ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ភ្នំពេញ៖ ដូច​ការ​គ្រោង​ទុក ប្រធានសមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា បាន​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​លើកង្វល់​របស់​កសិករ​ចំពោះ​ផលិតកម្មស៊ុត ឬពងមាន់ ដែល​ថា​អាច​នឹង​ចាល់ទីផ្សារ​នៅ​ឆ្នាំ​២០២៧ ជាមួយមន្ដ្រី​ជាន់ខ្ពស់នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាលពីថ្ងៃ​ទី១២​ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ។

យោង​តាម​គណនីបណ្តាញសង្គមផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​ថា អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្ដម ជា វុទ្ធី បានស្វាគមន៍​ទទួលជួបពិភាក្សាជាមួយលោក ស្រ៊ុន ពៅ ប្រធាន​សមាគមអ្នកចិញ្ចឹមសត្វ​កម្ពុជា​ ហើយ​បាន​ស្ដាប់​នូវ​ប្រវត្ដិនៃការ​បង្កើត​សមាគម និងបានចែករំលែកពីវឌ្ឍនភាព សក្តានុពលវិស័យចិញ្ចឹមសត្វនៅ​កម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយរបស់វិស័យកសិកម្ម និងមានតួនាទីចូលរួមបង្កើនផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងធានាបាន​នូវសន្តិសុខស្បៀង។

នៅក្នុងកិច្ចពិភាក្សា លោក ស៊្រុន ពៅ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។ ប៉ុន្ដែ​បញ្ហា​ប្រឈម​ជាក់លាក់ដែល​បាន​លើក​ឡើង​ក្នុង​ជំនួប​នេះ ​មិន​ត្រូវ​បាន​បញ្ចេញ​ជាសាធារណៈ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា នៅមុន​​ជំនួប​នេះកើត​ឡើង ប្រធាន​សមាគម​លោក ស៊្រុន ពៅ ធ្លាប់​បានប្រាប់​បណ្ដាញ​សារព័ត៌មាន AMS ​ថា កង្វល់​មួយ​របស់​សមាគម ក៏​ដូច​ជា​កសិករ​ក្នុង​ស្រុក​ដែរ គឺ​រឿង​កសិដ្ឋាន​ចិញ្ចឹមមាន់ពង​ខ្នាតធំ​របស់​ក្រុមហ៊ុន​ចិន​ជាច្រើន កំពុង​ពង្រីក​ការ​ផលិត​ស៊ុត​យ៉ាង​ឆាប់​រហ័សក្នុង​ចំនួន​ដ៏ច្រើនដែលអាច​ប៉ះពាល់​ដល់​ទីផ្សារ​ស៊ុត​របស់​កសិករខ្មែរ​។

ទន្ទឹម​គ្នា​នឹង​ការ​លើក​ឡើង​ពី​ក្ដី​បារម្ភ​រឿង​ប្រកួត​ប្រជែង​មិន​ឈ្នះ​ទីផ្សារ​ពងមាន់ ឬស៊ុត​ដែល​ផលិត​ឡើង​ដោយ​កសិដ្ឋាន​ទំនើបៗ​របស់​ក្រុមហ៊ុនចិននៅ​ពេល​នេះ ក៏​មាន​អ្នក​ជំនាញ​កសិកម្ម និង​មន្ដ្រី​រាជរដ្ឋាភិបាល​មួយចំនួនបាន​លើក​ទឹកចិត្ដ​កសិករ ឬ​កសិដ្ឋាន​ទាំង​តូច ​ទាំង​ធំ ឱ្យ​បន្ដ​ផលិត​ភាព​របស់​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​ដែល​កំពុង​ខ្វះខាត​ជាក់ស្ដែង និង​ត្រៀម​នាំចេញទៅ​ក្រៅប្រទេស។

បើ​តាម​​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា បច្ចុប្បន្ន​កម្ពុជាមាន​តម្រូវ​ការស៊ុត ឬ​ពងមាន់​ប្រមាណ ៤លាន​គ្រាប់​ក្នុង​១ថ្ងៃ ខណៈដែល​កសិករ​ខ្មែរ​ចិញ្ចឹមមាន់ពង​ផលិត​បាន​ស៊ុត​ជាង ៣​លាន​គ្រាប់​ក្នុង​១ថ្ងៃ ដែល​ស្ទើរ​តែបំពេញ​តម្រូវ​ការ​​គ្រប់គ្រាន់​ទៅ​ហើយ។ ដូច្នេះ និង​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊្រុន ពៅ ក្នុង​រយៈ​ពេល​ដ៏ខ្លី ឬ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៧ ស៊ុត ឬ​ពងមាន់​នឹង​ចាល់​នៅ​លើ​ទីផ្សារ ដោយសារ​កសិដ្ឋាន​ធំៗ​របស់​ចិនចាប់ផ្តើមបញ្ចេញលក់នៅលើទីផ្សារ។

សូមជម្រាបដែរថា គិតត្រឹម​ល្ងាច​ថ្ងៃ​ទី១២ ខែវិច្ឆិកា បណ្តាញសារព័ត៌មាន AMS មិន​ទាន់​អាច​​សុំ​ការ​អត្ថាធិប្បាយលម្អិត​ពី​លោក ស៊្រុន ពៅ ជុំវិញ​ជំនួប​នេះ​នៅ​ឡើយ​ទេ ប៉ុន្ដែឯកឧត្ដម ជា វុទ្ធី បានលើក​ឡើង​ថា គណៈកម្មាធិការវិនិយោគ​កម្ពុជា បានត្រៀម​ខ្លួន​ជួយ​សមាគម​​ជានិច្ចក្នុង​ការសម្របសម្រួល​ជាមួយ​ក្រសួង-ស្ថាប័ន​ជំនាញ ដើម្បី​អភិវឌ្ឍវិស័យ​នេះឱ្យ​កាន់​តែរីកចម្រើន មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង និង​អាច​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ស្រុក​ផង៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា