បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

​ភ្នំពេញ​៖​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​។

Advertisement

​ការ​ប្ដេជ្ញាចិត្ត​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​ ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកឧត្តម​ ​Nicolas​ ​Forissier​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​រដ្ឋមន្រ្តី​នៃ​ក្រសួង​អឺរ៉ុប​និង​ការ​បរទេស​នៃ​សាធារណរដ្ឋ​បារាំង​ កាលពី​ថ្ងៃទី​១០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នា​ថ្ងៃទី​១៣​ ​ខែ ​កក្កដា ​ឆ្នាំ​២០២៦​។

​ប្រភព​ដដែល​នេះ​ ​បាន​ឱ្យដឹង​ថា​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​ ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ការ​ជំរុញ​គម្រោង​អាទិភាព​មួយចំនួន​ ​រួមមាន​៖​ ​(​១​)​-​គម្រោង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​កម្ពុជា​-​បារាំង​, ​(​២​)​-​ ​គម្រោង​បំប្លែង​សំណល់​ទៅជា​ថាមពល​, ​និង​ (​៣​)​-​គម្រោង​ស្តុក​ថាមពល​វារី​អគ្គិសនី​។

​ភាគី​ទាំង​ពីរ​ ​បាន​ឯកភាព​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ជំរុញ​ការ​ រៀបចំ​គម្រោង​ទាំងនេះ​ឱ្យ​មាន​វឌ្ឍនភាព​ ​ស្រប​តាម​ច្បាប់​ បទប្បញ្ញត្តិ​ជាធរមាន​ ​និង​គោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​ដូចជា​កិច្ចសហការ​ស្វែងរក​យន្តការ​ហិរញ្ញប្បទាន​សមស្រប ​ដើម្បីឱ្យ​គម្រោង​ទាំង​នេះ​អាច​អនុវត្ត​បាន​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​។

​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ តាមរយៈ​ការ​លើកកម្ពស់​ការ​វិនិយោគ​, ​ការ​ផ្សាភ្ជាប់​ធុរកិច្ច​, ​ការ​ចូលរួម​របស់​វិស័យ​ឯកជន ​និង​ការ​គាំទ្រ​ដល់​ផលិតផល​កម្ពុជា​ដើម្បី​ពង្រីក​ទីផ្សារ​អន្តរជាតិ​ ​ជាដើម​។

​ជាមួយគ្នា​នេះ​, ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​និង​រំពឹងទុក​ថា​ ​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ ​ឯកឧត្តម​ ​Emmanuel​ ​Macron​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ​នា​ពេល​ខាងមុខ​ ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ ​ដែល​នឹង​រួមចំណែក​លើកកម្ពស់​ទំនាក់ទំនង​ទ្វេ​ភាគី​ឱ្យ​កាន់តែ​រឹងមាំ​ ​និង​ឈាន​ទៅដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​ទៀត​ ​និង​ប្តេជ្ញាចិត្ត​ក្នុង​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ធានា​ឱ្យ​ការ​រៀបចំ​កិច្ចប្រជុំ​ ​កំពូល​អង្គការ​ហ្វ្រង់​កូហ្វូនី ​(​Francophonie​ ​Summit​) ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ នា​ពេល​ខាងមុខ​ ​នឹង​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​និង​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពហុ​ភាគី​នៅក្នុង​សហគមន៍​ប្រើប្រាស់​ភាសា​បារាំង​ ​។​

ក្នុង​ជំនួប​នោះ​ ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សាធារណរដ្ឋ​បារាំង​ ​ដែល​មាន​ប្រវត្តិ​យូរអង្វែង​ និង​បាន​ ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​សន្តិភាព​ ការ​កសាងឡើងវិញ​ ​និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ជាក់ស្តែង​, ​តាមរយៈ​ ​AFD​, ​បារាំង​ ​បាន​បន្ត​ផ្តល់​ការ​គាំទ្រ​តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ ​(​ODA​) ​និង​កិច្ចសហ ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ ​រួមមាន​៖​ វិស័យ​ កសិកម្ម​ ​ទឹក​ស្អាត​ ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ថាមពល ​អភិវឌ្ឍន៍​ជនបទ ​សុខាភិបាល​ វប្បធម៌​ ​បរិស្ថាន​ ​ទេសចរណ៍​ ​អប់រំ ​និង​មីក្រូ​ហិរញ្ញវត្ថុ​ ​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា