អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

Advertisement

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១៣,០៥ ប៊ី ឬពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨,៧% នៃ GDP។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ច លើកឡើងថា ស្ថិតិបំណុលខាងលើស្ថិតនៅកម្រិតមួយ ដែលមានហានិភ័យទាប។ បើតាមស្តង់ដារវាយតម្លៃរបស់ស្ថាប័នរូប៉ិយប័ណ្ណអន្តរជាតិបង្ហាញថា កម្រិតបំណុល ដែលមានហានិភ័យខ្ពស់ចាប់ពី ៤០% នៃGDP ឡើងទៅ។

លោកបណ្ឌិត បានថ្លែងដូច្នេះថា៖

ធៀបនឹងបណ្តាប្រទេសក្នុងអាស៊ានបំណុលកម្ពុជាទាបជាងគេបំផុត គឺខ្ពស់ជាងប្រ៊ុយណេតែមួយប៉ុណ្ណោះ ដែលប្រ៊ុយណេមានបំណុលសាធារណៈពី ៣-៦% នៃ GDP ហើយក្រៅពីនេះគឺខ្ពស់ជាងយើងទាំងអស់ ដូចជាសឹង្ហបូរីបំណុលសាធារណៈកើនឡើង 170% “។

ក្នុងចំនួនបំណុលសរុប ១៣,០៥ ប៊ីលានដុល្លារអាម៉េរិក សម្រាប់ ឆ្នាំ២០២៥ ត្រូវបានបែងចែកជាពីរផ្នែករួមមាន  ៩៨% ត្រូវនឹងប្រមាណ ១២,៨១ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស  និង ២% ត្រូវនឹងប្រមាណ ២៤៦,៨៣ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច មើលឃើញថា បំណុលសាធារណៈកម្ពុជា ឆ្នាំ២០២៥ ស្ថិតនៅកម្រិតទាបដែលអាចគ្រប់គ្រងបាន ដោយបំណុលភាគច្រើនជាបំណុលសម្បទាន មានអត្រាកាប្រាក់ទាប និងរយៈពេលសងត្រឡប់យូរ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា

នៅក្នុងបរិបទនៃតម្លៃប្រេងសកលឡើងខ្ពស់ ហើយភាពតានតឹងសង្គ្រាមនៅមជ្ឈឹមបូព៌ា បញ្ហាខាងក្រៅ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកចឹង កម្ពុជាគួរបន្តគ្រប់គ្រងបំណុលដោយប្រុងប្រយ័ត្ន“។

យ៉ាងណាក៍ដោយ ក្នុងបរិបទភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល កម្ពុជាគួរបន្តពង្រឹងការប្រមូលចំណូលរដ្ឋ ផលិតនូវផលិតផលដែលមានអត្ថប្រយោជន៍ ព្រមទាំងជំរុញការនាំចេញ និងការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានកំណើនគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងបំណុលសាធារណៈដោយប្រសិទ្ឋិភាព។  

ដោយឡែក លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ផ្អែកលើស្ថិតិបំណុលខាងលើ បង្ហាញថា មានចំនួនច្រើនសម្រាប់ប្រទេសកំពុងអភវឌ្ឍន៍ ប៉ុន្តែរដ្ឋាភិបាលនៅតែអាចគ្រប់​គ្រងបាន ដោយមិនទាន់ឈានដល់ហានិភ័យខ្ពស់នៅឡើយ។

បើតាមស្ថិតិបំណុលខាងលើបង្ហាញថា បំណុលសាធារណៈទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់ហិរញ្ញប្បទាននៃគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ ត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មីពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ទៅនឹងការប្រែ​ប្រួលអាកាសធាតុជាដើម។

បើធៀបជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាន បង្ហាញថា បំណុលសាធារណៈកម្ពុជាឈរលំដាប់លេខ ២ ដែលមានចំនួនទាបជាងគេ ១៨,៧% នៃGDP ខណៈប្រ៊ុយណេមាន ៣% នៃGDP។ ចំណែកប្រទេសដែលមានបំណុលសាធារណៈច្រើនជាងកម្ពុជាមានដូចជា វៀណាម ៣០% នៃGDP ឥណ្ឌូនេស៊ី ៤០% នៃGDP ហ្វ៊ីលីពីន ៥៥%  ភូមា៦០% ថៃ ៦៥% ម៉ាឡេស៊ី ៧០% ឡាវ ១០០% និងសឹង្ហបូរី១៧៥% នៃGDP៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា