អ្នកជំនាញ បង្ហាញ​ហេតុផល ដែលកម្ពុជាត្រូវបញ្ចូល​វត្ថុធាតុដើម​ក្នុង​ស្រុក ទៅក្នុង​គម្រោង​វិនិយោគជាង ៦,១៦​ ប៊ីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ បង្ហាញ​ហេតុផល ដែលកម្ពុជាត្រូវបញ្ចូល​វត្ថុធាតុដើម​ក្នុង​ស្រុក ទៅក្នុង​គម្រោង​វិនិយោគជាង ៦,១៦​ ប៊ីលានដុល្លារ

អ្នកជំនាញ បង្ហាញ​ហេតុផល ដែលកម្ពុជាត្រូវបញ្ចូល​វត្ថុធាតុដើម​ក្នុង​ស្រុក ទៅក្នុង​គម្រោង​វិនិយោគជាង ៦,១៦​ ប៊ីលានដុល្លារ

ភ្នំពេញ៖​ កម្ពុជា​ ទើប​បង្ហាញ​តួលេខ​ទុនដែល​បាន​អនុម័តចំនួន ៦,១៦​ ប៊ីលានដុល្លារ​ របស់​វិនិយោគិន​បរទេសដែលបាន​ចាប់​អារម្មណ៍ និង​ផ្ដល់​ទំនុកចិត្ត​រកស៊ី​នៅ​កម្ពុជាក្នុង​រយៈ​ពេល ១០ខែ​ ដើម​ឆ្នាំ​២០២៦ ដែលបង្កើតឱកាស​ការងា​រ ២៣៦ ០០០កន្លែង និងជាចរន្ត​រុញ​សេដ្ឋកិច្ច​ជាតិ​កើន​ឡើងនៅ​អំឡុង​ពេល​មានសម្ពាធ​អតិផរណា។

 ​អ្នកជំនាញ​សេដ្ឋកិច្ច ​បានសាទរ​ចំពោះលទ្ធផលដែលកើត​ចេញ​ពីការ​ខ្នះខ្នែង​របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកៀគរ​វិនិយោគិន​បរទេសនៅពេល​នេះ ប៉ុន្ដែ​ស្នើឱ្យ​​ស្ថាប័នជំនាញ ​​ជំរុញក្រុមហ៊ុនវិនិយោគ​ទាំង​នោះ​​ បញ្ចូល​វត្ថុធាតុ​ដើម​​របស់​ខ្មែរទៅក្នុង​ប្រព័ន្ធសង្វាក់ផលិតកម្ម​ឱ្យ​បាន​ច្រើន​បំផុត។

អ្នកស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​ ​លោក​បណ្ឌិត ជ័យ តិច ​បានមាន​ប្រសាសន៍​ថា ចំពោះ​វិស័យកម្មន្តសាល​ បច្ចេកវិទ្យា និង​កសិ-ឧស្សាហកម្ម​ ដែល​ត្រូវ​ការ​ប្រើ​កម្លាំង​ពលកម្ម​ជំនាញ ត្រូវ​ដាក់​បញ្ចូល​​វត្ថុធាតុដើម​​មាន​នៅ​ក្នុង​ស្រុកឱ្យ​អស់​លទ្ធភាព ដើម្បីបង្កើត​តម្លៃ​សេដ្ឋកិច្ចបន្ថែម។ ជាក់ស្ដែង​ ដូច​ជា​នៅ​ក្នុង​រោងចក្រ​ផលិត​សម្បកកង់ឡាន ត្រូវចាក់​បញ្ចូល​ជ័រកៅស៊ូខ្មែរឱ្យ​បានច្រើន ជា​ពិសេសក្នុង​វិស័យកែច្នៃចំណីអាហារ ត្រូវ​ប្រើ​កសិផល​ខ្មែរឱ្យ​បាន​ច្រើន​ទៅ​ជាផល​ពាក់កណ្ដាលសម្រេច ឬ​ផលិត​ផល​សម្រេចតែម្ដង ជាជាង​នាំ​វត្ថុធាតុដើម​ទៅ​កែច្នៃ​នៅក្រៅ​ប្រទេស​។

លោក​បណ្ឌិតបន្ថែម​ថា ៖ «នៅ​ពេលដែលរោងចក្រ សហគ្រាស ​ដំណើរការ​គម្រោង​វិនិយោគ​របស់​ខ្លួន ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា(CDC) និង​ក្រសួង​-ស្ថាប័ន​ជំនាញ ត្រូវ​តាមដាន​ជាប់លាប់​លើ​ការ​អនុវត្ត​របស់​អ្នក​វិនិយោគ ដើម្បី​ធានា​លើ​ការ​គោរព​តាម​បទដ្ឋាន និង​កិច្ច​សន្យា​មុន​ពេល​ទទួល​បាន​សិទ្ធិ​វិនិយោគ ជាមួយ​នឹង​ការប្រើ​សូចនាករ​តាមដាន​មួយ​ចំនួន​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង នៃ​ក្រុមហ៊ុន​នីមួយៗ»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ហ៊ាង សុទ្ធាយុត្ដិ បានបញ្ជាក់​ថា គេត្រូវ​បែងចែកឱ្យ​ដាច់​​រវាង​កញ្ចប់​ទុន​ដែល​បាន​អនុម័ត និង​កញ្ចប់​ទុន​ដែល​បាន​អនុវត្ត​ជាក់ស្ដែង ព្រោះ​ទុន​វិនិយោគ​ដែល​បាន​អនុម័ត គឺ​ជាសូចនាករឆ្លុះបញ្ចាំង​ពី​ចំណាប់​អារម្មណ៍ និង​ទំនុក​ចិត្ត​វិនិយោគិន​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប៉ុន្ដែ​មិន​ទាន់​មាន​ន័យ​ថា​ទុន​ទាំង​នោះ​បាន​បញ្ចេញ និង​ប្រើប្រាស់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ទាំង​ស្រុង​នោះ​ទេ។

ឯកឧត្ដមបានសង្កត់ធ្ងន់​ថា ៖ «ការវាស់វែងប្រសិទ្ធភាព​នៃការវិនិយោគ មិនបានផ្អែកតែលើចំនួនគម្រោង និងទំហំទុនវិនិយោគដែលបានអនុម័តនោះទេ ប៉ុន្តែត្រូវពិនិត្យលើលទ្ធផលជាក់ស្តែង និងការរួមចំណែករបស់គម្រោងវិនិយោគចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាម​រយៈ ​CDC ក៏បានដាក់ចេញ​នូវសូចនាករមួយចំនួនដែរ ដើម្បី​តាមដាន​ទៅលើ​ប្រសិទ្ធភាព»។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែល​បណ្ដាញ​សារព័ត៌មាន AMS ទទួល​បាន​នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា បាន​បង្ហាញ​ពី​សូចនាករ​ចំនួន ៦ ដើម្បី​វាស់វែងប្រសិទ្ធភាពដំណើរការ​វិនិយោគ។

ក្នុង​នោះ​ទី១ គឺ​ការអនុវត្តគម្រោងវិនិយោគជាក់ស្តែង ដោយមើល​ទៅ​លើ​ចំនួន​គម្រោង​ដែល​បាន​ចាប់​ផ្ដើម​សាងសង់ ឬដំណើរការ និង​មើល​លើ​ទំហំ​ទុន​បាន​បញ្ចេញ​ និង​អត្រា​អនុវត្ត​ជាក់ស្ដែង។ ទី២ គឺការបង្កើតការងារ និងការអភិវឌ្ឍធនធានមនុស្ស ដោ​យ​មើល​លើចំនួន​ការងារ​ដែល​បាន​ជ្រើស​រើស​ជាក់ស្ដែង កម្រិតប្រាក់​ឈ្នួល ការ​ផ្ទេរចំណេះដឹង​ដល់​កម្លាំង​ពលកម្ម​កម្ពុជា និង​ការ​បណ្ដុះ​បណ្ដាលជំនាញ។

ទី៣ ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការនាំចេញ ដោយ​មើល​លើ​តម្លៃ​ផលិតកម្ម តម្លៃបន្ថែម​ក្នុង​ស្រុក បរិមាណ និងតម្លៃ​នាំចេញ និង​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល និង​ទីផ្សារ។ ទី៤ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្ទេរបច្ចេកវិទ្យា ដោយ​ផ្ដោត​លើ​ការ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក ការ​ចូល​រួម​របស់​សហគ្រាស​ធុនតូច និងមធ្យម ការ​នាំ​យក​បច្ចេកវិទ្យា និង​នវានុវត្តន៍។

ទី៥ ការរួមចំណែកដល់ចំណូលជាតិ និងការអភិវឌ្ឍមូលដ្ឋាន ដោយ​ផ្ដោត​លើចំណូល​ពន្ធ ចំណូល​រដ្ឋ​តាម​របប​លើក​ទឹកចិត្ត បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន និងនៅ​តាម​បណ្ដាខេត្ដ​ឆ្ងាយៗ។ ទី៦ និរន្តរភាព និងគុណភាពនៃការវិនិយោគ ដោយ​ផ្ដោត​លើ​ការ​គោរព​ច្បាប់ ស្ដង់ដារបរិស្ថាន សុវត្ថិភាព​ការងារ ការ​ប្រើប្រាស់បច្ចេកវិទ្យាស្អាត និង​ថាមពល​ប្រើប្រាស់​មាន​ប្រសិទ្ធភាព សមត្ថភាព​ប្រកួតប្រជែង​ និង​ការ​អភិវឌ្ឍ​រយៈ​ពេលវែង៕

​

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា