អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

បរទេស ៖ យោងតាមការប៉ាន់ប្រមាណបឋមពីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានឱ្យដឹងថា អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ។ កំណើននេះបណ្ដាលមកពីតម្លៃថាមពលឡើងថ្លៃជាង ១៤ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ យ៉ាងណាមិញ​ អតិផរណាស្នូលដែលមិនរាប់បញ្ចូលថាមពល អាហារ គ្រឿងស្រវឹង និងថ្នាំជក់ បានថយចុះបន្តិចពី ២,៥ ភាគរយមកត្រឹម ២,៤ ភាគរយ។ នេះបង្ហាញថា ការកើនឡើងនៃថ្លៃដើមថាមពលមិនទាន់បានរាលដាលខ្លាំងដល់វិស័យសេវាកម្ម និងតម្លៃទំនិញផ្សេងទៀតនៅឡើយទេ។

លោក Leo Barincou សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័ន Oxford Economics បានលើកឡើងថា ការកើនឡើងនៃអត្រាអតិផរណាបណ្ដាលមកពីការស្ទុះឡើងវិញនៃតម្លៃប្រេងឥន្ធនៈបន្ទាប់ពីការបិទច្រកសមុទ្រ Hormuz។ អតិផរណានឹងបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងគោលដៅរហូតដល់ឆ្នាំ២០២៧ខាងមុខទៀត ដោយសារតម្លៃឧស្ម័ន និងអាហារកាន់តែថ្លៃជាងមុន។ ទន្ទឹមនឹងនេះ តម្លៃទំនិញរួមនៅក្នុងតំបន់ចាយលុយអឺរ៉ូ បានកើនឡើង ០,៤ ភាគរយក្នុងអំឡុងខែសីហា ហើយក្នុងនោះតម្លៃថាមពលតែមួយមុខបានឡើងថ្លៃ ២,៩ ភាគរយ។

ក្នុងចំណោមតំបន់ចាយលុយអឺរ៉ូ ប្រទេសលីទុយអានី មានអត្រាអតិផរណាខ្ពស់ជាងគេ គឺ ៥,៨ ភាគរយ ខណៈដែលអេស្តូនី មានអត្រាទាបជាងគេ ១,៣ ភាគរយ។ អត្រាអតិផរណារបស់អេស្ប៉ាញ ក៏ស្ថិតនៅកម្រិតខ្ពស់ផងដែរ ដល់ទៅ ៤,៥ ភាគរយ ខណៈដែលអ៊ីតាលី បានកើនដល់ ៣,២ ភាគរយ។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំៗ​ ដូចជា បារាំង និងអាល្លឺម៉ង់ មានអត្រាអតិផរណា ២,៧ ភាគរយ និង ២,៩ ភាគរយរៀងគ្នា។ យ៉ាងណាមិញ កម្រិតអតិផរណាទាំងនេះខ្ពស់ជាងគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ។ ជាមួយនឹងការកើនឡើងនូវអត្រាអតិផរណាខ្ពស់បែបនេះ មានការព្យាករណ៍ថា ECB នឹងដំឡើងអត្រាការប្រាក់ ០,២៥ ភាគរយ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ ខណៈដែលអ្នករៀបចំគោលនយោបាយព្យាយាមទប់ស្កាត់សម្ពាធតម្លៃមិនឱ្យឡើងថ្លៃខ្ពស់ជាងបច្ចុប្បន្ន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា