តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

​សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​

Advertisement

​លោក​ ឡែម ​ផូរ​វរិទ្ធិ ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ ​នៃ​សមាគម​វារី​វប្បករ​កម្ពុជា​ ​មានប្រសាសន៍​ថា​ តម្លៃ​កង្កែប​សាច់​នៅលើ​ទីផ្សារ​ទូទាំង​ប្រទេស​បាន​ធ្លាក់ចុះ​ខ្លាំង​ ​នៅ​អំឡុង​ពេល​ ​៣ ​ខែ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើឱ្យ​កសិករ​ចិញ្ចឹម​កង្កែប​ក្នុង​ស្រុក​ជួប​ការ​ខាតបង់​ជាបន្តបន្ទាប់​។

​លោក​ថា​ តម្លៃ​សាច់​កង្កែប​នៅ​តាម​កសិដ្ឋាន​ ​នៅពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​មាន​តម្លៃ​ចន្លោះ​ពី​ ​៦៥០០​ ​រៀល​ទៅ​ ​៧០០០​ ​រៀល​ ​ក្នុង​មួយ​គីឡូក្រាម​ ប៉ុន្តែ​នៅ​រយៈពេល​ ​៣​ ​ខែ​ក្រោយ​នេះ​ ​សាច់​កង្កែប​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​៤៨០០​ ​រៀល​ទៅ​ ​៥០០០​រៀល​ តែ​ប៉ុណ្ណោះ​ ​ដោយសារតែ​ការ​នាំចូល​កង្កែប​ពី​ប្រទេស​វៀតណាម​មាន​ចំនួន​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា៖

​ “​ការ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ ​បើក​ឱ្យ​ឈ្មួញ​វៀតណាម​នាំចូល​កង្កែប​សាច់​ច្រើន​លើស​កម្រិត​ ​និង​មាន​ការ​បង់​ពន្ធ​មិន​គ្រប់​លក្ខណៈ​ ​ដោយ​ហេតុ​ថា​នៅ​ប្រទេស​វៀតណាម​កង្កែប​សាច់​មាន​តម្លៃ​ ​៤៨០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ហើយ​ពេល​លក់​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ ​៤៨០០​ រៀល​ដូចគ្នា​។”​

​លោក​ ​ទេស ​ចិន្តា ​ប្រធាន​ក្រុម​អ្នក​ចិញ្ចឹម​កង្កែប​នៅ​ស្រុក​សូត្រ​និគម ​ខេត្ត​សៀមរាប​ ​ឱ្យដឹង​ដូចនេះ​ដែរ​ថា​ តម្លៃ​សាច់​កង្កែប​ធ្លាក់ចុះ​ខ្លាំង​នៅ​ត្រឹម​ ​៤៨០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម ​ខណៈ​កាលពី​អំឡុង​ខែមេសា ​មុនពេល​ចូល​ឆ្នាំ​ខ្មែរ​តម្លៃ​កង្កែប​សាច់​អាច​លក់​បាន​ចន្លោះ​ពី​ ​៦០០០​រៀល​ទៅ​ ​៦៥០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​លោក​បន្ត​ថា​ ករណី​ធ្លាក់​ថ្លៃ​នេះ​ដោយសារ​ការ​ទម្លាក់​តម្លៃ​ ​ពីសំណាក់​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម​ ​ដែល​នាំចូល​មាន​ចំនួន​ច្រើន​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​។

​ដូចគ្នា​នេះ​ដែរ​ កសិករ​ឈ្មោះ​ រី ​វុទ្ធី​ ​ប្រធាន​ក្រុម​អ្នក​ចិញ្ចឹម​កង្កែប​ក្នុង​ភូមិ​ដុំ​ ​ឃុំ​ពាម​រោង​ ​ស្រុក​ស្វាយអន្ទរ ​ខេត្ត​ព្រៃវែង​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​តម្លៃ​កង្កែប​សាច់​នៅលើ​ទីផ្សារ​ ​បាន​ធ្វើឱ្យ​កសិករ​អ្នក​ចិញ្ចឹម​កង្កែប​ជួប​ការ​ខាតបង់​ ​បើ​ធៀប​ទៅលើ​ការ​ចំណាយ​ទិញ​ចំណី​ ​និង​តម្លៃ​ភ្លើង​អគ្គិសនី​សម្រាប់​បូម​ទឹក​ចេញ​ចូល​អាង​ចិញ្ចឹម​កង្កែប​ប្រចាំ​ថ្ងៃ​។​ លោក​ថា៖​

“សម្រាប់​កសិករ​ដែល​បង្កាត់​កូន​ចិញ្ចឹម​យក​សាច់​ដោយ​ខ្លួនឯង​ ​នៅ​អាច​ទប់ទល់​បាន​ទោះជា​តម្លៃ​ធ្លាក់ចុះ​ ​ប៉ុន្តែ​សម្រាប់​កសិករ​ដែល​ទិញ​កូន​កង្កែប​ពី​គេ ​យកមក​ចិញ្ចឹម​បំប៉ន​យក​សាច់​លក់​ ​ជួប​ហានិភ័យ​ទៅលើ​ការ​ខាតបង់​ជាបន្តបន្ទាប់ ​ខណៈ​តម្លៃ​ចំណី​និង​តម្លៃ​ភ្លើង​មិន​ ធ្លាក់ចុះ​ដូច​តម្លៃ​សាច់​កង្កែប​​។”

​លោក​ ​សុថាវរិទ្ធិ ​មើលឃើញ​ថា ​ការ​នាំចូល​កង្កែប​សាច់​ដែល​លើស​កូតា​អនុញ្ញាត​ ​និង​ការ​នាំចូល​ដែល​មិន​មាន​អាជ្ញាបណ្ណ​តាម​ច្រក​ព្រំដែន​មួយចំនួន​ ​បាន​ធ្វើឱ្យ​កង្កែប​សាច់​ផលិត​ក្នុង​ស្រុក​ ស្ទះ​លក់​មិន​ចេញ​ ​ហើយ​តម្លៃ​កង្កែប​សាច់​នឹង​បន្ត​ធ្លាក់ចុះក្រោម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ ​កុំ​ឱ្យ​នាំចូល​លើស​តម្រូវការ​ទីផ្សារ​នា​បច្ចុប្បន្ន​។​

​បើ​តាម​តួលេខ​របស់​សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​ឱ្យដឹង​ថា​ ​កម្ពុជា​មាន​តម្រូវការ​កង្កែប​សាច់​ចំនួន​ ​២០​ ​តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ដែល​ការ​ចិញ្ចឹម​ក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ប្រមាណ​ ​១០​តោន​ក្នុង​មួយ​ថ្ងៃ​ ​ស្មើនឹង​ ​៥០​% ​នៃ​តម្រូវការ​សរុប​ទូទាំង​ប្រទេស​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា