មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

​ភ្នំ​ពេញ​៖​ ​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រង់កូហ្វូនី ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ក្នុង​ឱកាស​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។

​ក្នុង​សុន្ទរកថា​នៅក្នុង​កិច្ច​ប្រជុំ​នេះ​ ​លោក​ ​Emmanuel ​Macron ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​ចំពោះ​ពាណិជ្ជកម្ម​បើកចំហ ​ប្រកបដោយ​យុត្តិធម៌​ ​និង​សមធម៌ ​ព្រមទាំង​ការ​លើកកម្ពស់​វិទ្យាសាស្ត្រ​ ​និង​កិច្ច​សហប្រតិបត្តិការ​ដោយ​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​មហា​អំណាច​ណាមួយ​។

​លោក​ ​Macron ​បាន​ចាត់ទុក​សហគមន៍​ហ្វ្រង់កូហ្វូនី ​ដែល​មាន​សមាជិក​ ​និង​ដៃគូ​ពី​ទីក្រុង​ភ្នំពេញ​ ​ដាការ​ ​កេបិច​ ​វៀតណាម ​រហូតដល់​ប៉ារីស ​ថា​ជា​ ​«​ជម្រើស​ទី​បី​» ​ក្នុង​សតវត្សរ៍​ទី​២១ ​ដែល​អាច​រួមចំណែក​ផ្តល់​ដំណោះស្រាយ​ដល់​ពិភពលោក​ ​តាមរយៈ​វិទ្យាសាស្ត្រ​សេរី ​និង​សហគ្រិន​ភាព​ដ៏​រស់រវើក​។​

​ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​បាន​លើកឡើង​ថា​ ​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​បែកបាក់ ​និង​ហានិភ័យ​កាន់តែ​ច្រើន ​ប្រទេស​នីមួយ​ៗ​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្មភាព​ជាដៃគូ ​ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម ​និង​សន្តិសុខ​។

​លោក​បាន​គូសបញ្ជាក់​ថា​ បារាំង ​និង​កាណាដា ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តែ​៤​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​ ​ដែល​មាន​សមត្ថភាព​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​កម្រិត​ខ្ពស់​។ ​លោក​បាន​លើក​យក​ក្រុមហ៊ុន​ ​Mistral ​របស់​បារាំង ​និង​សមិទ្ធផល​បច្ចេកវិទ្យា​របស់​កាណាដា​ ​ជា​ឧទាហរណ៍​នៃ​សមត្ថភាព​ដែល​កើត​ចេញ​ពី​ទេពកោសល្យ ​និង​ការ​ច្នៃប្រឌិត​ដែល​បាន​អភិវឌ្ឍ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​។

​ជាមួយគ្នា​នេះ​ ​លោក​ ​Carney ​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​សហគមន៍​ហ្វ្រង់​កូហ្វូនី​នៅ​អឺរ៉ុប​ ​អាហ្វ្រិក​ ​អាស៊ី ​និង​តំបន់​ផ្សេង​ៗ​ទៀត​ជុំវិញ​ពិភពលោក​ ​ដើម្បី​ពង្រីក​ឱកាស​សហការ​លើ​បច្ចេកវិទ្យា​ទំនើប​ ​និង​វិស័យ​ដែល​មាន​សក្តានុពលរួម​។

ការ​លើកឡើង​របស់​មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សហគមន៍​ហ្វ្រង់​កូហ្វូនី ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ ​សេដ្ឋកិច្ច​ ​វប្បធម៌​ ​និង​បច្ចេកវិទ្យា​ ​ព្រមទាំង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​បរិបទ​ដែល​បច្ចេកវិទ្យា​ ​AI ​កំពុង​ក្លាយជា​វិស័យ​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា