ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង - ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង - ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ

ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង - ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ — ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន  ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់​​ ភ្នំពេញ។

Advertisement

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមកពីស្ថាប័នហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍គម្រោង ម្ចាស់សហគ្រាស ក៏ដូចជាអ្នកម៉ៅការដំឡើងផងដែរ។

បច្ចុប្បន្ន គម្រោងសូឡាខ្នាតធំ និងប្រព័ន្ធសូឡាលើដំបូលតាមរោងចក្រ-សហគ្រាស កំពុងមានការរីកដុះដាលយ៉ាងខ្លាំង។ ទោះជាយ៉ាងណា គម្រោងទាំងនេះនៅតែប្រឈមនឹងហានិភ័យខ្ពស់ ទាំងផ្នែកធម្មជាតិ (គ្រោះមហន្តរាយធម្មជាតិ) និងផ្នែកបច្ចេកទេស (ដូចជាហានិភ័យអគ្គិភ័យលើប្រព័ន្ធអាគុយ BESS)។ ដោយសារទំហំវិនិយោគមានតម្លៃធំធេងរហូតដល់រាប់រយលានដុល្លារ ទីផ្សារធានារ៉ាប់រងក្នុងស្រុកតែមួយមិនអាចស្រូបយកហានិភ័យទាំងស្រុងបានឡើយ ដែលទាមទារឱ្យមានការគាំទ្រពីប្រព័ន្ធធានារ៉ាប់រងបន្តអន្តរជាតិ។

លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា៖

«ការវិនិយោគលើថាមពលសូឡា និងប្រព័ន្ធស្តុកថាមពលអាគុយ ទាមទារទុនយ៉ាងសន្ធឹកសន្ធាប់ពីវិនិយោគិន ម្ចាស់អាជីវកម្ម និងធនាគារក្នុងស្រុក។ ហ្វតតេ យល់ច្បាស់ពីចំណុចនេះ ហើយយើងបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ «ខែលការពារផ្នែកហិរញ្ញវត្ថុ» ដ៏រឹងមាំបំផុតសម្រាប់អាជីវកម្មរបស់ពួកគាត់។ គោលបំណងចម្បងរបស់យើងគឺធានាថា គម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់នៅកម្ពុជា ទទួលបានការការពារស្របតាមស្តង់ដាអន្តរជាតិ ដើម្បីឱ្យម្ចាស់អាជីវកម្មក្នុងស្រុកអាចដំណើរការ និងពង្រីកគម្រោងបៃតងរបស់ខ្លួនដោយភាពស្ងប់ចិត្ត។»

សិក្ខាសាលានេះបានបង្ហាញយ៉ាងលម្អិតអំពីកញ្ចប់ដំណោះស្រាយធានារ៉ាប់រង ដែលរចនាឡើងជាពិសេស សមស្របទៅតាមតម្រូវការ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក រួមមាន៖

  • ដំណាក់កាលសាងសង់ និងដំឡើង៖ ការពាររាល់ការខូចខាតចៃដន្យលើផ្ទាំងសូឡា និងបរិក្ខារក្នុងអំឡុងពេលដឹកជញ្ជូន និងដំឡើងនៅការដ្ឋាន ព្រមទាំងការពារការទទួលខុសត្រូវចំពោះភាគីទីបី (តតិយជន)។
  • ដំណាក់កាលប្រតិបត្តិការ៖ ការពារទ្រព្យសម្បត្តិ និងឧបករណ៍បច្ចេកទេសពីគ្រោះធម្មជាតិ (អគ្គិភ័យ រន្ទះបាញ់ ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់)។
  • ការធានាលើការរំខានដល់អាជីវកម្ម (Business Interruption)៖ នេះជាចំណុចគន្លឹះបំផុតសម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក។ ប្រសិនបើមានការខូចខាតណាមួយកើតឡើងដែលធ្វើឱ្យប្រព័ន្ធសូឡាផ្អាកដំណើរការផលិតថាមពល ធានារ៉ាប់រងនឹងជួយប៉ះប៉ូវការបាត់បង់ចំណូល ឬចំណាយអគ្គិសនីដែលកើនឡើងភ្លាមៗ ដើម្បីរក្សាលំនឹងចរន្តសាច់ប្រាក់របស់អាជីវកម្ម។

លោក ហ៊ុយ វ៉ាថារ៉ូ អគ្គនាយក នៃក្រុមហ៊ុន ធានារ៉ាប់រងបន្ត កម្ពុជារី បានសង្កត់ធ្ងន់ផងដែរថា៖

«គម្រោងថាមពលពន្លឺព្រះអាទិត្យអាចប្រកបដោយនិរន្តរភាពហិរញ្ញវត្ថុ លុះត្រាតែគម្រោងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធានារ៉ាប់រងបាននៅក្នុងទីផ្សារអន្តរជាតិ។ កិច្ចសហការរវាង កម្ពុជារី និង ហ្វតតេ ថ្ងៃនេះ គឺធ្វើឡើងដើម្បីកសាងស្ពានចម្លង បើកផ្លូវឱ្យគម្រោងរបស់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកអាចផ្ទេរហានិភ័យមកកាន់ក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិ (Global Reinsurance Pools) ដែលនេះជាគន្លឹះសំខាន់ក្នុងការជួយជំរុញឱ្យធនាគារកាន់តែមានទំនុកចិត្តក្នុងការផ្តល់កម្ចី ឬហិរញ្ញប្បទាន (Bankability)។»

ទន្ទឹមនឹងនេះដែរ សិក្ខាសាលាក៏បានអញ្ជើញអ្នកជំនាញអន្តរជាតិឈានមុខគេមកពីក្រុមហ៊ុន AON Reinsurance Solutions, Swiss Re Asia និងជាពិសេសតំណាងមកពី China Belt and Road Reinsurance Pool (CHINA RE P&C) និង CPIC ដើម្បីមកចែករំលែកបទពិសោធន៍។ សិក្ខាសាលានេះផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងស៊ីជម្រៅពីលក្ខខណ្ឌនៃការវាយតម្លៃហានិភ័យ ពីទស្សនៈរបស់អ្នកធានារ៉ាប់រងបន្ត (Underwriters View) ដោយផ្តោតលើការវាយតម្លៃវិស្វកម្មហានិភ័យ ស្តង់ដាឯកសារ និងប្រតិបត្តិការ វដ្តនៃទីផ្សារធានារ៉ាប់រង ទិដ្ឋភាពទូទៅនៃទីផ្សារធានារ៉ាប់រងថាមពលក្នុងកម្រិតតំបន់ និងសកលលោក ព្រមទាំងបទពិសោធន៍នៃការបាត់បង់កន្លងមក។

ការយល់ដឹងទាំងនេះនឹងជួយឱ្យម្ចាស់គម្រោងចេះវិធីបង្ការមុនពេលកើតហេតុ និងជួយឱ្យក្រុមហ៊ុនក្នុងស្រុកទទួលបានតម្លៃបុព្វលាភធានារ៉ាប់រង (Premium) ដែលមានតម្លៃសមរម្យ និងមានស្ថិរភាពយូរអង្វែង។

ការចាប់ដៃគ្នារវាង ក្រុមហ៊ុន ហ្វតតេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) ក្នុងព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់អភិបាលកិច្ចហានិភ័យ (Risk Governance) ធានាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់ និងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាអ្នកដឹកនាំក្នុងវិស័យថាមពលបៃតងប្រកបដោយចីរភាព។

អំពី ហ្វតតេ

ក្រុមហ៊ុន ហ្វតតេ ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ ១៩៩៩ ហើយបានវិវត្តខ្លួនទៅជាក្រុមហ៊ុនាធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេស ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងគ្រប់ជ្រុងជ្រោយសម្រាប់បុគ្គល គ្រួសារ និងបណ្តាអាជីវកម្មនានា។ ផ្អែកលើចក្ខុវិស័យក្នុងការផ្តល់កិច្ចការពារ និងការលើកកម្ពស់សក្តានុពលរបស់ប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានការអភិវឌ្ឍ ហ្វតតេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត ព្រមទាំងគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ហ្វតតេ ត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្ថាប័ន GCR Ratings ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Moody’s នូវកម្រិតស្តង់ដាអន្តរជាតិ B+ និងកម្រិតស្តង់ដាជាតិ AA+(KH) សម្រាប់ចំណាត់ថ្នាក់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ សមិទ្ធផលដ៏លេចធ្លោនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ ការឈរជើងដ៏មានឧត្តមភាពនៅក្នុងទីផ្សារ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការបំពេញរាល់កាតព្វកិច្ចជូនដល់អតិថិជនទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

អំពី កម្ពុជារី

ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (“កម្ពុជា រី”) ត្រូវបានបង្កើតឡើងជាសហគ្រាសរដ្ឋក្រោមអាណាព្យាបាលរបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឆ្នាំ 2002 ដើម្បីគាំទ្រទីផ្សារធានារ៉ាបរងកម្ពុជាដែលទើបចាប់កំណើតឡើង ។ ក្នុងឆ្នាំ2004 ក្រុមហ៊ុន កម្ពុជា រី បានក្លាយខ្លួនជាក្រុមហ៊ុន ចម្រុះរដ្ឋ ដើម្បីនាំយកនូវជំនាញ និងបទពិសោធន៍បន្ថែមទៀត ស្របតាមផែនការរីកចម្រើនរបស់ក្រុមហ៊ុន។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើអាជីវកម្មលើការធានារ៉ាប់រងបន្តទៅលើធានារ៉ាប់រងមិនមែនអាយុជីវិត និងធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុន កម្ពុជា រី បាននិងកំពុងកសាងធនធានមនុស្សតាមរយៈការបណ្ដុះ បណ្តាលជំនាញនិងចំណេះដឹងដល់និយោជិតដែលកំពុង បម្រើការក្នុងវិស័យធានារ៉ាប់រងនិងធានារ៉ាប់រងបន្តដើម្បីបង្កើន អ្នកជំនាញបន្ថែមទៀតនៅលើទីផ្សារ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.cambodiare.com.kh

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា