សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ បានលើកឡើងពីសញ្ញាវិជ្ជមាននៃការកើនឡើងផលិតផលក្នុងស្រុក ដោយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ផលិតផលចំនួន ២៦០០មុខ ត្រូវបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម កើនឡើង ១ ១០០មុខ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

សម្តេចធិបតីបានបញ្ជាក់ថា វិស័យ SMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា​ និងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានលើកទឹកចិត្តអភិវឌ្ឍន៍ បង្កើនការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក ក៏ដូចជាបង្កើតទីផ្សារថ្មីៗនៅក្រៅប្រទេស​ ហើយក៏ដើម្បីជួយបង្កើតឱកាសការងារ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងជួយកាត់បន្ថយភាពក្រីក្រផងដែរ។

ដូចទៅនឹងការលើកឡើងរបស់សម្ដេចធិបតី ខាងលើនេះ អ្នកស្រី ហុក ស្រីហួរ ដែលជាស្ថាបនិក និងជាអគ្គនាយិកា សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាន AMS ឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់តែសហគ្រាស ភីភីអេហ្វេ យ៉ាំមី បានបង្កើត និងបង្កើនផលិតផលក្នុងវិស័យឧស្សាហកម្មចំណីអាហារបានរហូតដល់ ៤៣ មុខ ដោយផ្តោតលើសុវត្ថិភាព រសជាតិ អនាម័យ និងស្តង់ដារគុណភាពខ្ពស់ កំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការរស់នៅរបស់អតិថិជនទូទៅ។

អ្នកស្រីបានបន្តថា រាល់ផលិតផលទាំងអស់របស់ ភីភីអេហ្វេ ត្រូវបានផលិតឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «រសជាតិឆ្ងាញ់ មានគុណភាព និងស្តង់ដារខ្ពស់» ដើម្បីធានាបាននូវទំនុកចិត្តពីអតិថិជន ជាពិសេស ការពង្រាយនៅលើទីផ្សារយ៉ាងទូលាយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរកទិញ ផលិតផលគ្រឿងទេសទាំងនេះនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សហគ្រាស ភីភីអេហ្វេ បានប្រកាសដាក់លក់នូវផលិតផលថ្មីៗចំនួន៦ ប្រភេទបន្ថែមទៀត រួមមានដូចជា ទឹកប៉េងប៉ោះ (៥គីឡូក្រាម, ២គីឡូក្រាម), ទឹកប្រេងខ្យង (៥គីឡូក្រាម, ១គីឡូក្រាម), ទឹកម្ទេសផ្អែម (៥គីឡូក្រាម, ៦២០ក្រាម), ទឹកម្ទេសហឹរ (៥គីឡូក្រាម, ២គីឡូក្រាម, ២៦០ក្រាម), ទឹកជ្រលក់ស៊ូគី (៣៩០ក្រាម) និង ម្សៅស៊ុប (៤០០ក្រាម) ក្រោមការចូលរួមអបអរសាទរពីម្ចាស់អាជីវកម្មដែលជាអាជីវករទទួលលក់រាយបន្ត និងអ្នកតំណាងចែកចាយសរុបប្រមាណជាង ៩០នាក់ នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ។

សហគ្រិនស្ត្រីវ័យក្មេងរូបនេះបានបញ្ជាក់ថា ៖ «គ្រប់ផលិតផលរបស់យើងសុទ្ធតែធានាបាននូវគុណភាព រសជាតិ និងអនាម័យ ជាពិសេសតម្លៃលក់រាយនៅលើទីផ្សារមានភាពសមរម្យ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន ហើយបងប្អូនប្រជាពលរដ្ឋអាចរកទិញបាននៅគ្រប់ទីតាំងផ្សារទំនើបជីបម៉ុងទាំងជាង ៥០ទីតាំង, នៅតាមផ្សារ Lucky ជាង១០០ទីតាំង, នៅផ្សារទំនើប AEON ទាំង៣ នៅរាជធានីភ្នំពេញ ហើយក៏មាននៅតាមបណ្តាម៉ាត និងនៅតាមបណ្តាផ្សារប្រពៃណីទូទៅនៅទូទាំងប្រទេសផងដែរ ជាមួយតម្លៃចាប់ពី ៥០០០រៀលឡើងទៅប៉ុណ្ណោះ»។

សូមជម្រាបដែរថា ជាមួយនឹងបទពិសោធន៍នៃកិច្ចដំណើរការកែច្នៃ និងផលិតគ្រឿងទេសក្នុងស្រុកអស់រយៈពេល៥ឆ្នាំកន្លងមកនេះ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមួយនេះក្រៅពីចរាចរណ៍ និងមានវត្តមាននៅតាមទីផ្សារទូទាំងប្រទេស ថែមទាំងបាននាំចេញទៅទីផ្សារអន្តរជាតិជាច្រើនផងដែរ រួមមាន ទីផ្សារប្រទេសជប៉ុន អាម៉េរិក កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសញូវហ្សឺឡែន។ ដោយឡែក នៅពេលដ៏ខ្លីខាងមុខនេះ ផលិតផលគ្រឿងទេសរបស់ សហគ្រាស ភីភីអេហ្វេ នឹងមានវត្តមាននៅក្នុងប្រទេសចិន សិង្ហបុរី កាណាដា បារាំង អាល្លឺម៉ង់ ស្វីស និងចក្រភពអង់គ្លេស៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា