ភ្ញៀវទេសចរបរទេសទៅលេងថៃ ធ្លាក់ចុះក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្ញៀវទេសចរបរទេសទៅលេងថៃ ធ្លាក់ចុះក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៦

ភ្ញៀវទេសចរបរទេសទៅលេងថៃ ធ្លាក់ចុះក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៦

បរទេស៖ វិស័យទេសចរណ៍របស់ថៃ មានការធ្លាក់ចុះនៃចំនួនភ្ញៀវបរទេសប្រមាណ ៣,៤៥ ភាគរយ ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះបើយោងតាមការរាយការណ៍ពី VN Express។

Advertisement

ការធ្លាក់ចុះនេះមកពីកត្តាជាច្រើនរួមមាន ជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលប៉ះពាល់ដល់ផែនការរបស់អ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍រងការរំខាន និងការរឹតបន្តឹងច្បាប់ចំពោះភ្ញៀវទេសចរណ៍ដែលប្រព្រឹត្តសកម្មភាពមិនសមរម្យអាចប្រឈមមុខនឹងការដកហូតទិដ្ឋាការ និងនិរទេសជាបន្ទាន់។

ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ រាយការណ៍ថា ការមកដល់នៃភ្ញៀវបរទេសធ្លាក់ចុះមកត្រឹម ៣,៤៥ ភាគរយ ឬ ជិត ១២ លាននាក់ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។

នៅក្នុងខែមករា ភ្ញៀវបរទេសមកដល់ប្រទេសថៃមានចំនួន ២,៦ លាននាក់, ៣,២៦ លាននាក់ក្នុងខែកុម្ពៈ, ២,៧៧ លាននាក់ក្នុងខែមីនា, និង ២,៣៧ លាននាក់ក្នុងខែមេសា។ គេមើលឃើញពីការធ្លាក់ចុះខ្លាំងនៅក្នុងខែមេសា ដោយការមកដល់របស់ភ្ញៀវបរទេសធ្លាក់ចុះ ៧ ភាគរយ បើធៀបនឹងខែមេសាឆ្នាំមុន ដោយសារជម្លោះនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃសំបុត្រយន្តហោះឡើងថ្លៃ និងចំនួននៃជើងហោះហើរមានកម្រិត។

ការកើនឡើងថ្លៃនៃតម្លៃប្រេងយន្តហោះជំរុញតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់ ជាពិសេស ជើងហោះហើរផ្លូវឆ្ងាយប្រើរយៈពេលយូរម៉ោង ដែលធ្វើឱ្យភ្ញៀវបរទេសមិនចង់ធ្វើដំណើរផ្លូវឆ្ងាយ។

ស្របពេលវិស័យទេសចរណ៍កំពុងធ្លាក់ចុះ ថៃបានបញ្ជាឱ្យអាជ្ញាធរទូទាំងប្រទេសបង្រ្កាបភ្ញៀវបរទេសដែលមិនគោរពច្បាប់ ដោយព្រមានថា ភ្ញៀវដែលបំពានច្បាប់ បំភិតបំភ័យអ្នកស្រុក ឬ ប្រព្រឹត្តមិនសមរម្យអាចប្រឈមមុខនឹងការដកហូតទិដ្ឋាការ និងការនិរទេសជាបន្ទាន់។ វិធានការណ៍នេះកើតឡើងបន្ទាប់ពីភ្ញៀវទេសចរមួយចំនួនអាក្រាតកាយជាសាធារណៈ និងអាកប្បកិរិយាមិនសមរម្យផ្សេងៗទៀតនៅសាធារណៈ។

របាយការណ៍ពីគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយរបស់ថៃ Kiatnakin Phatra Financial Group បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣៥,‌១ លាននាក់ក្នុងឆ្នាំ ២០២៥ មកត្រឹម ៣១,២ លាននាក់នៅឆ្នាំ ២០២៦ នេះ ដោយសារតែតម្លៃធ្វើដំណើរកាន់តែឡើងថ្លៃ និងទំនុកចិត្តអ្នកប្រើប្រាស់ចុះខ្សោយ។

យ៉ាងណាមិញ ជនជាតិចិននៅតែជាប្រភពភ្ញៀវបរទេសដ៏ធំបំផុតរបស់ប្រទេសថៃ ដោយការមកដល់នៃភ្ញៀវទេសចរចិនមានចំនួន ៣១,៩ ភាគរយ ឬ ស្មើរនឹង ៤១៨ ២៩១ នាក់នៅក្នុងខែមេសា។ ទន្ទឹមនឹងនេះ ថៃកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ៥,៥ លាននាក់នៅក្នុងឆ្នាំនេះ កើនឡើងពី ៤,៤៧ លាននាក់ក្នុងឆ្នាំ ២០២៥៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា