ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

បរទេស៖ បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ។ នេះបើយោងតាមការរាយការណ៍ពី AP News។

Advertisement

យោងតាមអ្នកជំនាញក្នុងវិស័យថាមពល ព្យាករណ៍ថា ក្រុមហ៊ុនថាមពលនឹងចំណាយពេលច្រើនខែក្នុងការបន្តប្រតិបត្តិការរហូតដល់កម្រិត ដែលអាចបំពេញតម្រូវការរបស់ពិភពលោកបាន។ បើទោះបីជាអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក្តី ប៉ុន្តែមិនទាន់មានលទ្ធផលភ្លាមៗនោះទេ ដោយសារអាស្រ័យលើល្បឿននៃដំណើរការដឹកជញ្ជូន និងការចម្រាញ់ប្រេងឆៅ ខណៈដែលនៅមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការឆ្លងកាត់ច្រកសមុទ្រ Hormuz នៅឡើយ។

អ្នកជំនាញបន្តថា ទន្ទឹមនឹងនេះ កប៉ាល់ផ្ទុកប្រេងឆៅជាច្រើនកំពុងជាប់គាំងនៅឈូងសមុទ្រពែក្សអស់រយៈពេលជាងបីខែមកហើយ ដោយសារពួកគេមិនហ៊ានឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ។ ទោះយ៉ាងណាក្តី តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់។ ទាំងតម្លៃប្រេងឆៅ Brent និង WTI ធ្លាក់ចុះនៅត្រឹមជាង ៨០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ប៉ុន្តែនៅតែថ្លៃជាងមុនពេលសង្គ្រាម​ប្រហែល ៧០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។

លោក Daniel Evans ប្រធានស្រាវជ្រាវថាមពលសកលនៅ S&P Global Energy លើកឡើងថា វានឹងត្រូវការពេលវេលាសម្រាប់មនុស្សឱ្យមានអារម្មណ៍ធូរស្រាល និងសុវត្ថិភាពដល់កម្រិតណា ដែលមានន័យថា ក្រុមហ៊ុនដឹកជញ្ជូន និងនាវិកមិនហ៊ានប្រថុយប្រថានភ្លាមៗទេ។ នៅពេលប្រកាសបើកច្រកសមុទ្រភ្លាម អ្វីដែលត្រូវធ្វើមុនគេ គឺត្រូវបើកផ្លូវឱ្យនាវាដែលកកស្ទះបើកបរចេញទៅខាងក្រៅច្រកសមុទ្រឱ្យអស់សិន ដើម្បីកាត់បន្ថយភាពណែនណាន់តាន់តាប់ក្នុងផ្លូវទឹក។

លោកបានថ្លែងថា លុះត្រាតែនាវាចាស់ៗដែលកកស្ទះទាំងនោះចាកចេញទៅអស់ ទើបមានកន្លែងទំនេរសម្រាប់ចតនៅតាមកំពង់ផែ។ យ៉ាងណាមិញ វាមានទាមទារឱ្យក្រុមហ៊ុនថាមពលទាំងអស់នោះ​មាន​ទំនុក​ចិត្ត​ថា​ ច្រកសមុទ្រមាន​សុវត្ថិភាព​ធំ​គ្រប់គ្រាន់ ​ដើម្បី​នាំនាវាចាស់ៗចេញ និង បញ្ជូននាវាប្រេងថ្មីៗ​ចូលមក ផ្ទុក​វា។

លោកបានបន្តថា បើទោះបីជានាវាដឹកប្រេងអាចចាកចេញបានដោយសុវត្ថិភាព វាត្រូវចំណាយពេលជាច្រើនខែក្នុងការទៅដល់គោលដៅជាពិសេសទៅកាន់ប្រទេសឆ្ងាយៗ ដោយសារនាវាផ្លាស់ទីយឺតៗ។ ដូច្នោះហើយ រោងចក្រចម្រាញ់ប្រេងត្រូវរង់ចាំយូរក្នុងការទទួលបានប្រេងឆៅពីនាវាទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកផលិតមួយចំនួននៅមជ្ឈិមបូព៌ាផ្អាកការបូមប្រេងជាបណ្តោះអាសន្ន ដោយសារបញ្ហាគ្មានកន្លែងស្តុកទុក ដោយធុងស្តុកប្រេងធំៗនៅតាមកំពង់ផែ និងរោងចក្រនានាពេញហៀរគ្មានសល់កន្លែងទំនេរ។ ការចាប់ផ្តើមប្រតិបត្តិការទាំងនោះឡើងវិញក៏ត្រូវការរយៈពេលយូរផងដែរ។

លោក Alan Gelder អនុប្រធានវិភាគថាមពលជាន់ខ្ពស់នៅក្រុមហ៊ុន Wood Mackenzie លើកឡើងថា បណ្តាប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលមានបំពង់បង្ហូរប្រេងជំនួស ឬ ផ្លូវក្រៅផ្សេងពីច្រកសមុទ្រ Hormuz អាចបន្តផលិតកម្មឡើងវិញបានលឿនជាងគេ។ យ៉ាងណាមិញ ប្រទេសសឹងតែទាំងអស់នៅមជ្ឈិមបូព៌ាសុទ្ធតែពឹងផ្អែកលើផ្លូវច្រកសមុទ្រ Hormuz ដូចជាប្រទេសអ៊ីរ៉ាក់អាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដោយសារការបិទប្រតិបត្តិការទ្រង់ទ្រាយធំ ដែលធ្វើឱ្យកាន់តែពិបាក និងអាចចំណាយពេលប្រហែលមួយឆ្នាំក្នុងការត្រលប់ទៅសភាពធម្មតាវិញ។

លោកបាននិយាយថា លើសពីនេះ ការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្នថាមពលត្រូវចំណាយពេលច្រើនឆ្នាំដើម្បីឃើញលទ្ធផល ដោយសារក្រុមហ៊ុនធំៗសម្រេចចិត្តផ្អាករាល់គម្រោងវិនិយោគទាំងអស់ភ្លាមៗ ព្រោះពួកគេមិនហ៊ានបោះលុយរាប់រយលានដុល្លារចូលទៅក្នុងតំបន់សង្រ្គាមឡើយ។ ដូច្នោះហើយ បើទោះបីជាឈានដលល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រវិញក្តី ក្រុមហ៊ុនទាំងនោះត្រូវចំណាយពេលរៀបចំកញ្ចប់ថវិកា ពិនិត្យកិច្ចសន្យា និងវាយតម្លៃហានិភ័យឡើងវិញ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍ថាមពលថ្មីៗត្រូវអូសបន្លាយពេលយូរទៅមុខទៀត។

លោក Daniel Sternoff អ្នកជំនាញជាន់ខ្ពស់ផ្នែកគោលនយោបាយថាមពលនៅសាកលវិទ្យាល័យ Columbia លើកឡើងថា ភាគច្រើនប្រទេសដែលបិទផលិតកម្មប្រេងមិនទាន់ចង់ចាប់ផ្តើមប្រតិបត្តិការឡើងវិញឥឡូវនេះទេ រហូតទាល់តែពួកគេជឿជាក់ថា ច្រកសមុទ្រមានសុវត្ថិភាពក្នុងរយៈពេលវែងយូរអអ្វែង ហើយបទឈប់បាញ់គួរតែមានរយៈពេលលើសពី ៣០ ឬ ៦០ ថ្ងៃ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា