ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។

ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ ២០៥ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Microsoft បានដាក់ផែនការកញ្ចប់ថវិកាប្រមាណ ១៩០ពាន់លានដុល្លារ ។ តួលេខទាំងនេះត្រូវបានបង្ហាញដោយ New Market Pitch ។

ក្នុងពេលជាមួយគ្នានេះដែរ រចនាសម្ព័ន្ធហិរញ្ញប្បទានបែបវិលជុំ (Circular Funding) បាន​ និងបង្កើនហានិភ័យទីផ្សារកាន់តែខ្លាំង ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនផលិតឈីប តែងតែវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារជាទៀងទាត់ទៅឱ្យក្រុមហ៊ុនបង្កើតថ្មី (Startups) ផ្នែក AI បន្ទាប់មកក្រុមហ៊ុន Startup ទាំងនោះក៏បានយកថវិកាដដែលនោះមកទិញសេវាកម្ម Cloud និងឈីបកុំព្យូទ័រត្រឡប់ទៅក្រុមហ៊ុនវិនិយោគដើមវិញ។

ឧទាហរណ៍ ការវិនិយោគសរុបរបស់ Microsoft ទៅលើក្រុមហ៊ុន OpenAI មានទំហំលើសពី ១៣ ពាន់លានដុល្លារដែលជាប់ពាក់ព័ន្ធនឹងការទិញសេវាកម្ម Cloud ខណៈដែលក្រុមហ៊ុន Nvidia កាន់កាប់ភាគហ៊ុនយុទ្ធសាស្ត្រជាច្រើននៅក្នុងមន្ទីរពិសោធន៍ AI ដូចជា CoreWeave និង Mistral AI ដើម្បីធានានូវតម្រូវការឈីប។

ប្រសិនបើក្នុងករណីដែលកំសួលនៃកំណើនវិនិយោគប្រៀបដូចពពុះសាប៊ូមួយនេះ ដែលមានដើមទុនសរុបរហូតដល់ខ្ទង់ទ្រីលានដុល្លារទៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាមានបញ្ហាណាមួយកើតឡើងភ្លាម ផលប៉ះពាល់នឹងរាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុសកលលោក ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាន់កាប់ចំណែកយ៉ាងច្រើននៅក្នុងសន្ទស្សន៍ទីផ្សារហ៊ុនសំខាន់ៗ។ ការធ្លាក់ចុះភ្លាមៗនៃតម្លៃ
ក្រុមហ៊ុនបច្ចេកវិទ្យា នឹងធ្វើឱ្យថវិកាសោធននិវត្តន៍បុគ្គល និងកញ្ចប់វិនិយោគរបស់គ្រឹះស្ថាននានានៅទូទាំងពិភពលោកដែលមានទំហំតូចៗធ្លាក់ចុះភ្លាមៗដូចគ្នាផងដែរ។

ធនាគារវិនិយោគ Morgan Stanley បានប៉ាន់ប្រមាណថា បំណុលសរុបដែលប្រើប្រាស់សម្រាប់ហិរញ្ញប្បទានលើមជ្ឈមណ្ឌលទិន្នន័យ AI និងហេដ្ឋារចនាសម្ព័ន្ធថាមពល មានទំហំលើសពី ១ ទ្រីលានដុល្លារ ដែលភាគច្រើនត្រូវបានគាំទ្រដោយប័ណ្ណបំណុល ហើយនៅពេលមានកង្វះខាតប្រាក់ចំណូលនឹងធ្វើឱ្យក្រុមហ៊ុនប្រតិបត្តិការជួបផលលំបាកក្នុងការសងបំណុល ដែលបង្កសម្ពាធដល់ទីផ្សារឥណទានឯកជន និងគ្រឹះស្ថានផ្តល់កម្ចី។

ក្រៅពីទីផ្សារហ៊ុន Wall Street ផលប៉ះពាល់សេដ្ឋកិច្ចជាក់ស្តែងនឹងផ្លាស់ប្តូរការងារប្រចាំថ្ងៃ ។ ក្រុមហ៊ុន Startup ដែលគ្មានប្រភពចំណូលច្បាស់លាស់ អាចនឹងអស់សាច់ប្រាក់វិនិយោគ ដែលនាំឱ្យមានការបាត់បង់ការងារយ៉ាងទូលំទូលាយនៅក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់អ្នកប្រើប្រាស់ ការថយចុះតម្រូវការមជ្ឈមណ្ឌលទិន្នន័យដែលប្រើថាមពលខ្លាំង នឹងជួយឱ្យការប្រើប្រាស់ថាមពលមានស្ថេរភាព ការពារមិនឱ្យថ្លៃអគ្គិសនីតាមផ្ទះកើនឡើងបន្ថែមទៀត ខណៈដែលតម្រូវការថយចុះលើបន្ទះឈីបកម្រិតខ្ពស់ នឹងធ្វើឱ្យកុំព្យូទ័រផ្ទាល់ខ្លួន ក្រាហ្វិកកាត និងស្មាតហ្វូន មានតម្លៃធូរថ្លៃជាងមុន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា