​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

​ភ្នំពេញ​៖​ ​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​។

Advertisement

​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​ ជាពិសេស​ក្រោយ​ការ​បិទ​ព្រំដែន​គោក​រវាង​កម្ពុជា​ ​និង​ថៃ​ ​ដែល​បាន​ធ្វើឱ្យ​ការ​នាំចូល​ទំនិញ​មួយចំនួន​ប្រឈម​នឹង​ថ្លៃ​ដើម​កាន់តែ​ខ្ពស់​។

​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ​នៃ​ក្រសួង​ផែនការ​ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ក្នុង​រយៈពេល​៦​ខែ ​ឆ្នាំ​២០២៦​ ​បាន​កើនឡើង​ប្រមាណ​ ​៦,៨​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​ ​ខណៈ​សន្ទស្សន៍​ថ្លៃ​អាហារ​ និង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ ​កើនឡើង​ ​៤,៦​ភាគរយ​។

​ការ​កើនឡើង​ថ្លៃ​ទំនិញ​មួយចំនួន​ ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​ពន្យល់​ថា​ ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ព្រំដែន​គោក​រវាង​កម្ពុជា​ ​និង​ថៃ​ ព្រមទាំង​ការ​រឹតបន្តឹង​ការ​នាំចូល​ទំនិញ​សំខាន់​ៗ​តាម​ព្រំដែន​គោក​។ ​អ្នកនាំចូល​មួយចំនួន​បាន​បង្វែរ​ទិសដៅ​ទៅកាន់​ប្រទេស​ដូចជា​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូនេស៊ី ​ខណៈ​អ្នក​ផ្សេង​ទៀត​បន្ត​នាំចូល​ទំនិញ​ពី​ថៃ​តាម​ផ្លូវ​អាកាស​ និង​ផ្លូវ​ទឹក​ ​ដែល​ធ្វើឱ្យ​ថ្លៃ​ដើម​នៃ​ការ​នាំចូល​កើនឡើង​។

​លោក​បណ្ឌិត​ ញឹល ​រដ្ឋា ​អ្នកវិភាគ​សេដ្ឋកិច្ច​ និង​នយោបាយ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​ក្នុង​ប្រទេស​ ​គឺជា​សញ្ញាណ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ ​ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លី ​វា​អាច​បង្កើន​តម្រូវការ​វត្ថុធាតុ​ដើម​ និង​ធ្វើឱ្យ​តម្លៃ​វត្ថុធាតុ​ដើម​មួយ​ចំនួន​កើនឡើង​។

​លោក​បន្ត​ថា​ ​នៅពេល​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​កើនឡើង​ តម្រូវការ​វត្ថុធាតុ​ដើម​សម្រាប់​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក៏​កើនឡើង​ដែរ​។ ​ប៉ុន្តែ​ ​ក្នុង​រយៈពេល​វែង​ ​នៅពេល​រោងចក្រ​ទាំងនោះ​ចាប់ផ្តើម​ផលិត​បាន​ពេញលេញ​ ​វា​នឹង​អាច​ជួយ​ទប់ស្កាត់​អតិផរណា​វិញ​។

​លោក​បណ្ឌិត​បាន​បន្ថែម​ថា​ ​នៅពេល​ទំនិញ​កាន់តែ​ច្រើន​អាច​ផលិត​បាន​ក្នុង​ស្រុក​ ផលិតផល​ក្នុង​ស្រុក​នឹង​អាច​ប្រកួតប្រជែង​ផ្នែក​តម្លៃ​ជាមួយ​ផលិតផល​នាំចូល​ ​ដែល​អាច​ជួយ​ឱ្យ​តម្លៃ​ទំនិញ​ជា​រួម​ធ្លាក់​មក​កម្រិត​សមរម្យ​ ​និង​ជួយ​បន្ថយ​សម្ពាធ​អតិផរណា​បាន​មួយ​កម្រិត​។

​ពាក់ព័ន្ធ​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​ លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ទំនិញ​ដែល​ផលិត​ក្នុង​ស្រុក​មិន​មាន​ការ​ឡើង​ថ្លៃ​ទេ ​ទោះបី​តម្រូវការ​កើនឡើង​យ៉ាងណា​ក៏ដោយ​។​

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​តាម​ការ​ចុះ​ជួប​ជាមួយ​សហគ្រិន​ផលិត​ទំនិញ​ក្នុង​ស្រុក​ ម្ចាស់​សហគ្រាស​បាន​បញ្ជាក់​ថា​ ​ពួកគេ​មិន​មាន​ផែនការ​ដំឡើង​តម្លៃ​ទំនិញ​ដែល​ផលិត​ក្នុង​ស្រុក​ឡើយ​ ​ប៉ុន្តែ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​គុណភាព​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​។

​លោក​ឧកញ៉ា​បាន​ឱ្យដឹង​ថា​ ​ក្នុង​ឆ្នាំ​២០២៦​ ​កំណើន​រោងចក្រ ​និង​សហគ្រាស​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ ​ហើយ​ការ​វិនិយោគ​ទាំងនេះ​បាន​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច​ តាមរយៈ​ការ​បង្កើត​ការងារ​ ​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ​និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទំនិញ​ក្នុង​ស្រុក​ក្នុង​តម្លៃ​សមរម្យ​ ​និង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​។

​លោក​ឧកញ៉ា​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​ ​និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ​ខណៈវិនិយោគិន ​និង​សហគ្រិន​ក្នុង​ស្រុក​កំពុង​បង្កើន​ការ​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​។ ​លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្តោយ​ព្រំដែន​ ​បង្កើន​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​ទំនិញ​បរទេស​ខុស​ច្បាប់​។

​ជាមួយគ្នា​នេះ​ ​អ្នក​ឧកញ៉ា​ ​លាង​ ម៉េង​ សហ​ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​ជី​ប ​ម៉ុង ​គ្រុប ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​លើ​រោងចក្រ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ ​ដែល​អាច​ធ្វើឱ្យ​ផលិតផល​ចេញ​លក់​លើ​ទីផ្សារ​មាន​តម្លៃ​ទាប​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​បាន​។

​អ្នក​ឧកញ៉ា​បាន​ផ្តាំផ្ញើ​ដល់​វិនិយោគិន ​និង​សហគ្រិន​ដទៃ​ទៀត​ថា​ ​មុនពេល​វិនិយោគ​ផលិតផល​ណាមួយ​ ត្រូវ​សិក្សា​លម្អិត​ពី​តម្រូវការ​ទីផ្សារ​ និង​ផ្តោត​លើ​ការ​ផលិត​ទំនិញ​ដែល​មាន​គុណភាព​ និង​ថ្លៃ​ដើម​ទាប ​ដើម្បី​សម្រួល​ដល់​អ្នកប្រើប្រាស់​ក្នុង​ស្រុក​។

​ជាក់ស្តែង​ ក្រុមហ៊ុន​ ​ជី​ប ​ម៉ុង ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា ​និង​បើក​ការ​ដ្ឋាន​សាងសង់​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​ ជី​ប ​ម៉ុង ​(​Chip​ ​Mong​ ​Food​ &​ ​Beverages​) ​លើ​ផ្ទៃដី​ ​១៥​ហិកតា ​នៅ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​ ​កាលពី​ព្រឹក​ថ្ងៃទី​១​ ​ខែសីហា ​ឆ្នាំ​២០២៦​។

​រោងចក្រ​នេះ​ ​គ្រោង​បោះ​ទុន​វិនិយោគ​ប្រមាណ​ ​២៥០​លាន​ដុល្លារ​អាម៉េរិក ​ដោយ​ផលិតផល​រួមមាន​ ​ទឹកដោះគោ ​មី ​និង​តែ​ ​និង​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​មកពី​ប្រទេស​អាល្លឺម៉ង់​ ​និង​បារាំង​។

​ការ​វិនិយោគ​នេះ​ ត្រូវបាន​កំណត់​ជា​ការ​វិនិយោគ​រយៈពេល​វែង​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ ​បង្កើន​តម្លៃ​បន្ថែម​លើ​វត្ថុធាតុ​ដើម​កម្ពុជា​ ​និង​ចូលរួម​ជំរុញ​វិស័យ​ផលិតកម្ម​ ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​កសាង​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ភាព​រឹងមាំ​ និង​ចីរភាព​។

​រោងចក្រ​ថ្មី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​វិវឌ្ឍន៍​របស់​ម៉ាក​ដែល​ប្រជាជន​កម្ពុជា​ស្គាល់​អស់​រយៈពេល​ជាង​ ​១៦​ឆ្នាំ​មកហើយ​ ​ដោយ​ “​ខ្មែរ​ ប៊ែ​វើរី​ជីស​” ​នឹង​បន្ត​ដំណើរការ​ក្រោម​ឈ្មោះ​ថ្មី​ “​Chip​ ​Mong​ ​Food​ ​& ​Beverages​”​។

​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​អាហារ​ និង​ភេសជ្ជៈ​ ត្រូវបាន​រំពឹង​ថា​ ​នឹង​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ ​និង​បង្កើន​ការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ​ ​ដែល​អាច​រួមចំណែក​កាត់បន្ថយ​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា