Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

បរទេស​៖​ ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​BBC​។

Advertisement

​ការ​សម្រេចចិត្ត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃពុធ​កន្លងទៅ​នេះ​ ​ទោះបីជា​មាន​ក្ដីបារម្ភ​ថា​ ​អតិផរណា​អាចនឹង​បន្ត​កើនឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ដោយសារតែ​ជម្លោះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ក៏ដោយ​។​

​លោក​ ​Kevin​ ​Warsh​ ​ប្រធាន​ធនាគារ​កណ្តាល​ដែល​ទើបតែ​ចូលកាន់​តំណែង​បាន​ជាង​ប្រាំបី​សប្តាហ៍​មក​នេះ​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ​ស្ថាប័ន​កំពុង​បំពេញ​ការងារ​ និង​​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​ ដើម្បី​ធានាបាន​ថា​ ​អាច​សម្រេចបាន​លទ្ធផល​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ជា​ដំណោះស្រាយ​​កាត់បន្ថយ​បន្ទុក​ថ្លៃ​ដើម​នៃ​ការ​រស់នៅ​របស់​ពលរដ្ឋ​អាម៉េរិក​បាន​ភ្លាម​ៗ​នោះ​ទេ​។​

​យ៉ាងណាមិញ​ លោក​ ​Warsh​ ​ប្តេជ្ញាចិត្ត​ថា​ ​នឹង​ទម្លាក់​អតិផរណា​ឱ្យ​ធ្លាក់ចុះ​ ​ប៉ុន្តែ​ក៏​បញ្ជាក់​ដែរ​ថា​វា​ត្រូវ​ទាមទារ​រយៈពេល​យូរ ​ដោយសារតែ​តម្លៃ​ទំនិញ​នៅ​អាម៉េរិក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ជាង​គោលដៅ​ ​២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​ក្នុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​មកហើយ​។​

​ទោះបីជា​អតិផរណា​ប្រចាំ​ឆ្នាំ​គិត​ត្រឹម​ខែមិថុនា​ធ្លាក់ចុះ​មក​ត្រឹម​ ​៣,៥​ ​ភាគរយ​ក៏ដោយ​ ​ក៏​អត្រា​នៃ​ការ​ឡើង​ថ្លៃ​ទំនិញ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ស្ថាប័ន​ដដែល​។

​នៅក្នុង​កិច្ចប្រជុំ​កំណត់​គោលនយោបាយ​នេះ​ មន្ត្រី​របស់​ធនាគារ​កណ្តាល​បាន​បោះឆ្នោត​ក្នុង​សំឡេង​ ​៩​ ទល់​នឹង​ ​៣​ ​គាំទ្រ​ដល់​ការ​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ ​ខណៈ​ដែល​សមាជិក​ទាំង​បី​រូប​បោះឆ្នោត​ចង់ឱ្យ​មាន​ការ​ដំឡើង​អត្រា​ការ​ប្រាក់​បន្តិចបន្តួច​។

​លោក​ ​Warsh​ ​បង្ហើប​ថា​ ​លោក​ផ្ទាល់​គឺជា​អ្នកស្នើសុំ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ​សមាជិក​ដទៃ​ទៀត​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​។ ​ការ​សម្រេចចិត្ត​នេះ​កើតឡើង​ចំ​ពេល​ដែល​តម្លៃ​ប្រេង​សកល​មាន​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​។

​កាលពី​ថ្ងៃពុធ​កន្លងទៅ​នេះ​ តម្លៃ​ប្រេង​ឆៅ​ ​Brent​ ​ឡើង​ថ្លៃ​ជាង​ ​៦​ ​ភាគរយ​ជិត​ ​៩០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មើលឃើញ​ថា​ ​ទីផ្សារ​ថាមពល​គឺជា​កត្តា​ចម្បង​ដែល​បន្ត​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​អាម៉េរិក​លើ​អត្រា​ការ​ប្រាក់​នា​ពេល​អនាគត​។​

ក្រោយពេល​ប្រកាស​លទ្ធផល​រក្សា​អត្រា​ការ​ប្រាក់​នៅ​ដដែល​នេះ​ ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់​ក្នុង​កម្រិត​ទាប ​ដោយ​សន្ទស្សន៍​ភាគហ៊ុន​ ​S​&​P​ ​500​ ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ខែ​។ ​

សន្ទស្សន៍​ភាគហ៊ុន​ ​Nasdaq​ ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា​ ​ធ្លាក់ចុះ​ប្រហែល​ ​៩​ ​ភាគរយ ​ខណៈ​ដែល​សន្ទស្សន៍​ភាគហ៊ុន​ ​Dow​ ​Jones​ ​ធ្លាក់ចុះ​ ​២,១៩​ ​ភាគរយ​។ ​ការ​ធ្លាក់ចុះ​នេះ​ក៏​ត្រូវ​រង​ឥទ្ធិពល​ពី​ការ​ធ្លាក់ចុះ​នៃ​ភាគហ៊ុន​បន្ទះ​ឈីប​ ​AI​ ​និង​ការ​ព្រួយបារម្ភ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ៗ​លើ​អំពី​ការ​ចំណាយ​ទុន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​AI​ ​ផងដែរ​។​

កន្លងមក​ ប្រធានាធិបតី​អាម៉េរិក ​លោក​ ​Donald​ ​Trump​ ​ធ្លាប់​ដាក់​សម្ពាធ​លើ​អតីត​ប្រធាន​ធនាគារ​កណ្តាល​លោក​ ​Jerome​ ​Powell​ ​ឱ្យ​កាត់បន្ថយ​អត្រា​ការ​ប្រាក់​ ​ហើយក៏​រំពឹង​ថា​ ​លោក​ ​Warsh​ ​ដែល​ជា​ប្រធាន​ថ្មី​នឹង​បំពេញ​តាម​ការ​ទាមទារ​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​អាម៉េរិក​ ​និង​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​មុន​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ​។​

​ទោះជា​យ៉ាងណា​ក្ដី​ ​លោក​ ​Warsh​ ​អះអាង​ពី​គោលដៅ​របស់​ខ្លួន​ថា​ ​គឺ​ធ្វើ​យ៉ាងណា​មិន​ឱ្យ​មាន​នយោបាយ​ពាក់ព័ន្ធ​នោះ​ឡើយ​ ​ព្រមទាំង​បាន​គូសបញ្ជាក់​យ៉ាង​ដាច់អហង្ការ​អំពី​ឯករាជ្យភាព​របស់​ធនាគារ​កណ្តាល​នៅក្នុង​រាល់​ការ​សម្រេចចិត្ត​នានា​ផងដែរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា