អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

​ភ្នំពេញ ៖ ក្នុងគោលបំណងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​ក្នុងស្រុក និងការសន្សំ​បា្រក់ក្នុងអំឡុង​នៃ​សម្ពាធ​សេដ្ឋកិច្ច​សកល អ្នកជំនាញក្នុង​វិស័យទេសចរណ៍ និងម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក បានលើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ។

Advertisement

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា បានគូសបញ្ជាក់ថា បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់ជះឥទ្ធិពលអវិជ្ជមានផ្ទាល់ដល់វិស័យទេសចរណ៍កម្ពុជាក៏ពិតមែន ប៉ុន្តែស្ថិតក្នុងកាលទេសៈនេះ ​ពលរដ្ឋកម្ពុជា គួរធ្វើដំណើរកម្សាន្តក្នុងស្រុកជាជាងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។

លោកថា​ ៖

«យើងព្យាយាមលើកទឹកចិត្តសមជិករបស់យើងកាត់បន្ថយនាំភ្ញៀវចេញទៅក្រៅប្រទេស ដើម្បីឲ្យការចំណាយរបស់ភ្ញៀវវិលចូលក្នុងស្រុករបស់យើង»។

លោក ធួន ស៊ីណាន បានបញ្ជាក់ទៀតថា​ សមាគមទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់ពីតំបន់សក្ដានុពល ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ្នកស្រី អាន ស្រីណែត ស្ថាបនិកក្រុមហ៊ុន Summer Tour & Travel បានបញ្ជាក់ថា រៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុនអ្នកស្រីតែងរៀបចំដំណើរកម្សាន្តទៅកាន់តំបន់សក្ដានុពល ដូចជា ខេត្តកោះកុង សៀមរាប មណ្ឌលគិរី  ក្រចេះ ស្ទឹងត្រែង និងរតនៈគិរី ក្នុងគោលបំណងជំរុញភ្ញៀវទេសចរក្នុងស្រុក។

អ្នកស្រីបញ្ជាក់ថា​ ៖

«ដោយសារឈប់ច្រើនថ្ងៃ អ៊ីចឹងយើងរៀបចំកញ្ចប់ពិសេសគឺដើរលេង ៣ខេត្ត រយៈពេល​ ២យប់ ៣ថ្ងៃ រួមមានខេត្តក្រចេះ ស្ទឹងត្រែង និងរតនគីរី»។

ចំណែក លោក ហ៊ន សុកចាន់លីដា ស្ថាបនិក Solo landscpes ដែលជាក្រុមហ៊ុននាំភ្ញៀវទេសចរដើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ ក្រុមហ៊ុនលោកមានការរៀបចំដំណើរកម្សាន្តក្នុងស្រុកទៅកាន់ តំបន់កោះ ឆ្នេរសមុទ្រ និងតាមតំបន់ភ្នំ ផងដែរ។

លោកបញ្ចាក់ថា​

«ភាគច្រើនយើងមានទៅរបៀបដើរព្រៃ បោះតង់​ ទៅផ្សងព្រេងអីដែរ។ ពេលខ្លះក៏យើងទៅងូតទឹក ស្ទូចត្រី ឬទៅជិះទូកកាយ៉ាក់អីចឹងទៅ»។

យ៉ាងណាក៏ដោយ ម្ចាស់ក្រុមហ៊ុននាំភ្ញៀវទេសចរបានកត់សម្គាល់ឃើញថាចំនួនភ្ញៀវទេសចរដែលបានកក់កញ្ចប់ដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ ហាក់មិនសូវមានច្រើនដូចឆ្នាំមុនៗឡើយ។ កត្តាដែលនាំឲ្យការកក់កញ្ចប់ដំណើរកម្សាន្តអំឡុងបុណ្យចូលឆ្នាំខ្មែរថយចុះដែល​ក្រុម​ហ៊ុន​ទាំងនេះប៉ាន់ស្មានថា ដោយសារតែវិបត្តិសេដ្ឋកិច្ចសាកល។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅបរទេសធ្វើដំណើរមកកម្សាន្តនៅកម្ពុជាសម្រាប់ឱកាសចូលឆ្នាំខ្មែរឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏ជំរុញឲ្យពលរដ្ឋក្នុងស្រុកដើរលេងកម្សាន្ត​នៅក្នុងប្រទេសឲ្យបានច្រើន ព្រោះទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តសុទ្ធតែរៀបចំកម្មវិធីកម្សាន្តជាច្រើនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ។

របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ កាលពីឆ្នាំ២០២៥ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត ២៤លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស។ ក្នុងនោះ ភ្ញៀវជាតិមានជាង ២៣លាននាក់ និងភ្ញៀវអន្តរជាតិមានជាង ១១ម៉ឺន ៥ពាន់នាក់ ដោយក្នុងចំណោមតំបន់កម្សាន្តដែលមានប្រជាប្រិយភាពខ្ពស់រួមមាន​ រាជធានីភ្នំពេញ សៀមរាប និងកំពង់ចាម  មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅ​កម្សាន្តច្រើនជាងគេ៕ ដោយ ៖ ខន ណារី​ AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា