ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

បរទេស៖ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) អនុម័តលើការចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដែលធ្លាប់បានឯកភាពគ្នាកាលពីគ្រាមុន ដើម្បីទប់ទល់ផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់អាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន ដោយភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង ៩០ ភាគរយ ហើយពន្ធនាំចូលចំនួន ៥០ ភាគរយរបស់ឥណ្ឌូណេស៊ីលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប នឹងត្រូវលុបបំបាត់ចោលក្នុងរយៈពេល ៥ ឆ្នាំ។ កិច្ចព្រមព្រៀងនេះនឹងផ្សារភ្ជាប់តំបន់សេដ្ឋកិច្ចកំពូលមួយរបស់ពិភពលោកឱ្យកាន់តែជិតស្និទ្ធជាមួយឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោក។

រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអៀរឡង់ លោកស្រី Helen McEntee បានលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះនឹងជួយសម្រួលដល់អាជីវកម្មអឺរ៉ុបក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលការលុបបំបាត់ពន្ធគយលើទំនិញស្ទើរតែទាំងអស់រវាងសហភាពអឺរ៉ុប និងឥណ្ឌូណេស៊ីនឹងជួយសន្សំសំចៃថ្លៃពន្ធគយដល់អាជីវកម្មប្រមាណ ៦០០ លានអឺរ៉ូ (៦៥៨,៣ លានដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ។ រាប់ចាប់ពីវិស័យកសិកម្ម ចំណីអាហារ និងឱសថ រហូតដល់វិស័យផលិតកម្មទំនើប និងពាណិជ្ជកម្មឌីជីថល ឱកាសនេះមានទំហំធំធេងណាស់។ កិច្ចព្រមព្រៀងទាំងនេះក៏នឹងជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងវត្ថុធាតុដើមសំខាន់ៗកាន់តែស៊ីជម្រៅផងដែរ។ ជាមួយគ្នានេះ ក្នុងគ្រាដែលសេដ្ឋកិច្ចកំពុងមានភាពមិនច្បាស់លាស់ សហភាពអឺរ៉ុបនៅតែប្តេជ្ញាចំពោះការបើកចំហទីផ្សារ និងរក្សាភាពជាដៃគូអន្តរជាតិដ៏រឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់អាជីវកម្ម កម្មករ និយោជិត និងអ្នកប្រើប្រាស់។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរចង់ឱ្យកិច្ចព្រមព្រៀងដែលបានបញ្ចប់ការចរចាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ ឥណ្ឌូណេស៊ីនឹងចាកចេញពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧។ បន្ទាប់ពីកាលបរិច្ឆេទនោះ ការនាំចេញរបស់ឥណ្ឌូណេស៊ីនឹងលែងទទួលបានការអនុគ្រោះពន្ធទៀតហើយ។ យ៉ាងណាមិញ ឥឡូវនេះ សហភាពអឺរ៉ុប និងឥណ្ឌូណេស៊ី កំពុងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មុននឹងបញ្ជូនបន្តទៅកាន់សភាអឺរ៉ុបដើម្បីសុំការអនុម័តជាផ្លូវការ។

គួរបញ្ជាក់ដែរថា ឥណ្ឌូណេស៊ី បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវិនិយោគជាមួយសហភាពអឺរ៉ុបតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ទោះជាយ៉ាងណាក្តី ទំនាក់ទំនងរវាងភាគីទាំងពីរបានធ្លាក់ក្នុងភាពតានតឹងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចកាត់បន្ថយការប្រើប្រាស់ប្រេងដូងជាដំណាក់កាលត្រឹមឆ្នាំ២០៣០ និងដំឡើងពន្ធលើប្រេងជីវម៉ាស៊ូត (biodiesel) ដែលនាំចេញពីឥណ្ឌូណេស៊ី៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា