អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

​​ភ្នំពេញ​​៖​ ​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​កម្ពុជា​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​មើល​ឃើញ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​មកកាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​និង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច​។

​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​បាន​លើកឡើង​ថា​ ​ក្នុង​ផ្នែក​នយោបាយ​ ​ដំណើរ​ទស្សនកិច្ច​នេះ​បង្កើត​លំហ​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រីក​ការ​ចរចា​ជាមួយ​បារាំង ​និង​បន្ត​ពង្រឹង​បណ្តាញ​ដៃគូ​តាម​រយៈ​ក្របខណ្ឌ​ហ្វ្រង់​កូហ្វូនី​។ ​ជាពិសេស​ វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​បារាំង ​អំពី​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​នានា​។​

​អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា​ ​កម្ពុជា​ក៏​ទទួល​បាន​ឱកាស​បន្ថែម​ពី​ការ​ក្លាយជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ផងដែរ​។ យោង​តាម​មាត្រា​៣ នៃ​ធម្មនុញ្ញ​ហ្វ្រង់​កូហ្វូនី ​ប្រមុខ​រដ្ឋ ​ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​ ​នឹង​កាន់តួនាទី​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​រហូតដល់​កិច្ច​ប្រជុំ​កំពូល​លើក​បន្ទាប់ ​ដែល​ជា​ទូទៅ​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។​

​តួនាទី​នេះ​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ដឹកនាំ​ការ​ពិភាក្សា​ កសាង​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​ចំពោះ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​បាន​លើកឡើង​ថា​ ​ប្រធានាធិបតី​បារាំង​បាន​បង្ហាញ​បំណង​ពង្រីក​ទីផ្សារ​សម្រាប់​ធុរកិច្ច​បារាំង​នៅ​កម្ពុជា​។ ​ចំណែក​កម្ពុជា​ ​អាច​ប្រើប្រាស់​ចំណាប់អារម្មណ៍​នេះ​ជា​ឱកាស​ចរចា ​ដើម្បី​ធានា​ថា​ ​គម្រោង​វិនិយោគ​នានា​នាំមក​នូវ​ការងារ​ជំនាញ​ ការ​ផ្ទេរ​បច្ចេកវិទ្យា ​និង​ការ​បញ្ជាទិញ​ផលិតផល​ពី​អ្នក​ផ្គត់ផ្គង់​ក្នុង​ស្រុក​។

តាម​ទិន្នន័យ​របស់​រតនាគារ​បារាំង​ ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា ​និង​បារាំង​មាន​ទំហំ​ប្រមាណ ១​,​៧៥​ ​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០២៥​ ​កើនឡើង​ ​១៧​,​៥​%​ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។​ ​តួ​លេខ​នេះ​អាច​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​វាស់វែង​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​។

​បច្ចុប្បន្ន​ ​បារាំង​មាន​វត្តមាន​ក្នុង​វិស័យ​សំខាន់​ៗ​នៅ​កម្ពុជា រួម​មាន​ ​ដឹក​ជញ្ជូន​ ​ថាមពល​ ​កសិកម្ម ​និង​ចំណីអាហារ​ ​ទេសចរណ៍​ ​សុខាភិបាល​ ​និង​ហិរញ្ញវត្ថុ​។ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ ​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​កែច្នៃ​ផលិតផល​ក្នុង​ស្រុក​ ការ​លើកកម្ពស់​ស្តង់ដារ​គុណភាព​ ការ​បង្កើត​ការងារ​ជំនាញ ​ព្រមទាំង​ការ​ភ្ជាប់​សហគ្រាស​ខ្មែរ​ទៅកាន់​អ្នក​ទិញ​ ​និង​អ្នក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​របស់​បារាំង​។

​ដោយឡែក ​លើ​ផ្នែក​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ​កម្ពុជា​មាន​មូលដ្ឋាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បារាំង​រួច​ជា​ស្រេច ​ដើម្បី​បន្ត​ជំរុញ​គម្រោង​ថ្មី​ៗ​។ យោង​តាម​ក្រសួង​ការ​បរទេស​បារាំង​ ​ក្រុម​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ ​(​AFD​)​ ​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ ​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​សរុប​ជាង​ ១​,​៣ ​ពាន់​លាន​អឺរ៉ូ ​សម្រាប់​គម្រោង​លើ​វិស័យ​ទឹក​ ​អនាម័យ​ ​ថាមពល​ ​កសិកម្ម ​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​ក្រៅ​ពី​វិស័យ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ផងដែរ​។ ​ជាក់​ស្តែង​ ​គម្រោង​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​ ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ​៦​ លាន​អឺរ៉ូ ​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​បារាំង​តាំងពី​ឆ្នាំ​២០១២​ ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា​ ​និង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ​គម្រោង​នេះ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង​ក្នុង​ការ​ថែរក្សា​ ​និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​។

គួរ​រំលឹក​ថា​ ​ចាប់​ពី​ឆ្នាំ​១៩៦៦ ​រហូតដល់​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ចំនួន​ ៣​ ​រូប​ហើយ​។ ​ក្នុង​នោះ​ ​នៅ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៦៦ ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ ​Charles de ​Gaulle​។ ​បន្ទាប់មក​ ​នៅ​ថ្ងៃ​ទី​១១ ​និង​ទី​១២​ ​ខែ​កុម្ភៈ ​ឆ្នាំ​១៩៩៣ ​ឯកឧត្តម​ ​François ​Mitterrand ​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។​ ​ចុងក្រោយ ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​នេះ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា