អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងរងសម្ពាធ​ដោយ​វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាដែល​កំពុង​រុញ​ច្រានឱ្យ​មានកំណើន​ថ្លៃថាមពល​ និងថ្លៃទំនិញនានាកើនឡើង។

Advertisement

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ពលរដ្ឋត្រូវចាយវាយដោយមានការប្រុងប្រយ័ត្ន និងសន្សំសំចៃ ហើយត្រូវកាត់បន្ថយលើការចំណាយណាដែលមិនចាំបាច់ ជាពិសេសកាត់បន្ថយការចំណាយលើកម្មវិធីជួបជុំ ដែលប្រើប្រាស់គ្រឿងស្រវឹងជាដើម។

លោកថា​ ៖

«ត្រូវមានការសន្សំសំចៃ ហើយការចំណាយលើការកម្សាន្តអីផ្សេងៗ ជប់លៀង ផឹកស៊ីផ្សេងៗ អាចកាត់បន្ថយខ្លះ ដើម្បីទប់សភាពការណ៍»។

ចំណែក បណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច​ យល់ឃើញថា ​ដោយ​សារ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ គឺជា​ប្រពៃ​ណីដ៏មានសារសំខាន់ពេញ​និយម​បំផុត​មួយ ដូច្នេះពលរដ្ឋ​កម្ពុជានឹងត្រូវ​ចំណាយ​ធនធាន​យ៉ាងហោចណាស់​​សម្រាប់​រយៈ​ពេលបីថ្ងៃ គឺពីថ្ងៃទី ១៤ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ដែរ ក៏ប៉ុន្តែ​ ការដើរកម្សាន្តនៅទីជិតៗ អាចជួយ​កាត់បន្ថយ​ការចំណាយមួយផ្នែក ជាពិសេស​តាមរយៈ​ការសន្សំសំចៃ​ថវិកា​លើ​ប្រេងឥន្ធនៈ​ស្របពេល​ដែលប្រេងកំពុងឡើងថ្លៃ។

លោកបណ្ឌិតថា ៖

«ការកម្សាន្តតែងតែមានហើយ ដើម្បីយកកម្លាំងធ្វើការបន្តទៀត តែយើងអាចទៅរមណីយដ្ឋានជិតៗទៅ ដើម្បីសន្សំប្រេងឥន្ធនៈ»។

ពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹម​តែជាពិធីបុណ្យប្រពៃណីដ៏សំខាន់​នោះទេ ប៉ុន្តែគឺជាពិធីបុណ្យ​ដ៏សប្បាយរីករាយ​បំផុតរបស់​ប្រជាពលរដ្ឋខ្មែរ។ ពលរដ្ឋមាន​ទម្លាប់ដើរកម្សាន្តយ៉ាងសកម្ម ធ្វើពិធីសាសនានៅតាមផ្ទះ និងតាមទីវត្តអារាម ពិធីជួបជុំសាច់ញាតិ គ្រួសារ និងមានកម្មវិធីល្បែងប្រជាប្រិយខ្មែរ ការរាំរែកនៅតាមទីសាធារណៈជាដើម ជាពិសេស ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជា​ឱកាស​នៃ​ចលនាសេដ្ឋកិច្ច​មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា បានប៉ាន់ស្មានថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋកម្ពុជា អាចចាយចន្លោះពី ៥០ដុល្លារ ទៅ ២៥០ដុល្លារ ឬលើសពី ២៥០​ដុល្លារទៅតាមស្ថានភាព​របស់​​គ្រួសារ​នីមួយៗ។ យ៉ាងណាក៏ដោយ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅពេលដែល​សង្គ្រាម​នៅតំបន់មជ្ឈឹមបូព៌ា​ផ្ទុះឡើង ដែលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តម្លៃ​ប្រេងឥន្ធនៈជាសកល។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា បញ្ហានេះអាចបន្តជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា បើសិនគ្មានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ។ ត្រង់ចំណុចនេះ អ្នកជំនាញដដែលលើកទឹកចិត្តដល់ពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឲ្យ​បានច្រើន។ សេវារថយន្តក្រុងនេះ ដែលរៀងរាល់ឆ្នាំរដ្ឋាភិបាលតែងរៀបចំសម្រាប់ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ៕ ដោយ ៖ ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា