ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

ភ្នំពេញ ៖ តាមរយៈគម្រោង​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល ដែល​មានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ គ្រប់ម្ចាស់ដីធ្លីទាំងអស់​នឹង​មាន​បណ្ណសម្គាល់​ម្ចាស់​អចលនវត្ថុ ហើយចាប់ពីឆ្នាំ២០២៧តទៅ នៅទូទាំងប្រទេសកម្ពុជាក៏នឹ​ងលែង​មាន​ការទិញលក់ដីធ្លីដែល​គ្មាន​ប្លង់ ជាពិសេសលែង​ទំនាស់ដីធ្លីទៀតហើយ ។​

Advertisement

នៅក្នុង​កិច្ចប្រជុំ​កំពូលធុរកិច្ចអាស៊ាន​-កម្ពុជា​កាលពីពេលថ្មីៗនេះ ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានលើកឡើងថា កម្ពុជា​នឹងបញ្ចប់​ការ​ចុះបញ្ជីដីធ្លីទាំងអស់​នៅត្រឹមឆ្នាំ២០២៧ ហើយនៅពេល​នោះ​នឹង​លែង​មានការទិញដីគ្មាន​ប្លង់ លែង​មានវិវាទដីធ្លី ​និងលែង​មានដីដែលមិនច្បាស់លាស់​ទៀតហើយ ។

ឯកឧត្តម​បន្តថា​ ៖

«កន្លងមក​យើងតែងតែឃើញមាន​ការទិញដីមិនមានប្រភពច្បាស់លាស់ ដីដែលមិនមាន​បណ្ណកម្មសិទ្ធិ ប៉ុន្តែ​នៅពេល​ដែលការ​វាស់វែងដីធ្លី និងការ​ចុះបញ្ជីដីធ្លី​ត្រូវ​បានប​ញ្ច​​ប់​​ទាំងអស់​នៅទូទាំង​ប្រទេស​ បញ្ហា​ទាំ​ងនេះនឹង​លែង​មានទៀតហើយ ដូច្នេះ​មិនថា​អ្នកវិនិយោគ ពលរដ្ឋ​ទិ​ញ​ដី​នៅទីណា គឺនឹង​លែងកង្វល់ ព្រោះនៅពេលនោះគឺគ្រប់ដីទាំងអស់​សុទ្ធតែមានប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​» ។

ឯកឧត្តម​បន្ថែមថា បន្ទាប់ពី​បានចុះបញ្ជីដីសព្វ​គ្រប់ហើយ រាជរដ្ឋាភិបាលក៏នឹង​បន្ត​ផ្សព្វផ្សាយដល់​បណ្ដាវិនិយោគិនទាំងក្នុង និងក្រៅប្រទេស អំពីលក្ខន្តិកៈ និងគោល​នយោបាយដីធ្លីរបស់​រាជរដ្ឋាភិបាល ដើម្បីទាក់ទាញវិនិយោគិនទាំង​នោះបណ្ដាក់ទុនវិនិយោគ ដូចជា ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស និង​ការ​វិនិយោគ​លើវិស័យ​នគរូបនីយកម្ម និងសំណង់​ជាដើម ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ធ្លាប់បានមានប្រសាសន៍ថា​ ភាពចម្រូង​ចម្រាស់ ឬវិវាទដីធ្លី​ គឺជារឿង​មួយដែលអត់​ប្រយោជន៍ និ​ងខាតពេលវេលា​ ហើយប្រើសិនបើជា​មិន​បញ្ចប់​បញ្ហា​នេះឱ្យអស់នោះ​ទេ នោះ​យើងនឹងអាច​ជំពប់ជើងដួល​នៅថ្ងៃណាមួយ​មិនខាន ។​

ក្នុងន័យនេះ ឯកឧត្តម​បានប្ដេជ្ញាក្នុងការលុប​បញ្ហា​នេះឱ្យអស់​នៅកម្ពុជា ដោយ​ត្រូវចុះបញ្ជីដីធ្លី​ឱ្យបានគ្រប់​ និងទាំងអស់​នៅទូទាំង​ប្រទេស​កម្ពុជា ដើម្បីបញ្ចប់វិវាទ ភាពមិនច្បាស់លាស់​លើ​ដីធ្លី និងផ្ដល់ភាពស្របច្បាប់​ក្នុងការ​គ្រប់គ្រង​អចលនវត្ថុ។ ជាក់ស្ដែង នៅពេល​ចាប់ផ្ដើមអាណត្តិទី៧ ក្បាលដីដែលត្រូវ​ចុះបញ្ជីមាន​ចំនួន៥លានក្បាលដី ហើយក៏បានចុះស្ទើរតែអស់ទៅហើយ នៅសល់​ក្បាលដីតិចតួច​ដែល​មិនទាន់បានចុះ ដោយសារ​តែដីទាំង​នោះមាន​បញ្ហាវិវាទ និង​ត្រូវ​រង់ចាំការ​ដោះស្រាយឱ្យរួចជាមុន​សិន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា