លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

បរទេស ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីថ្ងៃពុធកន្លងទៅនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា ប្រទេសណាដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្តល់ច្រកសង្គ្រោះណាមួយដល់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខផលវិបាកចំពោះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈពេលនេះលោកកំពុងរៀបចំដំណើរការទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែម ឬដាក់ឈ្មោះប្រទេសណាមួយនៅឡើយ។ សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីបទឈប់បាញ់រយៈពេល ៦០ ថ្ងៃជាមួយអ៊ីរ៉ង់បានផុតកំណត់កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ ចំណាត់ការចុងក្រោយរបស់លោក ត្រាំ គឺជាការពង្រីកយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចដែលចាប់ផ្តើមតាំងពីខែមេសាមកម្ល៉េះ ដើម្បីដាក់ទណ្ឌកម្មលើធនាគារ ឬ ក្រុមហ៊ុនបរទេសណាដែលធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់។

យ៉ាងណាក៏ដោយ បើទោះបីជាលោក ត្រាំ មិនសរសេរឈ្មោះប្រទេសចិនចំៗនៅក្នុងសាររបស់លោកក៏ពិតមែន ប៉ុន្តែនៅចំពោះមុខ ចិន គឺជាអ្នកទិញប្រេងធំជាងគេពីអ៊ីរ៉ង់ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងតេអេរ៉ង់។ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅក្នុងកុម្ភៈមក ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងឯកជនខ្នាតតូចមួយចំនួន ដែលភាគច្រើនមានមូលដ្ឋាននៅខេត្តសានតុង ភាគខាងកើតប្រទេសចិន។

សេចក្ដីប្រកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីអារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្តោះអាសន្ន ក្រោយមានមីស៊ីលផ្លោងពីរគ្រាប់បាញ់ចូលដែនទឹករបស់ខ្លួន។ បន្ទាប់ពីការប្រកាសរបស់អារ៉ាប់រួម កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានព្រមានប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រកុំឱ្យផ្តល់ការគាំទ្រដល់យោធាអាម៉េរិក ដែលនឹងត្រូវចាត់ទុកជាការឃុបឃិត។

សូមបញ្ជាក់ថា ថ្មីៗនេះ ភាពតានតឹងរវាងអាម៉េរិក​ និងអ៊ីរ៉ង់ កាន់តែឡើងកម្តៅ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នផុតកំណត់។ អាម៉េរិកបានគំរាមដាក់សម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់ធ្ងន់ធ្ងរ ខណៈដែលទីក្រុងតេអេរ៉ង់​នឹង​ផ្លាស់ប្តូរ​ទៅកាន់​គោលជំហរ​យោធា​វាយប្រហារ​ពេញ​ទំហឹង។ នាដើមសប្តាហ៍នេះ លោក ត្រាំ ក៏បានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ផងដែរ បើទោះបីជាសម្ព័ន្ធមិត្តអាម៉េរិកក៏ដោយ ប្រសិនបើប្រទេសនេះរារាំងដល់កិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់។ យ៉ាងណាក៏ដោយ ស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពនៅតែមានសញ្ញាមិនច្បាស់លាស់ វាកាន់តែបង្កការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍នៅច្រកសមុទ្រ Hormuz និងធ្លាក់ចុះនៃចំនួននាវាឆ្លងកាត់ ហើយភាពតានតឹងនេះរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទកន្លងទៅនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា