តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

​ភ្នំពេញ​៖​ ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បានឱ្យដឹងថា តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​។ ទន្ទឹម​នឹង​នេះ​ ហានិភ័យ​ទឹកជំនន់​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ ​និង​ជំរុញ​ឱ្យ​តម្លៃ​ពង​ទា​កើនឡើង​បន្ថែម​ទៀត​។

​លោក​ ស្រ៊ុន​ ពៅ​ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ​ថា​ ​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ ​ស៊ុត​មាន់ ​និង​ស៊ុត​ទា​មាន​តម្រូវការ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​។ ​លោក​បញ្ជាក់​ថា​ ពង​ទា​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង ​និង​មាន​តម្លៃ​ខ្ពស់​ជាង​ពង​មាន់​បន្តិច ​ដោយសារ​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ ​បង្អែម​ផ្សេង​ៗ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​ការ​បញ្ជា​ទិញ​ក្នុង​បរិមាណ​ច្រើន​ក្នុងពេល​តែ​មួយ​បាន​ធ្វើឱ្យ​តម្លៃ​ពង​ទា​នៅ​តាម​តំបន់​មួយចំនួន​ប្រែប្រួល​ឡើង​បន្តិចបន្តួច​។ ​លោក​បន្ថែម​ថា​ ​តម្រូវការ​កើនឡើង​ក្នុង​អំឡុងពេល​បុណ្យ​នេះ​អាច​ធ្វើឱ្យ​តម្លៃ​បន្ត​ឡើង​ថ្លៃ ប្រសិនបើ​ការ​ផ្គត់ផ្គង់​មិន​អាច​ឆ្លើយតប​បាន​គ្រប់គ្រាន់ ​ដោយសារ​ហានិភ័យ​ទឹកជំនន់​អាច​រំខាន​ដល់​ការ​ប្រមូល ​និង​ផ្គត់ផ្គង់​ពង​ទា​។

តាម​លោក​ ស្រ៊ុន ពៅ​ ​បច្ចុប្បន្ន​ ពង​ទា​មាន​តម្លៃ​លក់​ដុំ​ប្រមាណ​ ៤៥០​ ​ទៅ​ ៥០០​ រៀល​ក្នុង​មួយ​គ្រាប់​ ​និង​តម្លៃ​លក់​រាយ​ប្រមាណ ​៦០០​ ​ទៅ​ ៧០០​ រៀល​ក្នុង​មួយ​គ្រាប់​។

​ផ្អែក​តាម​ការ​សង្កេត​ទីផ្សារ ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ពង​ទា​ស្រស់​ ​ពង​ទាប្រៃ ​និង​ពង​ទា​កូនសុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​។ ​គ្រួសារ​ខ្មែរ​ជា​ច្រើន​និយម​ទិញ​ពង​ទា​ស្រស់​សម្រាប់​ចម្អិន​ម្ហូប ដូចជា​ ខ​សាច់​ជ្រូក​ពង​ទា ​និង​ពង​ទា​ចៀន ​ដើម្បី​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ ​និង​រាប់បាត​នៅ​វត្ត​។

​ចំណែក​ពង​ទាប្រៃ​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿងផ្សំ​សម្រាប់​ធ្វើ​នំ​អន្សម​ជ្រូក​ នំកា​តំ ​និង​នំ​ប្រពៃណី​ផ្សេង​ៗ​ទៀត​។ រី​ឯ​ពង​ទា​កូន​នៅតែ​ជា​អាហារ​សម្រន់​ពេញនិយម​សម្រាប់​ការ​ជួបជុំគ្រួសារ​ ​មិត្តភក្តិ ​និង​អ្នក​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​។​

​ចំពោះ​ការ​ចិញ្ចឹម​ទាយក​ពង​ ​អ្នក​ស្រី​ ហម​ ឡេក​ ក​សិករ​រស់នៅ​ភូមិ​ស្យា​អំពិល​ ​ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម ​ដែល​ចិញ្ចឹម​ទាពង​ប្រមាណ​ ២​.​០០០ ​ក្បាល​ ​បាន​ឱ្យ​ដឹង​ថា​ របរ​នេះ​អាច​រក​ចំណូល​បាន​ពី​ ​៣០​ ម៉ឺន​ទៅ​ ​៣៥​ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​តាមរយៈ​ការ​ប្រមូល​ពង​ទា ​ទាំង​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ​និង​ថ្ងៃ​ធម្មតា​។

​ដោយឡែក ​លោក​ ​នាង​ និស្ស័យ​ កសិករ​រស់នៅ​ភូមិខ្ចាស់​ ​ឃុំខ្ចាស់​ ​ស្រុក​សូទ្រនិគម ​ខេត្ត​សៀមរាប​ ​ដែល​ចិញ្ចឹម​ទា​ ​២​.​៧០០​ ​ក្បាល​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អាច​ប្រមូល​ពង​ទា​បាន​ប្រមាណ​ ​២​.​៤០០​ ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ​ដោយ​លក់​ក្នុង​តម្លៃ​ពី​ ​៣៥០ ​ទៅ​ ​៤០០​ រៀល​ក្នុង​មួយ​គ្រាប់​ ទាំង​នៅ​ថ្ងៃ​ធម្មតា​ ​និង​ក្នុង​រដូវ​បុណ្យ​។

ការ​កើនឡើង​នៃ​តម្រូវការ​ពង​ទា​ក្នុង​រដូវ​បុណ្យ​ប្រពៃណី​នេះ​ ​ផ្តល់​ឱកាស​ដល់​កសិករ​ចិញ្ចឹម​ទា ​និង​អាជីវករ​លក់​ដុំ​-​រាយ​ក្នុង​ការ​បង្កើន​ការ​លក់​។ ​ជាមួយគ្នា​នេះ​ ការ​បញ្ជា​ទិញ​ផលិតផល​ក្នុង​ស្រុក​ក៏​ជួយ​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ​និង​បង្កើត​ចំណូល​សម្រាប់​គ្រួសារ​កសិករ​នៅ​តាម​ជនបទ​ផងដែរ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា