ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង ដែលចាប់ផ្តើមពីខែឧសភា រហូតដល់ខែតុលា។

Advertisement

វិធានការនេះ​ធ្វើឡើង​ក្នុងគោល​បំណង​ទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅ​កម្ពុជាកាន់តែច្រើន ខណៈទីផ្សារទេសចរណ៍​ចិនកំពុងឈរនៅ​លំដាប់ថ្នាក់លេខ ១ នាដើមឆ្នាំ ២០២៦ នេះ។

នៅក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» ដែល​រៀបចំដោយសមាគមអ្នកសារព័ត៌មានកម្ពុជាកាលពី​រសៀលថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវ ហ៊ុន ដានី រដ្ឋ​លេខាធិការ​និងជាអ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ៤ ខែ ជូនដល់ជនជាតិចិននេះ នឹងត្រូវអនុវត្តចាប់ពី ថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ។

បើតាមអ្នកនាំពាក្យដដែល ផែនការនេះ គឺជាការត្រៀមលក្ខណៈ​ដើម្បីស្វាគមន៍ទេសចរចិន ឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជា​ទទួល​បានទេសចរចិនប្រមាណ ១,២ លាននាក់ កាលពីឆ្នាំកន្លងទៅ។

ក្រៅពីការលើកលែងទិដ្ឋាការ ក្រសួងទេសចរណ៍បានបង្វែរការចាប់​អារម្មណ៍​ពីភាពស្ងប់ស្ងាត់ក្នុងរដូវវស្សា ចន្លោះពីខែឧសភា ដល់ខែតុលា មកជាយុទ្ធនាការ «រដូវកាលបៃតង (Green Season)» វិញ។ នេះជា​យុទ្ធសាស្ត្រកែប្រែទស្សនវិស័យទេសចរណ៍ ដោយបង្ហាញពី​ភាព​ស្រស់បំព្រងនៃធម្មជាតិ ខៀវស្រងាត់ ដុះដាលល្អ និងវាលស្មៅដ៏ស្រស់​ស្អាត ដែលជាផ្ទាំងទស្សនីយភាព​ដ៏ទាក់ទាញសម្រាប់អ្នកស្រឡាញ់​ធម្មជាតិ។

យុទ្ធសាស្ត្រស្រដៀងគ្នានេះធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយកាលពីឆ្នាំ ២០២៥ ដោយក្នុងចន្លោះខែឧសភា ដល់តុលា ឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរដើរកម្សាន្តរហូតដល់ជាង ៩ លាននាក់ កើនឡើងជាង ៦០ ភាគរយ ធៀបនឹង​ឆ្នាំ ២០២៤ ដែលមានត្រឹមតែជិត ៥ លាននាក់ប៉ុណ្ណោះ។

លើសពីនេះទៀត ក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីកម្សាន្ត និង​ព្រឹត្តិការណ៍ថ្មីៗជាហូរហែនៅគ្រប់រាជធានី-ខេត្ត ដូចជា ទេសចរណ៍​សិល្បៈ និងទេសចរណ៍សិក្ខាសាលា ដើម្បីបន្ថែម​លើពិធីបុណ្យ​ប្រពៃណីជាតិដែលមានស្រាប់ រួមមាន បុណ្យចូល​ឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យអុំទូក និងឆ្លងឆ្នាំសកល ជាដើម ក្នុងគោលបំណងទាក់​ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តជាប្រចាំ។

​​​​ក្រសួងបានរៀបចំកញ្ចប់ទស្សនកិច្ចតភ្ជាប់គ្នារវាងតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅបានយូរ។ តំបន់ទាំង​នោះរួមមាន រាជធានីភ្នំពេញ សៀមរាប តំបន់ឆ្នេរ ព្រះសីហនុ កែប កំពត និងកោះកុង និងតំបន់ភូមិភាគឥសាន ដែលជាឋានសួគ៌នៃ​អេកូទេសចរណ៍ធម្មជាតិ។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍កាលពីឆ្នាំ ២០២៥ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង ៥ លាន ៥៦ ម៉ឺននាក់ ថយចុះជិត ១៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧​ លាននាក់។

ក្រសួងទេសចរណ៍ រំពឹងថា យុទ្ធសាស្ត្របើកចំហជើងមេឃ និងការ​បន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការនាពាក់កណ្តាលឆ្នាំ ២០២៦ នេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការស្តារ និងជំរុញកំណើន​ទេសចរអន្តរជាតិឡើងវិញ៕ អត្ថបទ៖ ទួន សុផល AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា