អ្នកជំនាញ​កសិកម្ម ៖ El Niño អាចនឹង​អាក្រក់ជាងពេលណាៗ​ទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាព​ស្បៀងបម្រុងកម្ពុជានៅ​តែ​រឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​កសិកម្ម ៖ El Niño អាចនឹង​អាក្រក់ជាងពេលណាៗ​ទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាព​ស្បៀងបម្រុងកម្ពុជានៅ​តែ​រឹងមាំ

អ្នកជំនាញ​កសិកម្ម ៖ El Niño អាចនឹង​អាក្រក់ជាងពេលណាៗ​ទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាព​ស្បៀងបម្រុងកម្ពុជានៅ​តែ​រឹងមាំ

ភ្នំពេញ៖ បាតុភូត​ អែលនីញ៉ូ(El Niño)​​​ ដែលនឹងបង្កឱ្យមានបម្រែបម្រួលអាកាសធាតុឡើងកំដៅ (រាំងស្ងួត) នៅចុង​ឆ្នាំ​២០២៦ រហូត​ដល់​ដើម​ឆ្នាំ​២០២៧ ត្រូវ​​បាន​​​ព្យាករណ៍​ថា មានសភាពអាក្រក់​ជាង​ពេល​ណាៗ​ទាំង​អស់​ ព្រោះ​រលក​កម្ដៅ​អាច​ហក់​ឡើង​​ដល់ ៣៨​ អង្សាសេ ខណៈ​កម្ពុជា ក៏នឹង​រងកម្ដៅ​នេះ​ដោយផ្ទាល់ ១០០% រយៈពេល ៤ខែពេញ មុន​នឹង​ថមថយ​ទៅ​វិញ​ចាប់​ពីខែកុម្ភៈ ឆ្នាំ​២០២៧។

 គ្រោះ​ធម្មជាតិ​នេះ នឹងបង្កឱ្យ​ប្រភព​​ទឹក​នៅតាមបឹងបួរ ស្រះ និង​ប្រភព​ទឹក​ក្រោម​ដីឆាប់​រីងស្ងួត ឈាន​ដល់​ការ​ខ្វះ​ទឹកប្រើប្រាស់ប្រចាំ​ថ្ងៃ និង​ស្រោចស្រព​ដំណាំ អាច​ប៉ះពាល់​ដល់​ការ​បង្កបង្កើន​ផលស្រូវ ថមថយ​ទិន្នផល​ខ្លាំងនៅ​ឆ្នាំ​ក្រោយ​។ ប៉ុន្ដែចំពោះ​បញ្ហា​សន្ដិសុខ​ស្បៀង​សម្រាប់​រយៈ​ពេលខ្លី ឬមធ្យម​ណាមួយ​កើត​ចេញ​ពី​គ្រោះធម្មជាតិ El Niño ត្រូវ​បាន​អ្នក​ជំនាញ​កសិកម្ម​អះអាង​ថា នឹង​មិន​អាច​កើត​មានចំពោះកម្ពុជានឡ​ឡើយ ព្រោះ​កម្ពុជា​បាន​ផលិត​ស្រូវលើស​ពីតម្រូវការប្រចាំ​ឆ្នាំជាង ៧លាន​តោន​។

ប្រធាន​សមាគមសហព័ន្ធកសិករកម្ពុជា នៃ​អ្នក​ផលិត​កសិកម្ម ​លោក សុខ សុថា ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS ថា និរន្ដភាព​ស្បៀងដែល​កម្ពុជា​កំពុង​​ធានា​បាន ក៏​អាច​នឹង​ប្រែប្រួល​ទៅ​តាម​គ្រោះ​ធម្មជាតិ​ដែរ ប៉ុន្ដែ​ក្នុងរយៈ​ពេលវែង។​ ជាក់ស្ដែង El Niño ​អាចបង្កើត​លក្ខខណ្ឌ​​អាកាសធាតុ​ទៅជាក្ដៅ​ខ្លាំង របប​ទឹកភ្លៀងលែង​ទៀងទាត់ ដោយ​នៅ​តំបន់​ខ្លះជួបគ្រោះ​រាំងស្ងួតខ្លាំង និងតំបន់​ខ្លះ​ត្រូវភ្លៀង​ធ្លាក់​​រហូត​ជន់​លិច​ផល​ដំណាំ បង្កជាឧបសគ្គ​ដល់​ការ​ផលិត​ស្រូវ​ប្រចាំ​ឆ្នាំ​។​

លោកបាន​លើក​ឡើងថា El Niño មិន​អាច​ធ្វើឱ្យ​ប្រព័ន្ធ​ផលិត​ស្បៀង​កម្ពុជា​ប៉ះពាល់​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ ប៉ុន្ដែ​បើ​គ្រោះ​ធម្មជាតិ​នេះ​បង្កើត​លក្ខណ្ឌ​អាកាសធាតុកាន់​តែ​អាក្រក់ក្នុងរយៈពេលយូរ នោះ​ការ​បង្កបង្កើន​ទិន្នផល​ស្រូវ​បាន​កាន់​តែតិចទៅ។ បញ្ហា​នេះ​ទាមទារឱ្យ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ គិតគូ​រដោះស្រាយ​ភ្លាម​ៗ​លើ​ការត្រៀម​ចែក​ពូជស្រូវ ឬដំណាំ​ដល់​កសិករ ហើយ​បង្កើតប្រព័ន្ធ​ធារាសាស្ដ្រឱ្យ​បាន​កាន់​តែច្រើន​ ដើម្បី​កសិករ​អាច​ទាញ​យកទឹក​​ប្រើប្រាស់​ក្នុងវិស័យ​កសិកម្ម​បាន​គ្រប់គ្រាន់ ទើប​អាច​ចាក់​បំពេញ​ទិន្នផល​ស្រូវ​ចូល​ក្នុង​ជង្រុក​ស្បៀង​ត្រៀម​បម្រុង​នៅ​ឆ្នាំ​ណា​ដែលកម្ពុជា​ជួបគ្រោះ​រាំងស្ងួត​ ហើយបាត់​ទិន្នផល​ច្រើន។

ស្រដៀងគ្នា​នឹង​ការ​លើក​ឡើង​របស់​លោក សុខ សុថា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្ដម យ៉ង សាំង​កុមារ បានបញ្ជាក់​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០២៦ អាចទទួល​បានប្រមាណ ១៥​លាន​តោន ខណៈ​ដែល​កម្ពុជា​បច្ចុបន្នមាន​រដូវ​ប្រមូល​ផលស្រូវ​ធំៗ​ចំនួន ៣ដង​ ​ក្នុង​១ឆ្នាំ ដោយជាទូទៅ​​ក្នុង១​ឆ្នាំៗ​ប្រមូល​បាន​ចន្លោះ​ពី ១៣ ទៅ​ ១៥​លាន​តោន។

ប្រភព​ស្បៀងអាហារដ៏សំខាន់​របស់​កម្ពុជាចំនួន ៣ ប្រភេទ គឺស្រូវ/អង្ករ ត្រី និង​សាច់ ក៏ត្រូវ​បាន ឯកឧត្ដម យ៉ង សាំងកុមារ អះអាង​ដែរថា មាន​ភាពធន់ ដោយរក្សា​បាន​នូវសមត្ថភាព​ផលិត ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​បាន​គ្រប់គ្រាន់។ សម្រាប់​ឯកឧត្ដម​យល់​ថា កសិករ​មិន​គួរ​ព្រួយ​បារម្ភ​ពេក​ទេ​អំពី​បញ្ហា​សន្ដិសុខស្បៀង​ដែល​កើត​ចេញ​ពី​គ្រោះ​ធម្មជាតិអែលនីញ៉ូ ព្រោះ​រាជរដ្ឋាភិបាលបាន​អនុវត្ដ​វិធានការ​ចាំបាច់​មួយចំនួន ព្រម​ទាំង​ត្រៀម​​បម្រុង​លើ​វិធានការ​ចាំបាច់​ ដើម្បីទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​នេះ​ហើយ។​​

ត្រង់​ចំណុច​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ពី​ខេត្ដ​ពោធិ៍សាត់ ក្នុង​ឱកាសដែល​សម្ដេច​​ចុះ​ចែក​ស្រូវ​ពូជ​ដល់​កសិករ​កាល​ពីព្រឹក​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឱ្យដឹង​ថា គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២៦ បាន​ប៉ះពាល់​ដល់ខេត្ដ​ចំនួន ៧ ស្មើ​នឹង​​ពលរដ្ឋជាង ១៣ម៉ឺន​គ្រួសារ ក្នុង​នោះ​ក៏​មានគ្រួសារ​ខ្លះ​​រងគ្រោះ​ដោយសារ​គ្រោះ​រាំងស្ងួត​ផងដែរ។ ទន្ទឹម​នឹង​ការ​គិតគូរចែក​ពូជស្រូវ និង​ណែនាំ​ពីរបៀប​ដាំដុះបង្កបង្កើន​ផលស្រូវ​ឱ្យ​ទាន់​សភាព​ការណ៍ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ធនធាន​ទឹក និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន​អភិវឌ្ឍអាងស្ដុក​ទឹកមួយចំនួន រួមទាំង​​ប្រព័ន្ធ​ធារាសាស្ដ្រ​រាប់​ពាន់​គីឡូម៉ែត្រ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។

សម្ដេច​បញ្ជាក់​ថា នៅកន្លែង​ខ្លះ​​មាន​ទំនប់​ស្ទាក់ទឹកដែល​មាន​សមត្ថភាព​ផ្ទុក​រាប់​រយ​លាន​ម៉ែត្រគូប និង​អាងស្តុក​ទឹក​បម្រើ​ដល់​ការ​ផលិត​អគ្គិសនី ដែល​​ប្រភព​ទឹក​ធំៗ​ទាំង​នេះ នឹងត្រូវ​តភ្ជាប់ប្រព័ន្ធធារាសាស្ដ្រ និង​ប្រឡាយ​ជើង​ក្អែប​បែកចែក​ទឹក​ទៅ​កាន់ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋតែម្ដង។ នេះ​ជា​វិធានការ​មួយក្នុង​ចំណោម​វិធានការអន្តរាគមន៍​ផ្សេង​ទៀត ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ធ្វើ​កសិកម្មនៅ​រដូវ​រាំងស្ងួត បង្ការ​ពេល​មានគ្រោះធម្មជាតិ​ផ្សេងៗ ជា​ពិសេសបង្ការ​ក្នុងបាតុភូត El Niño ។

សូមជម្រាបថា ជុំវិញ​បញ្ហា​គ្រោះ​ធម្មជាតិ និង​សន្ដិសុខស្បៀង​ដែល​ជា​កង្វល់របស់​ពលរដ្ឋ​មួយ​ចំនួនដោយ​គ្រោះ​ធម្មជាតិ អ៊ែលនីញ៉ូ នេះ រដ្ឋាភិបាល តាមរយៈក្រសួងបាក់ព័ន្ធបានបង្ហាញ​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​បម្រុងដ៏រឹងមាំរបស់​ខ្លួន ដែល​បាន​បង្កើត​ឡើង​ និង​​ដំណើរការ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺអាស្រ័យលើ​ប្រភព​ស្បៀង​បម្រុង​ ២​ប្រភេទ។

​ទី១ គឺស្ដុក​យុទ្ធសាស្ដ្រ ដែល​រដ្ឋ​បង្កើត​ស្ដុក​ពូជស្រូវ​សុទ្ធល្អ​ ​ភាគច្រើន​ជា​ប្រភេទ​ស្រូវស្រាល មិន​ប្រកាន់​រដូវ​ ដូច​ជា ផ្ការំដួល សែនក្រអូប​ក្នុង​បរិមាណ​រាប់​ពាន់​តោន​ក្នុង​១​ឆ្នាំៗ។ គ្រាប់​ពូជ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ឃ្លាំងត្រជាក់​ទំនើប ដើម្បីធានាគុណភាព​ដំណុះបាន​ល្អ ដោយរដ្ឋ​បានសហការ​ជាមួយ​ក្រុមហ៊ុន Green Trading និងសហព័ន្ធ​ស្រូវអង្ករកម្ពុជា។

ទី២ គឺស្បៀង​បម្រុង​ ដែល​រដ្ឋបាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់គ្រង​ស្ដុក​ដើម្បី​តាម​ដាន​បរិមាណ និង​គុណភាព​ស្បៀង​ក្នុង​ឃ្លាំង​ទូទាំង​ប្រទេស ហើយ​ប្រព័ន្ធ​ស្បៀង​បម្រុង​របស់​កម្ពុជា​ត្រូវ​បាន​តភ្ជាប់​ទៅប្រព័ន្ធ​ទិន្នន័យ ​អត្ដសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ និង​ប្រព័ន្ធ​ព្រមាន​ទុក​ជាមុនរបស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ យន្ដការ​នេះ នឹង​ធានា​ថា ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ ការ​បែងចែកស្បៀង​បម្រុង និងផ្ដល់​គ្រាប់​ពូជ នឹង​​ធ្វើ​ឡើង​ចំគោលដៅគ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​បំផុតប្រកបដោយ​តម្លាភាព និងទាន់​ពេល​វេលា។

ចេញ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​បម្រុង​​នេះ​ កម្ពុជា ក៏បាន​​រួមចំណែក​រក្សាស្ថិរភាព​សេដ្ឋកិច្ច និងសន្ដិសុខស្បៀង​ពិភព​លោក ​ក្នុង​បរិបទដែល​​ពិភព​លោកកំពុងជួប​ប្រទះ​​ការ​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ។ កម្ពុជា​មិន​ត្រឹម​តែ​អាចធានាស្បៀងអាហារ​សម្រាប់​ប្រជាជនខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​មួយ​ដែល​នាំ​អង្ករចេញទៅ​កាន់​ទីផ្សារ​អន្ដរជាតិ ដើម្បី​រួមចំណែក​ដល់​កម្មវិធីសន្ដិសុខស្បៀងពិភព​លោក៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា