អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

​ភ្នំពេញ​៖​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧​។

​ទោះបី​ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​ចាត់ទុក​ថា​មាន​ហានិភ័យ​ទាប​ជាង​ដំណាំ​សំខាន់​ៗ​មួយចំនួន​ក៏​ដោយ​ ​ក៏​សីតុណ្ហភាព​លើស​ពី​ ​៤១​អង្សា​សេ​អាច​ប៉ះពាល់​ដល់​ការ​ចេញ​ផ្កា​ ​ការ​បង្កើត​ផល ​និង​ទិន្នផល​ផងដែរ​។

​លោក​ អួន ស៊ីឡុត ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​បាន​ប្រាប់​សារព័ត៌មាន​ AMS ថា​ ​សមាគម​កំពុង​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ដំណាំ​ស្វាយ​ចន្ទី ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ​និង​លក្ខខណ្ឌ​អាកាសធាតុ ​ព្រមទាំង​ជួយ​ឱ្យ​កសិករ​ត្រៀមខ្លួន​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមាន​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ខែ​តុលា ​ឆ្នាំ​២០២៦ ​សមាគម​បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដល់​កសិករ​ចំនួន​ ៣​២​.​០០០​គ្រួសារ​ ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ ​១០ ​ដោយ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ចំនួន​ ៣៧​វគ្គ​រួចហើយ​ ​ក្នុង​ចំណោម​ ៤០​វគ្គ​ដែល​បាន​គ្រោង​ទុក​សម្រាប់​ឆ្នាំ​២០២៦​។

​លោក​ អួន ​ស៊ីឡុត ​បាន​បញ្ជាក់​ថា​ ​សមាគម​មិន​ទាន់​អាច​វាយតម្លៃ​បាន​ច្បាស់លាស់​អំពី​កម្រិត​ផលប៉ះពាល់​ពី​អែលនីញ៉ូ​នៅឡើយ​ទេ​ ​ប៉ុន្តែ​សីតុណ្ហភាព​ខ្ពស់​ជាង​ ៤​១​អង្សា​សេ​អាច​បង្ក​បញ្ហា​ដល់​ដំណាំ​ស្វាយ​ចន្ទី​។

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​យើង​មិន​ទាន់​អាច​វាយតម្លៃ​ថា​ ​អែលនីញ៉ូមាន​ផលប៉ះពាល់​កម្រិត​ណា​ទេ​!​ ​តែ​បើ​រលក​កម្ដៅ​ខ្លាំង​លើស​ពី​ ​៤១​អង្សា​សេ ចន្ទី​នឹង​មាន​បញ្ហា​ ​ហើយ​យើង​ទទួល​ការ​ព្យាករណ៍​មក​ថា​ អែល​នីញ៉ូលើក​នេះ​ធ្ងន់​ជាង​ឆ្នាំ​២០១១ ​ខ្លាំង​ជាង​ឆ្នាំ​២០២០​។ ​ដូច្នេះ​ ​វា​ជា​ក្ដី​បារម្ភ​របស់​យើង​មួយ​ដែរ​»​។

​ជា​ទូទៅ​ ​ស្វាយចន្ទី​ជា​ដំណាំ​ត្រូពិក​ដែល​មិន​ត្រូវការ​ទឹក​ច្រើន ​និង​អាច​ធន់​នឹង​សីតុណ្ហភាព​ក្នុង​រង្វង់​ ៤០ ​ទៅ​ ​៤១​អង្សា​សេ​។ ​ទោះជា​យ៉ាងណា ​ប្រសិនបើ​រលក​កម្ដៅ​កើនឡើង​លើស​កម្រិត​នេះ​ ​វា​អាច​ប៉ះពាល់​ដល់​ដំណាក់កាល​ចេញ​ត្រួយ ​ចេញ​ផ្កា​ ​និង​បង្កើត​ផល ​ដែល​ជា​ទូទៅ​កើតមាន​ចាប់​ពី​ចុង​ខែ​វិច្ឆិកា ​ដល់​ដើម​ខែ​មីនា​។​

​កម្ដៅ​ខ្លាំង​អាច​ធ្វើឱ្យ​គុណភាព​លំអង​ផ្កា​ធ្លាក់ចុះ​ ផ្កា​រលាក ​និង​ក្រៀម ​ព្រមទាំង​បណ្ដាលឱ្យ​ផ្កា ​និង​ផ្លែ​ខ្ចី​ជ្រុះ​។ កង្វះជាតិ​ទឹក​ក៏​អាច​ធ្វើឱ្យ​ផ្លែ​ស្វិត ​និង​បង្កឱ្យ​ទិន្នផល​ធ្លាក់ចុះ​ផងដែរ​។

​ចំពោះ​វិធានការ​ទប់ទល់​នឹង​ហានិភ័យ​អាកាសធាតុ​ ​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ ​អ្នក​វិភាគ​សេដ្ឋកិច្ច​ ​បាន​ជំរុញ​ឱ្យ​វិស័យ​រដ្ឋ ​និង​ឯកជន​ចូលរួម​ចាត់​វិធានការ​រួមគ្នា​ ​ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ ​និង​រក្សា​ស្ថិរ​ភាព​វិស័យ​កសិកម្ម​។

​លោក​បាន​ណែនាំ​ឱ្យ​កសិករ​ជ្រើសរើស​ពូជ​ដំណាំ​ដែល​ធន់​នឹង​អាកាសធាតុ​ ​សន្សំ​ទឹក​ពី​ស្រះ ​ឬ​បឹង​ ​និង​កែលម្អ​ប្រព័ន្ធ​ស្រោចស្រព ​ដើម្បី​រក្សា​ទិន្នផល​ឱ្យ​នៅ​ថេរ ​ឬ​កាត់បន្ថយ​ការ​ធ្លាក់ចុះ​ឱ្យ​នៅ​កម្រិត​ទាប​បំផុត​។

​សម្រាប់​អ្នក​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី ​លោក​បាន​ជំរុញ​ឱ្យ​ពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​ពី​តំបន់​ដែល​មាន​សក្ដានុពល​ផ្សេង​ៗ ​និង​បង្កើត​កិច្ចសន្យា​ទិញ​-​លក់​ជា​មុន​ជាមួយ​កសិករ​។ ​ការ​វិនិយោគ​លើ​ការ​ស្ដុក​ទុក​ ​និង​សម្ងួត​គ្រាប់​ស្វាយចន្ទី​ក៏​មាន​សារៈសំខាន់ ​ដើម្បី​អាច​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ ​និង​លក់​ចេញ​តាម​តម្រូវការ​ទីផ្សារ​។

​ជាមួយគ្នា​នេះ​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​វិស័យ​រដ្ឋ ​និង​ឯកជន​គួរ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ទៀងទាត់​ ​និង​ច្បាស់លាស់​អំពី​ស្ថានភាព​អាកាសធាតុ​ ​និង​ទីផ្សារ ​ដល់​កសិករ ​និង​អ្នក​ប្រមូល​ទិញ​ ​ដើម្បីឱ្យ​ពួកគេ​អាច​រៀបចំ​ផែនការ​ផលិត ​និង​អាជីវកម្ម​បាន​សមស្រប​។

​ក្រៅ​ពី​ការ​គ្រប់គ្រង​ហានិភ័យ​អាកាសធាតុ​ ​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ ​និង​រក្សា​ចំណូល​ឱ្យ​បាន​កាន់តែ​ច្រើន​នៅក្នុង​សេដ្ឋកិច្ច​ជាតិ​។

​លោក​ចង់​ឃើញ​ការ​កើនឡើង​នៃ​តម្លៃ​សេដ្ឋកិច្ច​គ្រាប់​ស្វាយចន្ទី ​តាមរយៈ​ការ​កែច្នៃ​ទៅ​ជា​ផលិតផល​សម្រេច ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់ ​ជំនួស​ឱ្យ​ការ​លក់​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​តែ​មួយ​មុខ​។ ​លោក​យល់​ថា​ ​ការ​អភិវឌ្ឍ​ខ្សែ​សង្វាក់​កែច្នៃ​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​តម្លៃ​ផលិតផល​ ​និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​បន្ថែម​សម្រាប់​កម្ពុជា​។​

​ទោះជា​យ៉ាងណា ​លោក​ អួន ស៊ីឡុត ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​រោងចក្រ​ ​ឬ​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ថ្មី​ៗ​បើក​ដំណើរការ​នោះ​ទេ​ ​ដោយសារ​កំពុង​រង់ចាំ​គម្រោង​សួន​កសិ​ឧស្សាហកម្ម​របស់​រាជ​រដ្ឋាភិបាល​ ​ដែល​ត្រូវ​បាន​ព្យួរ​នៅក្នុង​ឆ្នាំ​២០២៦​។​ ហេតុ​នេះ​ ​រោងចក្រ ​និង​សិប្បកម្ម​ទាំងនោះ​មិន​ទាន់​អាច​នាំចូល​គ្រឿង​ម៉ាស៊ីន ​ដើម្បី​ចាប់ផ្ដើម​ផលិតកម្ម​បាន​នៅ​ឡើយ​។

យោង​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​ក្នុង​រយៈពេល​ ៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ប្រមាណ ១​,​៨​លាន​តោន ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ ​១​.​៩០០​លាន​ដុល្លារ​អាមេរិក​។ របាយការណ៍​បាន​បង្ហាញ​ថា​ ​តួលេខ​នេះ​កើនឡើង​ ​២៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​។

វៀតណាម​នៅតែ​ជា​ទីផ្សារ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។ ​ចំពោះ​តម្លៃ​ជា​មធ្យម​ ​គ្រាប់​ស្វាយ​ចន្ទី​មាន​តម្លៃ​ប្រមាណ ៥​.​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំ​២០២៥​ ​និង​កើន​ដល់​ប្រមាណ ៥​.​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំ​២០២៦​។

ដោយឡែក​ ​ក្នុង​ឆ្នាំ​២០២៥​ ​កម្ពុជា​ផលិត​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​បាន​ចំនួន​ ​១​.​០២០​.​៧៥៧​តោន​ ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ ​១​,​៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ តួ​លេខ​នេះ​ត្រូវ​បាន​រាយការណ៍​ថា​កើនឡើង​ ​២៩​%​ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។

​ទោះ​បី​ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​ចាត់ទុក​ថា​មាន​ភាព​ធន់​ជាង​ដំណាំ​សំខាន់​ៗ​មួយចំនួន​ចំពោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ក៏​ដោយ​ ​ការ​ត្រៀមខ្លួន​របស់​កសិករ ​ការ​គ្រប់គ្រង​ធនធាន​ទឹក ការ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ​និង​ការ​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក​ ​នៅតែ​ជា​កត្តា​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ ​និង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​នៃ​វិស័យ​ស្វាយចន្ទី​កម្ពុជា​ក្នុង​រយៈពេល​វែង​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា