទពិសោធន៍​ ​ព្រមទាំង​កំណត់​ទិសដៅ​បន្ត​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​នៅ​កម្ពុជា​។​

ក្នុង​សុន្ទរកថា​ស្វាគមន៍​ ​ឯកឧត្ដម​ ​សុខ ​ដារ៉ា ​អគ្គ​នាយក​នៃ​ ន​.​ប.​ធ​. ​បាន​បង្ហាញ​ថា​ ​គិត​ត្រឹមត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ បរធន​បាលកិច្ច​ដែល​បាន​បង្កើត​ ​និង​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​មាន​ចំនួន​ ​១,៩៩៧​ ករណី​ ​ជាមួយ​ទំហំ​បរធន​សរុប​ប្រមាណ​ ​២,៦៩១​ ​លាន​ដុល្លារ​អាមេរិក​។

​ក្នុង​ចំណោម​នោះ​ ​មាន​បរធន​បាលកិច្ច​អចលន​វត្ថុ​ចំនួន​ ​១,០២៩​ ករណី​ ​និង​បរធន​បាលកិច្ច​សេវា​រក្សាទុក​ ​ឬ​សេវា​រក្សា​សុវត្ថិភាព​ចំនួន​ ​៨៣៧​ ករណី​។​

ន​.​ប.​ធ.​ ​ក៏​បាន​ផ្ដល់​អាជ្ញាបណ្ណ ​ឬ​ការ​ទទួលស្គាល់​ដល់​ក្រុមហ៊ុន​បរធន​បាល​ចំនួន​ ​១៨​ ​ធនាគារ​ពាណិជ្ជ​ចំនួន​ ​៣០​ ​ជា​ប្រតិបត្តិករ​បរ​ធន​បាល​ផ្ដល់​សេវា​រក្សា​សុវត្ថិភាព​ ​ឬ​សេវា​រក្សាទុក​ បរធន​បាល​រូប​វន្ត​បុគ្គល​ចំនួន​ ​៧៤​ ​រូប​ ក្រុមហ៊ុន​វាយតម្លៃ​ចំនួន​ ​១៩​ ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម​ចំនួន​ ​១៥​។

​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ ​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​បាន​គូសបញ្ជាក់​ថា​ ​ទោះបី​កម្ពុជា​បន្ត​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​តំបន់​ ​និង​សកល​ក៏ដោយ​ ​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​កំណើន​ ​៥,៣​ ​ភាគរយ​ក្នុង​ឆ្នាំ​២០២៥​។ ​សម្រាប់​ឆ្នាំ​២០២៦​ ​កំណើន​សេដ្ឋកិច្ច​ត្រូវបាន​វាយតម្លៃ​ថា​អាច​សម្រេចបាន​ប្រមាណ​ ​៤,១​ ​ភាគរយ ​ដោយសារ​ផលប៉ះពាល់​ពី​ស្ថានភាព​សកល ​ការ​កើន​ថ្លៃ​ប្រេងឥន្ធនៈ​ ​និង​សម្ពាធ​អតិផរណា​។​

ក្នុង​បរិការណ៍​នេះ​ ​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​បាន​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ជួយ​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ តាមរយៈ​ការ​បង្កើន​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ និង​ការ​គ្រប់គ្រង​ហានិភ័យ​។

​ដើម្បី​បន្ត​ពង្រឹង​វិស័យ​នេះ​ ​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​ចំនួន​ ​៥​ ​រួមមាន​ ​ការ​បន្ត​ដាក់​ចេញ​វិធានការ​ជាក់ស្តែង​ និង​ផែនការ​សកម្មភាព​លម្អិត​ ​ព្រមទាំង​ចូលរួម​រៀបចំ​ តាមដាន​ ​និង​វាយតម្លៃ​គោលនយោបាយ​ពាក់ព័ន្ធ​។

​អនុសាសន៍​ទី​២​ ​គឺ​បន្ត​វិនិយោគ​លើ​ការ​ពង្រឹង​សមត្ថភាព​មូលធន​មនុស្ស​ប្រកបដោយ​សមត្ថភាព​ ​សុចរិត​ភាព​ ក្រមសីលធម៌​ ​និង​វិជ្ជាជីវៈ​។ ​ទី​៣​ ​គឺ​រក្សា​ស្តង់ដារ​អនុលោម​ភាព​ ​សុចរិតភាព ​អភិបាលកិច្ច​សាជីវកម្ម​ តម្លាភាព​ ​គណនេយ្យភាព​ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម ​ដើម្បី​ពង្រឹង​ទំនុកចិត្ត​ ​និង​កិច្ចការពារ​វិនិយោគិន​។

​ទី​៤​ ​គឺ​បន្ត​ធ្វើ​ពិពិធកម្ម​ផលិតផល​បរធន​បាលកិច្ច​ឱ្យ​លើស​ពី​បរធន​បាលកិច្ច​អចលន​ទ្រព្យ​ ​និង​បង្ហូរ​ទុន​ទៅកាន់​សហគ្រាស​ក្នុង​ស្រុក​ ​ជាពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ ​ទី​៥​ ​គឺ​បន្ត​ជំរុញ​បរិវត្តកម្ម​ឌីជីថល ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ ​អនុលោម​ភាព​ ​ប្រសិទ្ធភាព​ តម្លាភាព​ ​គណនេយ្យភាព​ ​និង​ទំនុកចិត្ត​របស់​វិនិយោគិន​។

​វេទិកា​នេះ​ក៏​បាន​បង្ហាញ​វីដេអូ​ស្តីពី​សមិទ្ធផល​រយៈពេល​ ​៥​ ​ឆ្នាំ​ក្នុង​វិស័យ​បរធន​បាលកិច្ច​ ​ពិធី​ប្រគល់​ពានរង្វាន់​ និង​បណ្ណ​សរសើរ​ដល់​ប្រតិបត្តិករ​ បុគ្គល​ផ្ដល់​សេវា​ពាក់ព័ន្ធ​ ​ដៃ​គូ​សហប្រតិបត្តិការ​ និង​អង្គភាព​សារព័ត៌មាន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៥​។

​ជាមួយគ្នា​នេះ​ កិច្ចពិភាក្សា​ចំនួន​ ​៤​ ត្រូវបាន​រៀបចំឡើង​ ​ដោយ​ផ្តោត​លើ​គម្រោង​អភិវឌ្ឍ​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ និង​យន្ត​ការ​បរធន​បាលកិច្ច​ក្នុង​ការ​ទាក់ទាញ​វិនិយោគ ​ការ​បង្កើត​បរធន​បាលកិច្ច​គ្រួសារ​ក្នុង​បរិបទ​សង្គម​កម្ពុជា​ ​ការ​គ្រប់គ្រង​ហានិភ័យ​ និង​កិច្ច​គាំពារ​វិនិយោគិន ​ព្រមទាំង​ការ​ចាប់​យក​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​បរធន​បាលកិច្ច​។

​ជា​រួម​ វេទិកា ​“​បរធន​បាលកិច្ច​ ​ឆ្នាំ​២០២៦​” ​បាន​បង្ហាញ​ពី​សមិទ្ធផល​ និង​សក្តានុពល​របស់​វិស័យ​បរធន​បាលកិច្ច​ ​និង​បង្កើត​វេទិកា​សម្រាប់​រាជ​រដ្ឋាភិបាល​ និយ័តករ​ វិស័យ​ឯកជន ​និង​អ្នកជំនាញ ​រួមគ្នា​ផ្លាស់ប្ដូរ​ទស្សនៈ​ និង​ផ្ដល់​អនុសាសន៍​ដែល​អាច​អនុវត្ត​បាន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​ប្រកបដោយ​ភាព​ធន់​ ​ទំនុកចិត្ត​ ​និង​ចីរភាព​៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា