ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រះសីហនុ​​​ ៖ បណ្តាក្រុមអ្នកនេសាទជាច្រើន បានបង្ខំចិត្តផ្អាកចេញទូកទៅប្រមូលផលសមុទ្រ ដោយសារតម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ ធ្វើឱ្យពួកគេមិនអាចរកប្រាក់ចំណេញបានដូចពេលមុនបាន។

Advertisement

លោកស្រី ផល គឹមហេង ម្ចាស់ទូកនេសាទសមុទ្រម្នាក់នៅតំបន់ទំនប់រលក ក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មាន AMS នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូតឡើងថ្លៃដល់ ៦៥៥០រៀលក្នុងមួយលីត្រ កើនលើសពេលមុនជិត ៣០០០រៀលក្នុងមួយលីត្រដូចគ្នា ជាកត្តាធ្វើឱ្យក្រុមអ្នកនេសាទនៅតំបន់ទំនប់រកលកផ្អាកធ្វើការនេសាទបណ្តោះអាសន្នដោយសារមិនអាចរកប្រាក់ចំណេញបាន។

លោកស្រីបន្តថា​ ៖

«តម្លៃប្រេងម៉ាស៊ូតពីមុនមួយកានជាង ១១០,០០០រៀល ដល់ឥឡូវមួយកានតម្លៃប្រមាណ ២០០,០០០រៀល ដូច្នេះមិនអាចរកប្រាក់ចំណេញបានទេ ព្រោះផលនេសាទមិនអាចលក់ឡើងថ្លៃខ្ពស់ដូចតម្លៃប្រេងទេ»។

ជាមួយគ្នានេះដែរ​ លោកស្រីបញ្ជាក់ថា ការចេញទូកនេសាទមួយជើងត្រូវចំណាយប្រេងម៉ាស៊ូតប្រហែល ១០ប៊ីដុង គិតជាប្រាក់ប្រហែលជាង ១,១០០,០០០រៀល កាលពីពេលមុន ហើយពេលត្រឡប់មកវិញលក់ផលនេសាទចេញបានប្រហែល ១,៣០០,០០០រៀល ប៉ុន្តែបច្ចុប្បន្នតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្លាំង ការចំណាយលើថ្លៃប្រេងម៉ាស៊ូតកើនឡើងខ្លាំង ជាកត្តាធ្វើឱ្យអ្នកនេសាទផ្អាកចេញទូកប្រមូលផលសមុទ្របណ្តោះអាសន្នស្ទើរទាំងអស់ និងរង់ចាំប្រេងធ្លាក់ថ្លៃទើបចេញនេសាទបន្តទៀត។

លោក ហ៊ាង ថុនា អ្នកនេសាទម្នាក់ទៀតប្រចាំនៅលើកោះស្តេច បានផ្តល់ព័ត៌មានតាមទូរសព្ទមកថា រយៈពេលមួយសប្តាហ៍ហើយទូករបស់លោក ក៏ដូចជាទូកអ្នកនេសាទផ្សេងទៀតនៅលើកោះស្តេចជាង ៧០ ទៅ ៨០ភាគរយ បានសម្រេចចតនៅស្ងៀម មិនធ្វើសកម្មភាពចេញទៅនេសាទដូចសព្វដងនោះទេ ដោយសារប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់ខ្លាំង មិនអាចរកប្រាក់ចំណេញបាន។

លោកថា ពេលចេញដំណើរធ្វើនេសាទមួយលើកៗត្រូវចាក់ប្រេងអស់ប្រមាណ ២០០លីត្រ មានតម្លៃប្រហែល ៧០ម៉ឺនរៀល(ពេលមុន) ប៉ុន្តែបច្ចុប្បន្នត្រូវចំណាយថ្លៃប្រេងដល់ទៅជាង ១លានរៀលឯណោះ។

លោកបញ្ជាក់ថា​ ៖

«កាលមុនយើងចំណាយអស់៧០ម៉ឺនរៀល ទាំងទឹកកកសម្រាប់ក្លាសេ យើងរកបាន ១លានរៀល អាចបានចំណេញ តែឥឡូវចំណាយថ្លៃប្រេងអស់ជាង ១លានរៀលហើយ មិនអាចចេញទៅអូសបានទេ អ្នកដែលចេញមួយចំនួនតូចដោយសារគេសល់ប្រេងនៅក្នុងស្តុក»។

អាជីវករបោះដុំគ្រឿងសមុ ទ្រនៅកំពង់ផែទំនប់រលក លោក សម​ រដ្ឋា បានឱ្យដឹងថាដែរ បច្ចុប្បន្នតម្លៃគ្រឿងសមុទ្របានឡើងថ្លៃមួយគីឡូក្រាមចន្លោះពី ១០០០រៀលទៅ ២០០០រៀលប៉ុណ្ណោះ មិនឡើងច្រើនដូចប្រេងសាំងនោះឡើយ ដែលជាកត្តាធ្វើឱ្យអ្នកនេសាទផ្អាកចេញទូកស្ទើរអស់ទៅហើយ។

លោកថា ៖

«អ្នកនេសាទឥឡូវអត់ចេញអូសទេ នៅសល់មួយៗ ដោយសារអ្នកខ្លះគាត់សល់ប្រេងក្នុងស្តុកក៏ចេញអូសទៅ ហើយការលក់គ្រឿងសមុទ្រចេញក៍មិនបានច្រើនដែរ ព្រោះថាមនុស្សឥឡូវគេអត់សូវចាយលុយទេ ដោយសារសេដ្ឋកិច្ចមិនសូវល្អ»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា ការឡើងថ្លៃប្រេងឥន្ធនៈពិតជាផ្តល់ផលប៉ះពាល់ដល់មុខរបរប្រជានេសាទនៅខេត្តព្រះសីហនុប្រាកដមែន។ លោកថា នៅពេលប្រេងសាំងឡើងថ្លៃ តែងបង្កផលប៉ះពាល់ដល់គ្រប់វិស័យមិនថាតែទូកនេសាទនោះទេ ពោលការដឹកជញ្ជូនទូរទៅ ជាពិសេសដឹកភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ប៉ុន្តែតម្លៃសំបុត្រនាវាទេសចរណ៍នៅមិនទាន់ឡើងថ្លៃនៅឡើយ រង់ចាំមើលស្ថានការណ៍នៅពេលខាងមុខបន្តទៀត។

គួរកត់សម្គាល់ថា សម្រាប់តែខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន យ៉ាងហោចណាស់មានទូកនេសាទសរុប​ប្រមាណ ១៥០០គ្រឿង ប៉ុន្តែក្រោយពេលតម្លៃប្រេងឡើងថ្លៃ នៅមានទូកមិនដល់៥០០គ្រឿងនោះទេដែលបន្តចេញនេសាទ​ ហើយនៅសល់ប៉ុន្មានបានផ្អាកជាបណ្តោះអាសន្ន។

យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុបានឱ្យដឹងថា ជាទូទៅ ប្រជានេសាទក្នុងខេត្តព្រះសីហនុ​ តែងប្រមូលផលនេសាទសមុទ្របានប្រមាណជាង ៥០​០០០ តោនក្នុងមួយឆ្នាំ សម្រាប់ទីផ្សារក្នុងខេត្ត នាំចេញទៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ផលសមុទ្រនៅទីនេះមានភាពសម្បូរបែប ស្រស់ៗ និងមានតម្លៃសមរម្យ ដូចជា ក្តាម មឹក បង្គា ត្រីសមុទ្រ និងគ្រឿងសមុទ្រផ្សេងៗទៀត៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា