សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​

សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​

បរទេស​៖​ ​សហ​ភាព​អឺរ៉ុប​ ​គ្រោង​កៀរ​គរ​ទុន​វិនិយោគ​រហូតដល់​ ៥០ ​ពាន់​លាន​អឺរ៉ូ ​ឬ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​មូលនិធិ​ថ្មី​មួយ​សម្រាប់​វិនិយោគ​រយៈពេល​វែង​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ជាពិសេស​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​កុំព្យូទ័រ​កង់​ទិច​ ​(​Quantum ​Computing​)​ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​របស់​អា​ម៉េរិក​ ​និង​ចិន​។ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ Financial ​Times​។

យោង​តាម​មន្ត្រី​ពីរ​រូប​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ​មូល​និធិ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​មាន​ឈ្មោះ​ថា​ Sovereign Tech ​Equity Fund ​(​STEF​)​ ​នឹង​ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ក្នុង​ទំហំ​ធំ ​និង​ទទួល​យក​ហានិភ័យ​ខ្ពស់​ជាង​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ដែល​សហ​ភាព​អឺរ៉ុប​ធ្លាប់​អនុវត្ត​កន្លងមក​។​ ​គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​ទុន​វិនិយោគ​ប្រកបដោយ​ស្ថិរ​ភាព​ដល់​វិស័យ​បច្ចេកវិទ្យា​ដែល​មាន​ហានិភ័យ​ខ្ពស់​ ​ប៉ុន្តែ​មាន​សារៈសំខាន់​ចំពោះ​អនាគត​សេដ្ឋកិច្ច​ ​និង​សមត្ថភាព​ប្រកួតប្រជែង​របស់​អឺរ៉ុប​។​

​វិស័យ​ដែល​មូលនិធិ​នេះ​នឹង​ផ្តោត​ជា​សំខាន់ រួម​មាន​បញ្ញា​សិប្បនិម្មិត ​និង​បច្ចេកវិទ្យា​កង់​ទិច ​ដែល​ជា​ប្រព័ន្ធ​គណនា​ទំនើប​អាច​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ដែល​កុំព្យូទ័រ​បែប​ប្រពៃណី​ពិបាក​ដោះស្រាយ​។ ​ការ​វិនិយោគ​នេះ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​អឺរ៉ុប​មាន​លទ្ធភាព​ពង្រីក​ប្រតិបត្តិការ​ ​និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ឈាន​មុខ​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ចំពោះ​ប្រភព​ទុន​សម្រាប់​មូលនិធិ​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ​ ​ដោយ​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​។ ​គណៈកម្មការ​អឺរ៉ុប​គ្រោង​ប្រើប្រាស់​ថវិកា​របស់​សហ​ភាព​អឺរ៉ុប​ជា​ទុន​ដំបូង ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​វិស័យ​ឯកជន ​ក្នុង​គោលដៅ​កៀរគរ​ទុន​ឱ្យ​បាន​រហូតដល់​ ៦ ​ដង​នៃ​ទុន​ដែល​បាន​បោះទុន​ដំបូង​។

តាម​គោលការណ៍​នេះ​ ​ដើម្បី​សម្រេច​គោលដៅ​ប្រមូល​ទុន​សរុប​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​សហ​ភាព​អឺរ៉ុប​អាច​ត្រូវ​ប្រើប្រាស់​ទុន​ដំបូង​ប្រមាណ​ ៧ ​ទៅ​ ៨ ពាន់​លាន​អឺរ៉ូ ​ដើម្បី​ទាក់ទាញ​ការ​បោះទុន​ពី​វិស័យ​ឯកជន​បន្ថែម​។ ការ​រៀបចំ​មូលនិធិ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទូលំទូលាយ​របស់​អឺរ៉ុប​ក្នុង​ការ​ពង្រឹង​ឯករាជ្យ​ភាព​ផ្នែក​បច្ចេកវិទ្យា ​ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​គោលនយោបាយ​របស់​អាម៉េរិក​ ​និង​ការ​ប្រែប្រួល​នៃ​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​។

​ទីក្រុង​ប្រ៊ុច​សែល​សង្ឃឹម​ថា​ ​មូលនិធិ​នេះ​នឹង​ជួយ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី​ៗ ​ដែល​ក្រុមហ៊ុន​អឺរ៉ុប​ធ្លាប់​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​មកពី​អាម៉េរិក​ ​និង​ចិន​។ ​មន្ត្រី​អឺរ៉ុប​ក៏​រំពឹង​ថា​ ​ការ​សម្រេចចិត្ត​របស់​មូលនិធិ​ ​ST​EF ​ក្នុង​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ណាមួយ​ ​អាច​ជួយ​បង្កើន​ទំនុកចិត្ត​ ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ផ្សេងទៀត​ឱ្យ​ចូលរួម​បោះទុន​តាម​ផងដែរ​។

​ដើម្បី​ធានា​តម្លាភាព ​និង​កាត់បន្ថយ​ឥទ្ធិពល​នយោបាយ​ មូល​និធិ​នេះ​គ្រោង​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​គ្រប់គ្រង​ឯករាជ្យ​ ​ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ជំនាញ​ហិរញ្ញវត្ថុ​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​។

​ប្រធាន​គណៈកម្មការ​អឺរ៉ុប ​លោក​ស្រី​ ​Ursula von der ​Leyen ​និង​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ ​លោក​ស្រី​ ​Henna Virkkunen ​បាន​ចាត់ទុក​គម្រោង​នេះ​ថា​ ​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​សម្រេចបាន​នូវ​ ​«​អធិបតេយ្យភាព​បច្ចេកវិទ្យា​» ​របស់​អឺរ៉ុប​។​ ​ព័ត៌មាន​លម្អិត​ស្តីពី​របៀប​ដំណើរការ​របស់​មូលនិធិ​នេះ​ ​គ្រោង​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​សហ​ភាព​អឺរ៉ុប នា​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧ ​នៅ​ប្រទេស​បែលហ្ស៊ិក​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា