អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ភ្នំពេញ ៖ ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ ដូច្នេះ ដើម្បីអាចជួយសម្រួល និងទទួលបានផលប្រយោជន៍វិលជុំ កសិករគួរយកចិត្តទុកដាក់ចំពោះប្រភពទឹកជាសំខាន់។ ក្នុងន័យនេះ អ្នកជំនាញកសិកម្មបានលើកឡើងថា កសិករគួរជីកស្រះក្នុងដីចំការរបស់ខ្លួនប្រសិនបើមានដីធំទូលាយ។

Advertisement

លោក ទេព ចាន់ដារ៉ា សាស្ត្រាចារ្យបង្រៀនកសិកម្មនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានឱ្យដឹងដែរថា ការជីកស្រះនៅក្នុងដីចំការគឺពិតជាសំខាន់ណាស់ ដែលវាស្របនឹង farming system និងផ្ដល់នូវផលចំណេញស្ទើរគ្រប់ជ្រុង។

លោកសាស្ត្រាចារ្យបញ្ជាក់ថា ៖

“ម្ចាស់ចំការ អាចធ្វើការជីកស្រះនៅក្នុងដីចំការបាន តែបើសម្រាប់អ្នកមានដីធំ គឺត្រូវតែធ្វើជាកាតព្វកិច្ចតែម្ដង ព្រោះ ប្រសិនបើយើងមានដីធំ ការជីកស្រះក្នុងដីចំការ ឬហៅថា Farming system ដែលរួមមានការដាំដំណាំ ការជីកស្រះ និងការចិញ្ចឹមសត្វ គឺសុទ្ធតែមានប្រយោជន៍”

លោកបន្តថា ៖

“យើងអាចទាញយកផលប្រយោជន៍ពីគ្រប់ផ្នែក តួយ៉ាងយើងដាំដំណាំ ហើយយើងជីកស្រះគឺយើងបានទឹកសម្រាប់ស្រោចដំណាំ ឯនៅក្នុងស្រះយើងអាចចិញ្ចឹមត្រីដោយយកបន្លែជាចំណីត្រីបាន។ ចំណែកនៅលើដី យើងចិញ្ចឹមសត្វដូចជាចិញ្ចឹមជ្រូក ហើយយើងអាចយកលាមកសត្វធ្វើជាចំណីត្រីបានដែរ ពោលគឺយើងអាចទទួលបានផលវិលជុំទាំងបន្លែ ទឹកស្រោចដំណាំ សត្វ និងត្រីនៅក្នុងស្រះ”

ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយបានមានប្រសាសន៍ប្រាប់ AMS ថា ចំពោះកសិករណាដែលមានដីទំហំធំល្មម ក្រៅពីចំណាយទីធ្លាសម្រាប់ការដាំដុះ ចិញ្ចឹមសត្វជាដើមនោះ គួរតែជីកស្រះទឹកមួយ ដែលអាចផ្ដល់ផលប្រយោជន៍បានច្រើនមុខត្រឡប់មកវិញ។

លោកឧកញ៉ាបញ្ជាក់ថា ​​៖

“បើមានដីធំទូលាយគួរតែជីកស្រះទៅ ព្រោះការជីកស្រះក្នុងចំការបានផ្ដល់ផលប្រយោជន៍ច្រើន ទី១ គឺបានទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ, ទី២ អាចចិញ្ចឹមត្រីទទួលទាន និងសល់សម្រាប់លក់ដូចដែលពាក្យខ្មែរច្រើននិយាយទូទៅថា មានទឹកមានត្រី ហើយទឹកអាចស្រោចដំណាំ ដូចដែលគេថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ បើអត់ទឹកធ្វើអីអត់កើតដែរ តែមានទឹកយើងអាចចិញ្ចឹមគោ ចិញ្ចឹមសត្វទាបាន”

លោកឧកញ៉ាបន្ថែមថា ៖

“ចំណុចសំខាន់មួយទៀតដែលបងប្អូនកសិករគួរជីកស្រះក្នុងចំការ គឺកាលណាយើងមានស្រះទឹក វាអាចជួយការពារដំណាំពីការជាំទឹក ដោយសារស្រះអាចរំដោះទឹកជំនន់នៅពេលណាមានភ្លៀងខ្លាំងជន់លិចក្នុងចំការផងដែរ”

សរុបជារួម ការជីកស្រះពិតជាកិច្ចការមួយចាំបាច់ខ្លាំងណាស់សម្រាប់ម្ចាស់ចំការក្នុងការធ្វើកសិកម្ម ពិសេសម្រាប់អ្នកដែលមានដីទំហំធំ ដែលអាចជីកបាន គឺត្រូវតែជីកដើម្បីទទួលបាននូវផលវិលជុំដូចដែលអ្នកជំនាញបានធ្វើការរៀបរាប់ខាងលើ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា