អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

​ភ្នំពេញ​៖​ វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ដែល​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦​ ​គម្រោង​វិនិយោគ​ដែល​បាន​ដាក់​ស្នើ ​និង​ទទួល​ការ​អនុម័ត​ ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​កសិកម្ម ​និង​កសិ​-​ឧស្សាហកម្ម ​ដោយ​ផ្តោត​លើ​តំបន់​ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​ការ​លើកទឹកចិត្ត​ ​ជា​ពិសេស​ខេត្ត​ព្រះសីហនុ ​និង​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​។

​លោក​ឧកញ៉ា​ ​នួន​ រិទ្ធី​ ​អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ K​FA ​មានប្រសាសន៍​ថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គម្រោង​វិនិយោគ​ភាគ​ច្រើន​បាន​ផ្តោត​លើ​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​។ ក្នុង​នោះ​ ​តំបន់​ដែល​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​រាជ​រដ្ឋាភិបាល​ ​ដូចជា​ភូមិភាគ​ឦសាន ​និង​ខេត្ត​ព្រះសីហនុ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​។

​លោក​បាន​ថ្លែង​ថា​៖​«​ ការ​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​ត្រូវការ​ដើមទុន​ច្រើន ​និង​រយៈពេល​យូរ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​។ ​ដូច្នេះ​ វិនិយោគិន​ភាគ​ច្រើន​មាន​ប្រភព​ទុន​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​គម្រោង​របស់​ខ្លួន​ ​ហើយ​អាច​សម្រេចចិត្ត​វិនិយោគ​ដោយ​មិន​ចាំបាច់​រង់ចាំ​ស្ថានភាព​សេដ្ឋកិច្ច​ជាក់លាក់​នោះ​ទេ​ ​ដោយ​ផ្តោត​លើ​ការ​ទទួល​ផល​ចំណេញ​នៅពេល​គម្រោង​ចាប់ផ្តើម​ដំណើរការ​»​។

​ដោយឡែក​ ​អ្នក​ឧកញ៉ា​ ​សៀ ​ឬ​ទ្ធី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ ​World​Bridge ​Group ​មានប្រសាសន៍​ថា ​ក្នុងពេល​ដែល​វិស័យ​អចលន​ទ្រព្យ​កំពុង​មាន​និន្នាការ​ធ្លាក់ចុះ​ ​និង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​គឺជា​ឱកាស​មួយ​សម្រាប់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

​អ្នក​ឧកញ៉ា​បញ្ជាក់​ថា​៖​«​ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​មិន​អាច​ពឹងផ្អែក​តែ​លើ​វិនិយោគិន​មួយចំនួន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ត្រូវការ​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ​ចាប់​ពី​ការ​ដាំដុះ​ ការ​ដឹកជញ្ជូន​ផលិតផល​ពី​កសិដ្ឋាន​ទៅ​ឃ្លាំង​ស្តុក​ ​រហូតដល់​ការ​ចែកចាយ​ទៅកាន់​ទីផ្សារ​»​។

​សម្រាប់​ ​World​Bridge ​Group ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​រួច​ជា​ស្រេច​ ​ដើម្បី​បម្រើ​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ពី​កសិដ្ឋាន​ទៅ​ឃ្លាំង ​និង​ពី​ឃ្លាំង​ទៅកាន់​ទីផ្សារ​។ ​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ក៏​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​បារាំង ​ដើម្បី​សាងសង់​ឃ្លាំង​ស្តុក​បន្លែ​ ​និង​ផ្លែ​ឈើ​ ​សម្រាប់​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ក្រៅ​ប្រទេស​ផងដែរ​។

​ចំណែក​លោក​ ប៉ូ ​អ៊ាវ​គង់​ ​អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Advance ​Real ​Estate ​មានប្រសាសន៍​ថា​ ​ដីធ្លី​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ ​និង​មាន​សកម្មភាព​ទិញ​លក់​ជា​បន្តបន្ទាប់​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នក​វិនិយោគ​។

​លោក​បញ្ជាក់​ថា​៖​«​ វិនិយោគិន​ដែល​ស្វែងរក​ដី​សម្រាប់​ឧស្សាហកម្ម​មិន​ចាំបាច់​ផ្តោត​លើ​ទីតាំង​កណ្តាល​ក្រុង​ ​ឬ​តំបន់​ដែល​មាន​តម្លៃ​ដី​ខ្ពស់​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ផ្តោត​លើ​ទីតាំង​ដែល​មាន​តម្លៃ​សមរម្យ​ ​និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដូច​ជា​ផ្លូវថ្នល់ ​និង​អគ្គិសនី ​ជាពិសេស​ដី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ​កត្តា​នេះ​បាន​ជំរុញ​ឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស ​និង​សួន​ឧស្សាហកម្ម​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​»​។

​ជា​ការ​កត់សម្គាល់​ ក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ​២០២៦ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ជិត ៤០០​ ​គម្រោង​។ ​ជាក់ស្ដែង​ ​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​និង​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី ​ខេត្ត ​បាន​សម្រេចចុះ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ៣​៦​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤៧០ ​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ ​១៧​.​០០០ ​កន្លែង​។

​ក្នុង​នោះ​ ​គម្រោង​ចំនួន​ ​២៣ ​ដែល​ចុះ​បញ្ជី​ដោយ​ ​CD​C ​មាន​ទុន​វិនិយោគ​ប្រមាណ ៤៣៥​ ​លាន​ដុល្លារ​អា​ម៉េរិក​ ​ខណៈ​គម្រោង​ចំនួន​ ១៣ ​ផ្សេងទៀត ​ដែល​ចុះ​បញ្ជី​ដោយ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី ​ខេត្ត​ ​មាន​ទុន​វិនិយោគ​ប្រមាណ ​៣៥​ លាន​ដុល្លារ​អាម៉េរិក​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា