មន្រ្តីជំនាញប្រាប់ពីវិធីសាស្រ្តការពារ និងអភិរក្សសត្វផ្សោតរស់នៅតាមដងទន្លេមេគង្គទទួលបានជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជំនាញប្រាប់ពីវិធីសាស្រ្តការពារ និងអភិរក្សសត្វផ្សោតរស់នៅតាមដងទន្លេមេគង្គទទួលបានជោគជ័យ

មន្រ្តីជំនាញប្រាប់ពីវិធីសាស្រ្តការពារ និងអភិរក្សសត្វផ្សោតរស់នៅតាមដងទន្លេមេគង្គទទួលបានជោគជ័យ

ភ្នំពេញ ៖ ផ្សោត ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មានអាយុ ០៧ឆ្នំា ទើបវាអាចបង្កកំណើតបាន និងពពោះរយៈពេល១៤ខែ ហើយត្រូវងើបដកដង្ហើបចន្លោះពី ១នាទី ទៅ ២នាទីកន្លះម្តង។ ដោយសារតែវាជាថនិកសត្វរស់នៅក្នុងទឹក ស្ថិតក្នុងអំបូរសត្វកម្រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការជាដៃគូ បានយកចិត្តទុកដាក់ក្នុងការថែទាំ និងអភិរក្សយ៉ាងខ្លាំង រួមជាមួយនឹងការស្វែងរកវិធីសាស្ត្រក្នុងកិច្ចការពារ និងព្យាបាលជំងឺសត្វប្រភេទនេះថែមទៀតផង។ ជាលទ្ធផល និងជាប្រវត្តិសាស្ត្រដែលក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ មិនមានសត្វផ្សោតស្លាប់នោះទេ។

Advertisement

លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋាន​អភិរក្សជលផលនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វផ្សោត បានប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅ ដែលជាអន្លង់ទឹកដ៍សុខសាន្តសម្រាប់រស់នៅ និងបន្តពូជបានកាន់តែច្រើន។ ថនិកសត្វប្រភេទនេះ ចូលចិត្តរស់នៅក្នុងទន្លេមានទឹកត្រជាក់នាខេត្តក្រចេះ ដែមានប្រព័ន្ធអេកូឡូស៊ីល្អ និងសំបូរប្រភេទត្រីដែលវាអាចចាប់ស៊ីជាចំណីបាន។

ដោយឡែកពាក់ព័ន្ធទៅនឹងការថែទាំ និងការពារ គេអាចដឹងសត្វផ្សោតមានជំងឺតាមរយៈការសង្កេតឃើញវាមានរាងកាយចុះស្គមទៅៗ មិនសូវមានចលនារស់រវើកដូចផ្សោតទូទៅ ពិសេសនៅពេលឃើញមានដំបៅនៅលើដងខ្លួន ដែលបង្កឡើងដោយជំងឺខ្លួនឯង ឬគ្រោះថ្នាក់ដោយប្រការណាមួយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការព្យាបាលណាមួយនោះទេ ដោយគ្រាន់តែត្រូវទប់ស្កាត់ និងបង្ការជំងឺ តាមរយៈការតាមដានគុណភាពទឹក ចំណី និងការបំពានគ្នាទៅវិញទៅមក។

លោកបញ្ជាក់ថា ៖

«ជំនាញជលផលកំពុងសិក្សាអំពីវិធីជួយសង្គ្រោះ តាមរយៈបទពិសោធន៍ពីប្រទេសផ្សេងៗ ដូចជា ប្រទេសចិនជាដើម។ ជាមួយគ្នានេះ ដើម្បីថែរក្សាសត្វផ្សោតឱ្យនៅគង់វង្ស ក្រសួងបានពង្រឹងការអនុវត្តច្បាប់ ដោយធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រងការពារសត្វផ្សោត។ ក្នុងនោះបានដាក់មន្រ្តីឆ្មាំ មានសមត្ថភាពក្នុងការងារល្បាតទប់ស្កាត់បទល្មើស មានមធ្យោបាយល្បាតគ្រប់គ្រាន់ និងស្គាល់ភូមិសាស្រ្តជាក់ច្បាស់ ដែលអាចធ្វើអន្តរាគមន៍ទាន់ពេលវេលា ដោយត្រូវប្រើបច្ចេកទេសទំនើបដូចជា ដ្រូន និងកាមេរ៉ាសុវត្ថិភាពជាដើម»។

លោកបានបន្តថា ៖

«ក្រៅពីនេះត្រូវមានការអប់រំ និងផ្សព្វផ្សាយពីសារសំខាន់នៃសត្វផ្សោតទឹកសាបដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកនេសាទ ដើម្បីជំរុញការចូលរួមការពារ និងអភិរក្ស បញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ ពិសេសត្រូវស្រាវជ្រាវ និងតាមដានការរស់នៅ ការបង្កកំណើត ការស្លាប់ ដើម្បីចាត់វិធានការជាក់ស្តែងឱ្យបានទាន់ពេលវេលា»។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើងឡើយ។

ដោយឡែកគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទៀតសោតកម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ០៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។ លទ្ធផលដ៏ត្រចះត្រចង់នេះអាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពខ្ពស់។

សមិទ្ធផលដ៏វិសេសវិសាលនេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេស ឆ្មាំទន្លេ ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះក៏មានផងដែរ នូវការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងសត្វផ្សោត និងការបញ្ឈប់ធ្វើនេសាទខុសច្បាប់ជាដើម។

សូមបញ្ជាក់ដែរថា វត្តមានសត្វផ្សោតទឹកសាប ក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍ផងដែរ តាមរយៈការទាក់ទាញទេសចរចូលទស្សនា។ បច្ចុប្បន្ននេះ ប្រភេទសត្វផ្សោតទឹកសាប មានរស់នៅតាមទន្លេចំនួន ៣ គឺ ទន្លេ Ayeyarwady ឬហៅថាទន្លេ Irrawaddy (ប្រទេសភូមា) ទន្លេ Mahakam ( ប្រទេសឥណ្ឌូនេស៊ី ) និងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលប្រទះឃើញការធ្វើនេសាទខុសច្បាប់ ក្នុងកន្លែងអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៧៩១ ៩១៩ / ០៩៧ ៦៦៦ ៤៩៩៩/០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា