ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

Advertisement

បរទេស​៖​ ​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ​ ក្នុង​គោលបំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រភព​ពី​ក្រៅ​ប្រទេស​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​Nikkei​ ​Asia​។

​សេតវិមាន​បាន​ឱ្យដឹង​ថា​ ​បទបញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ត្រាំ​ ​កំណត់​ពន្ធ ​១០០​ ​ភាគរយ​លើ​ដ្រូន​ដែល​មាន​ទំហំ​ជាក់លាក់​ ​ឬ​មាន​សមត្ថភាព​ពិសេស​ដែល​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​ ​ខណៈ​ដ្រូន​ដែល​មាន​ទំហំ​តូច​ជាង​នេះ​ត្រូវ​ប្រឈម​ពន្ធ​ ​២៥​ ​ភាគរយ​។

​ជាមួយគ្នា​នេះ​ ​ពន្ធ ​១៥​ ​ភាគរយ​នឹង​ត្រូវ​អនុវត្ត​លើ​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដែល​នាំចូល​ពី​សហភាព​អឺរ៉ុប​ ជប៉ុន​ លិច​តិន​ស្តាញ​ ​កូរ៉េ​ខាងត្បូង​ ស៊ុយអែត ​និង​តៃវ៉ាន់ ​ខណៈ​ដ្រូន​នាំចូល​ពី​ចក្រភព​អង់គ្លេស​នឹង​ប្រឈម​ពន្ធ​ ​១០​ ​ភាគរយ​។​

វិធានការ​ពន្ធ​គយ​ទាំង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​ខាងមុខ​។ ​ដោយឡែក​ សម្រាប់​គ្រឿង​បន្លាស់​ដ្រូន​ដែល​មិន​សូវ​មាន​ភាព​រសើប​ចំពោះ​សន្តិសុខ​ជាតិ​ ​ពន្ធ​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ ​១៨០​ ​ថ្ងៃ​ ​បន្ទាប់ពី​បទបញ្ជា​ត្រូវបាន​ចុះហត្ថលេខា​។

​សម្រាប់​ផលិតផល​ ​ឬ​គ្រឿង​បន្លាស់​ណាមួយ​ដែល​ក្រសួង​ការពារ​ជាតិ​អាម៉េរិក​ផ្តល់​ការ​លើកលែង​ចេញ​ពី​បញ្ជី​ហាមឃាត់​ ​ក៏​នឹង​ត្រូវ​អនុវត្ត​ពន្ធ​ក្នុង​រយៈពេល​ ​១៨០​ ​ថ្ងៃ​ ក្រោយ​ការ​ចុះហត្ថលេខា​ ​២០​ ​ថ្ងៃ​។

​ទោះបីជា​ប្រឈម​នឹង​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវ​ច្បាប់​ ​និង​ការ​រិះគន់​ពីសំណាក់​អ្នកវិភាគ​មួយចំនួន​ក៏ដោយ​ ​លោក​ ត្រាំ ​នៅតែ​បន្ត​ដាក់​ចេញ​គោលនយោបាយ​ពន្ធ​គយ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​គោលនយោបាយ​ការ​បរទេស​ ​និង​ពាណិជ្ជកម្ម​របស់​លោក​។​

វិធានការ​នេះ​ត្រូវបាន​ដាក់ចេញ​ ​ខណៈ​ឧស្សាហកម្ម​ក្នុង​ស្រុក​របស់​អាម៉េរិក​មិន​ទាន់​អាច​ផលិត​ដ្រូន​បាន​គ្រប់គ្រាន់ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សន្តិសុខ​ជាតិ​។

​លោក​ ត្រាំ ​បាន​បញ្ជាក់​ថា​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​លោក​ ​Howard​ ​Lutnick​ ​បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការ​នាំចូល​ប្រព័ន្ធ​ដ្រូន ​ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​។

​លោក​ ត្រាំ ​បាន​ថ្លែង​ថា​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​រកឃើញ​ថា​ ​ការ​នាំចូល​ពី​ក្រុមហ៊ុន​ផលិត​ដ្រូន​បរទេស​មាន​កម្រិត​ខ្ពស់​ ​និង​ធ្វើឱ្យ​អាម៉េរិក​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ប្រភព​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​។

​លោក​ ​Lutnick​ ​ក៏​បាន​រកឃើញ​ថា​ ​ដ្រូន​ ​និង​គ្រឿង​បន្លាស់​មួយចំនួន​ពី​បរទេស​អាច​បង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​ ​និង​សន្តិសុខ​របស់​អាម៉េរិក​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា