បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុណ្យអុំទូក ៣ថ្ងៃ ទេសចរក្នុងស្រុក​ហក់ឡើងជាង ៣លាននាក់ បានពញ្ញាក់ចរន្ដសាច់ប្រាក់ខ្លាំងក្លាភ្លាមៗ ទៅដល់សហគមន៍

បុណ្យអុំទូក ៣ថ្ងៃ ទេសចរក្នុងស្រុក​ហក់ឡើងជាង ៣លាននាក់ បានពញ្ញាក់ចរន្ដសាច់ប្រាក់ខ្លាំងក្លាភ្លាមៗ ទៅដល់សហគមន៍

ភ្នំពេញ ៖ រយៈពេល​ ៣ថ្ងៃ នៃឱកាសឈប់សម្រាកក្នុង​ព្រះរាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ​២០២៦ មាន​ភ្ញៀវទេសចរជាតិសរុប ៣ ២៥០ ៩៣៧នាក់/ដង និង​ភ្ញៀវទេសចរបរទេសចំនួន ៤១ ៨១៣នាក់/ដង​ ចេញដើរលេងកម្សាន្តដែល​តួលេខ​នេះបាន​កើនឡើង ៣៧,៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​ទើបចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា នេះ។

អ្នកនាំពាក្យ​របស់​ក្រសួង​ទេសចរណ៍ ឯកឧត្ដម តុប សុភ័ក្ដ្រ បានឱ្យដឹង​តាម​រយៈ​បណ្ដាញ​សារព័ត៌មាន AMS ថា បើ​ទោះ​បី​ជា​ក្រសួង​មិន​បាន​សិក្សា​លម្អិត​​លើ​ទំហំ​ចំណាយ​ថវិកា​របស់​ទេសចរម្នាក់ៗនៅ​អំឡុង​ពេល​បុណ្យ​អុំទូក​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា កន្លង​មក​នេះ ប៉ុន្ដែ​សកម្មភាព​ដើរកម្សាន្ដ និង​ទេស​ចរណ៍​ទាំង​ ៣ថ្ងៃ​នេះ បាន​បង្កើត​​ជាចរន្ដ​សេដ្ឋកិច្ច​ក្នុង​ស្រុក​យ៉ាង​ធំ។

យោង​តាម​របាយការណ៍​ដដែល រាជធានី/ខេត្ដ​ចំនួន ៥ បានទទួល​​ភ្ញៀវ​ទេសចរច្រើន​ជាង​គេ ក្នុង​នោះ រាជធានីភ្នំពេញ ឈរ​នៅ​លំដាប់​លេខរៀង​ទី១ ទទួល​បាន​ភ្ញៀវ ៥៦៨ ៤៤១នាក់/ដង ទី២ ខេត្ដ​កំពត ទទួល​បាន ៤១២ ៦៦៨នាក់/ដង ខេត្ដ សៀមរាប ទទួល​បាន ៤០៣ ៥១៧នាក់/ដង ខេត្ដ​ព្រះសីហនុ ទទួល​បាន ៣៤២ ៩៦២នាក់/ដង និងឈរ​នៅ​លេខរៀងទី៥ គឺ​ខេត្ដតាកែវ ទទួល​បាន​ភ្ញៀវ​ទេសចរ ៣០៤ ៧០៥នាក់/ដង។

បើ​គិត​ក្នុង​ន័យ​សេដ្ឋកិច្ច​ ចេញ​ពី​ដំណើរកម្សាន្ដ និង​ទេសចរណ៍របស់​ពលរដ្ឋ​ទាំងជាង ៣លាន​នាក់/ដង នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​មន្ដ្រី​ក្រសួង​ទេសចរណ៍មើល​ឃើញ​ថា វា​បាន​ពញ្ញាក់ចរន្ដ​សេដ្ឋកិច្ចជាតិខ្លាំងក្លា ហើយ​អ្នក​ផ្ដល់​សេវា​ទាំង​ប្រយោល និង​ដោយ​ផ្ទាល់​សុទ្ធតែ​ទទួល​បាន​ផល​ភ្លាមៗ។ ប៉ុន្ដែ​មន្ដ្រី មិន​អាច​បញ្ជាក់​ពី​ទំហំ​សេដ្ឋកិច្ច ឬការចំណាយជាក់លាក់របស់ពលរដ្ឋម្នាក់ៗ​ក្នុង​សកម្មភាពទេសចរ​ណ៍នេះដោយ​គ្រាន់​តែផ្អែក​លើ​តួលេខ ឬ​មើល​លើ​សកម្មភាព​មនុស្សច្រើន​កុះករ​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗនោះទេ​។

មិន​អាច​បង្ហាញ​តួលេខនៃ​ទំហំសេដ្ឋកិច្ច ឬ​ការ​ចំណាយ​របស់​ពលរដ្ឋ​ម្នាក់ៗ​ក្នុង​អំឡុង​ពេល​បុណ្យអំុទូក​នេះ ក៏​ព្រោះ​តែពុំ​មាន​ការ​សិក្សា​ថ្មី ឬ​ការសិក្សា​ផ្ដោត​លើពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ដោយ​ស្ថាប័ន​ជំនាញ​ណាមួយ។​ ​ប៉ុន្ដែ​នៅអំឡុង​ឆ្នាំ​២០២៤ ក្រសួងទេសចរណ៍ និង​ស្ថាប័នជំនាញ​ពាក់ព័ន្ធ​ ​ធ្លាប់​​សិក្សាម្ដង ហើយ​បាន​រក​ឃើញ​ថា សម្រាប់ពលរដ្ឋ​ម្នាក់ បាន​ចំណាយប្រហែល ២០ម៉ឺនរៀល ឬបើ​គិត​ក្នុង ១គ្រួសារ អាចចំណាយប្រហែល ៤០០ ទៅ​ ៥០០ដុល្លារ ឬស្មើនឹង ២លាន​រៀល នៅ​អំឡុង​ពេល​នៃពិធីបុណ្យទានជាតិ​ធំម្ដងៗ។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច ក៏បានមើល​ឃើញ​ថា ចរន្ដសាច់ប្រាក់បានជ្រួតជ្រាប​ដល់​សហគមន៍​ទេសចរណ៍​តាម​បណ្តាខេត្ដឆ្ងាយៗ អាជីវករ សេវាករភ្លាមៗ ដោយ​រាប់បញ្ចូល​ទាំងការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ការទទួល​ទាន​អាហារ​ក្នុងភោជនីយដ្ឋាន និងអាហារដ្ឋាន និងហាងកាហ្វេ។​ ​សេវាកម្ម​ដែល​បម្រើ​ដល់​សកម្មភាព​ទេសចរ និង​ដំណើរ​កម្សាន្ដ​ខ្លាំងក្លាបំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មានចំនួន ៣ធំៗ គឺទី១ ​សេវាកម្មស្នាក់នៅ និងម្ហូប​អាហារ ទី២ សេវា​ដឹកជញ្ជូន និង​ធ្វើដំណើរ និង​ទី៣ ការ​លក់​រាយ​នូវ​វត្ថុអនុស្សាវរីយ៍ រួមទាំង​កសិផលខ្មែរ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា