ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

​បរទេស​៖ ​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​ ​ខណៈ​ទីក្រុង​ ​Helsinki ​កំពុង​ពិចារណា​ពី​លទ្ធភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​ទីក្រុង​ Paris ​បន្ថែម​ទៀត​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ប៊ុលហ្គារី ​Novinata ​នៅ​សប្តាហ៍​នេះ​ ​លោក​ Alexander Stubb ​ប្រធានាធិបតី​ហ្វាំងឡង់ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​បាន​ចាប់ផ្ដើម​ដំណើរការ​ឆ្ពោះទៅ​រក​ការ​ចូលរួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​ទប់ស្កាត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង​រួចហើយ​។ ​ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​ ​ហើយ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ផងដែរ​។

​លោក​ Stubb ​បាន​មានប្រសាសន៍​ថា​ ​ទំហំ​នៃ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​ ​ដោយ​ភាគី​ពាក់ព័ន្ធ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ ​និង​វាយតម្លៃ​ជម្រើស​ផ្សេង​ៗ ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេចចិត្ត​បន្ថែម​។

​លោក​បាន​បញ្ជាក់​ថា​ ហ្វាំងឡង់​នឹង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន​លើ​ផលប៉ះពាល់​នៃ​ជម្រើស​នីមួយ​ៗ ​មុនពេល​កំណត់​ទម្រង់​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​។

​ទន្ទឹម​នឹង​នេះ​ ​ប្រធានាធិបតី​ហ្វាំងឡង់​បាន​គូសបញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​ក៏​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​សមត្ថភាព​ទប់ស្កាត់​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ ​តាមរយៈ​សមាជិកភាព​របស់​ខ្លួន​ក្នុង​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO)​ ​ផងដែរ​។ ​ទោះជា​យ៉ាងណា ​ចំពេល​មាន​ការ​ផ្លាស់ប្តូរ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សន្តិសុខ​អឺរ៉ុប ​ទីក្រុង​ ​Helsinki ​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ Paris ​បន្ថែម​ទៀត​។

គួរ​រំលឹក​ថា​ ​កាលពី​ខែ​មីនា ​ឆ្នាំ​២០២៦ ​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ប្រកាស​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​«​Dissuasion ​Avancée​»​ ​ឬ​ ​«​Forward Deterrence​»​ ​ដែល​មាន​ន័យ​ថា​ ​ការ​ទប់ស្កាត់​ជា​មុន​។ ​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ផ្តល់​ក្របខ័ណ្ឌ​សម្រាប់​ពង្រីក​ការ​ការពារ​ដោយ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​បារាំង​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ដែល​មាន​ចំណាប់អារម្មណ៍ ​ដោយ​មិន​ផ្ទេរ​អធិបតេយ្យភាព​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង​ទៅ​ឱ្យ​ប្រទេស​ដទៃ​ឡើយ​។

​មក​ដល់​ខែ​តុលា ​ឆ្នាំ​២០២៦ ​គំនិត​ផ្តួចផ្តើម​នេះ​បាន​បន្ត​វិវឌ្ឍ​ទៅ​មុខ​ ​ដោយ​មាន​ប្រទេស​អឺរ៉ុប​ចំនួន​ ​១០ រួម​ទាំង​ហ្វាំង​ឡង់ ​ដែល​បាន​ចូលរួម​ ​ឬ​កំពុង​ពិភាក្សា​អំពី​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ​។ ​ប្រទេស​ទាំងនោះ​រួមមាន​ អាល្លឺម៉ង់ ចក្រភព​អង់គ្លេស​ ប៉ូឡូញ​ ​ហូឡង់ បែល​ហ្ស៊ិក​ ​ដាណឺម៉ាក​ ​ក្រិក​ ​ស៊ុយអែត ន័រវែស ​និង​ហ្វាំងឡង់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា