ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

​ភ្នំពេញ​៖​ ​ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម​។

Advertisement

​លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​កម្ពុជា​បាន​ចំណាយ​ថវិកា​នាំចូល​ទំនិញ​ពី​បរទេស​រាប់​ពាន់​លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ​ ​រួមទាំង​ទំនិញ​មួយចំនួន​ដែល​អាច​ផលិត​បាន​នៅក្នុង​ស្រុក​។ ​លោក​បាន​លើកឡើង​ថា​ ​ប្រសិនបើ​ប្រជាពលរដ្ឋ​កម្ពុជា​ងាក​មក​ទិញ​ ​និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​កាន់តែ​ច្រើន​ ​នោះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​។

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​កន្លងមក​ កម្ពុជា​បាន​ចំណាយ​ថវិកា​ជាច្រើន​លើ​ការ​ទិញ​ទំនិញ​ ​និង​ការ​ចាយវាយ​នៅ​ក្រៅ​ប្រទេស​ ​ជាពិសេស​នៅ​ប្រទេស​ថៃ​។ ​ប៉ុន្តែ​ចាប់តាំងពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ ​និង​ថៃ​ ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​បាន​ពហិការ​ឈប់​ប្រើប្រាស់​សេវាកម្ម​ ​និង​ទំនិញ​របស់​ថៃ​ ​ហើយ​អ្នក​ដែល​ធ្លាប់​ទៅ​ចាយវាយ​នៅ​ប្រទេស​ថៃ​ ​ក៏​បាន​ផ្អាក​ការ​ចំណាយ​នៅ​ទីនោះ​ផងដែរ​។

​លោក​ឧកញ៉ាបន្ត​ថា​ ​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០២៥​មក​ ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ងាក​មក​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​ ​ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​

​​លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ ​មានប្រសាសន៍​ថា​៖​ «​បើសិនជា​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ ងាក​មក​ប្រើប្រាស់​ទំនិញ​ក្នុង​ស្រុក​ ​នឹង​អាច​ជួយ​សេដ្ឋកិច្ច​បាន​ច្រើន​ណាស់​។ ​ជាក់ស្ដែង​ ​នៅពេល​មាន​ការ​បញ្ជាទិញ​កាន់តែ​ច្រើន​លើ​ទីផ្សារ​ ​អ្នកផលិត​ក្នុង​ស្រុក​នឹង​បង្កើន​ការ​ផលិត​ ​ហើយ​សហគ្រាស​ផលិត​នឹង​មាន​តម្រូវការ​លើ​កម្លាំង​ពលកម្ម ​ក៏​ដូចជា​វត្ថុធាតុ​ដើម​ដែល​មាន​ក្នុង​ស្រុក​ផងដែរ​»​។

​ទោះបីជា​ទំនិញ​ពី​ថៃ​បាន​ថយចុះ​នៅលើ​ទីផ្សារ​កម្ពុជា​ក៏ដោយ​ ​លោក​ឧកញ៉ា​បាន​ឱ្យដឹង​ថា​ ​អ្នកនាំចូល​បាន​បង្វែរ​ទៅ​នាំចូល​ពី​ប្រទេស​ផ្សេង​ជំនួស​ ​ដែល​ធ្វើឱ្យ​ផលិតផល​ក្នុង​ស្រុក​នៅតែ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​។ ​យ៉ាងណា​ក៏ដោយ​ ​លោក​កត់សម្គាល់​ថា​ ​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០២៥​មក​ សន្ទុះ​នៃ​ការ​គាំទ្រ​ផលិតផល​ខ្មែរ​បាន​កើនឡើង​យ៉ាង​ខ្លាំង ​ដោយ​នៅពេល​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ ស្តង់​លក់​មួយចំនួន​ថែមទាំងអស់​ស្តុក​មុនពេល​បិទ​កម្មវិធី​ទៀតផង​។

​លោក​ឧកញ៉ា​រំពឹង​ថា​ ​នៅ​ចុង​ឆ្នាំ​២០២៦​ ​ឬ​ដើម​ឆ្នាំ​២០២៧​ ​កំណើន​សហគ្រាស​ផលិត​ទំនិញ​ ​ជាពិសេស​ផ្នែក​ចំណីអាហារ​ និង​ភេសជ្ជៈ​ ​នឹង​កើនឡើង​បន្ថែម​ទៀត​ ​ខណៈ​សហគ្រាស​មួយចំនួន​បាន​ដំណើរការ​ ​ហើយ​មួយចំនួន​ទៀត​កំពុង​សាងសង់​រោងចក្រ ​ដើម្បី​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។

​ជាមួយគ្នា​នេះ​ ​អ្នក​ឧកញ៉ា​ ​លាង​ ម៉េង​ សហ​ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ជីប ​ម៉ុង ​គ្រុប ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ ​២៥០​ ​លាន​ដុល្លារ​ សម្រាប់​សាងសង់​រោងចក្រ​ផលិត​ចំណីអាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។ ​លោក​បាន​បញ្ជាក់​ថា​ ​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ ​១,០០០​ កន្លែង​ និង​ដោយ​ប្រយោល​ប្រមាណ​ ​៥,០០០​ កន្លែង​ ព្រមទាំង​នាំយក​បច្ចេកវិទ្យា​ទំនើប​ពី​បរទេស​ និង​រួមចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ផលិតកម្ម​។

​អ្នក​ឧកញ៉ា​ ​លាង​ ម៉េង ​បាន​បន្ថែម​ថា​ ​កម្ពុជា​មិន​អាច​ហាមឃាត់​ការ​នាំចូល​ទំនិញ​ពី​បរទេស​បាន​នោះ​ទេ​ ​ប៉ុន្តែ​ការ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ក្នុង​ស្រុក​ ​នឹង​ជួយ​ឱ្យ​ផលិតផល​ខ្មែរ​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ ​និង​ជួយ​ឱ្យ​កម្ពុជា​អាច​ផលិត​ទំនិញ​សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួនឯង​កាន់តែ​ច្រើន​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា