បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ភ្នំពេញ​៖​ ​អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​។

ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​មុនពេល​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​វៀតណាម​ ​ឯកឧត្តម​បណ្ឌិត​ ញឹល​ ​រដ្ឋា​ ​អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​សង្គមកិច្ច ​និង​វប្បធម៌ ​បាន​មានប្រសាសន៍​ថា​ ​កិច្ច​ប្រជុំ​ ​CLMV ​នឹង​ផ្តល់​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ដល់​កម្ពុជា ​ជាពិសេស​ការ​ពង្រីក​ច្រក​សេដ្ឋកិច្ច​ ​និង​ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ជាមួយ​ប្រទេស​ក្នុង​តំបន់​។

​ឯក​ឧត្តម​បណ្ឌិត​បាន​បញ្ជាក់​ថា​ វេទិកា​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​ពង្រីក​ច្រក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ជាមួយ​ឡាវ មីយ៉ាន់ម៉ា ​និង​វៀតណាម ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ច្រក​ពាណិជ្ជកម្ម​តែ​មួយ​។ ​លោក​កត់សម្គាល់​ថា​ ​កន្លង​មក​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ច្រក​ប្រទេស​ថៃ​ ​ដែល​អាច​បង្ក​ជា​បញ្ហា​ប្រឈម​នៅពេល​មាន​ជម្លោះ​ព្រំដែន ​និង​សម្ពាធ​ពី​ភាគី​ថៃ​។

​លើស​ពី​នេះ​ ​កិច្ច​ប្រជុំ​នេះ​ក៏​អាច​ជួយ​ឱ្យ​កម្ពុជា​ចូលរួម​កាន់តែ​ស៊ីជម្រៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផ្នែក​បច្ចេកវិទ្យា​ ​និង​ឧស្សាហកម្ម​ក្នុង​តំបន់​ផងដែរ​។ ​ឯក​ឧត្តម​បណ្ឌិត​ ញឹល​ រដ្ឋា ​បាន​លើកឡើង​ថា​ វៀតណាម​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង​៤ ​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​និង​អេឡិចត្រូនិក​ ​ដែល​អាច​បង្កើត​ឱកាស​ឱ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​ហូរ​ចូល​មក​កម្ពុជា​តាមរយៈ​យុទ្ធសាស្ត្រ​ ​«​វៀតណាម​បូក​១​» ​(​Vietnam Plus ​1​)​។​

​ឯក​ឧត្តម​បាន​មានប្រសាសន៍​ថា​៖​ ​«​នៅក្នុង​ចំណោម​ប្រទេស​ទាំង​៤ ​នៃ​ ​CL​MV ​ឃើញ​ថា​ប្រទេស​វៀតណាម​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង​គេ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​និង​អេឡិចត្រូនិក​ ​ហើយ​ការ​រីកចម្រើន​នៅ​ប្រទេស​វៀតណាម​ ​វា​នឹង​ធ្វើឱ្យ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ទាំងនោះ​ហូរ​ចូល​មក​កម្ពុជា​តាមរយៈ​ការ​វិនិយោគ​ ​”​វៀតណាម​បូក​១​”​»​។

​ឯក​ឧត្តម​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​ វៀតណាម ​និង​ឡាវ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​ចំណោម​ប្រទេស​ CLMV ​ហើយ​កិច្ច​ប្រជុំ​នេះ​ក៏​ជា​យន្ត​ការ​សហប្រតិបត្តិការ​ដែល​ផ្តោត​លើ​ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​តំបន់​ត្រី​កោណ ​លើ​វិស័យ​អាទិភាព​ដូចជា​ ​កសិកម្ម ​ថាមពល ​និង​ការ​ដឹកជញ្ជូន​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ ​សមាគម​ឧកញ៉ា​កម្ពុជា​ ​ដែល​ជា​សមាគម​អ្នក​ធុរកិច្ច​ធំ​ៗ​នៅ​កម្ពុជា​ ​បាន​បញ្ជូន​សមាជិក​ចំនួន​៥​រូប ​ដើម្បី​អម​ដំណើរ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​វៀតណាម​ផងដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ ​ដំណើរ​ទស្សនកិច្ច​នេះ​រួមមាន​ ​កិច្ច​ប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រាយ៉ា​-​មេគង្គ​ ​(​ACME​CS​)​ ​លើក​ទី​១១​ ​និង​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​) ​លើក​ទី​១២​។

ស​មាគម​បាន​បញ្ជាក់​ថា​ ​ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ធុរកិច្ច​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំងនេះ​ ​បង្ហាញ​ពី​ការ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច​ ​ទាក់ទាញ​ការ​វិនិយោគ​បរទេស ​និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​កម្ពុជា​ ​និង​សហគមន៍​ធុរកិច្ច​អន្តរជាតិ​។

​គួរ​បញ្ជាក់​ថា​ ​កិច្ច​ប្រជុំ​កំពូល ​CLMV ​លើក​ទី​១២ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​រដ្ឋធានី​ហាណូយ ​ប្រទេស​វៀតណាម ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ការ​តភ្ជាប់​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​៤​។ ​កិច្ច​ប្រជុំ​នេះ​នឹង​ជំរុញ​ការ​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ដែន ការ​កាត់បន្ថយ​របាំង​ពន្ធ​ ​និង​របាំង​មិន​មែន​ពន្ធ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ​ព្រមទាំង​ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ការ​ពង្រីក​ច្រក​ទ្វារ​ព្រំដែន ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ច្រក​ពាណិជ្ជកម្ម​តែ​មួយ​។

​ជាមួយគ្នា​នេះ​ សារព័ត៌មាន​វៀតណាម VietnamPlus ​បាន​រាយការណ៍​ថា​ ​កិច្ច​ប្រជុំ​ ​CLMV ​ក៏​នឹង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ឧស្សាហកម្ម​ ការ​អភិវឌ្ឍ​តំបន់​ត្រី​កោណ ​និង​វិស័យ​អាទិភាព​ ​ព្រមទាំង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ ​និង​វិស័យ​ឯកជន​ផងដែរ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា