ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

(ភ្នំពេញ)៖ ជាទូទៅ សម្រាប់មនុស្សភាគច្រើន ធ្វើការប្រចាំថ្ងៃចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥ល្ងាច ដែលក្លាយទៅជាទម្លាប់នៅក្នុងជីវភាពរស់នៅ ប៉ុន្តែសម្រាប់លោក យួស សាវុធ ដែលជាអតីតសន្តិសុខក្រុមហ៊ុនឯកជន បម្រើការងារនៅពេលយប់នោះហាក់់មានទម្លាប់រស់នៅខុសពីគេបន្តិច ពោលគឺលោកត្រូវសម្រាកពេលថ្ងៃ ដែលជាវេលារបស់មនុស្សភាគច្រើនបំពេញការងារ។ ដោយសារតែបែបនេះ លោកបានសម្រេចចិត្តព្យាយាមទៅរៀនជំនាញបន្ថែមជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ ដែលជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាព​គ្រួសាររបស់លោក។

Advertisement

មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក យួស សាវុធ ធ្លាប់បានចេញពីស្រុកកំណើតទៅធ្វើការជា​ពលករនៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ ប៉ុន្តែ​ជីវិត​មិន​ដូចការរំពឹងទុកឡើយ។ ក្រោយត្រ​ឡប់មកប្រទេសកំ​ណើតវិញ ការ​ងារដំបូង​ដែលលោក​ចាប់ផ្ដើមនោះ គឺ​ចូល​ធ្វើជាស​ន្ដិសុខនៅ​ស្ថាប័នឯកជនមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ដុល្លាក្នុងមួយខែប៉ុណ្ណោះ។

លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា៖

«ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិន​គ្រប់ផង។ ​បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។

ការលំបាក​ក្នុងជីវិតនេះ បាន​ជំរុញឲ្យលោ​ក សាវុធ ​ចាប់ផ្ដើ​មស្វែង​រកជំនាញប​ច្ចេកទេសមួ​យមក​ដាក់ក្នុ​ងខ្លួន។ ថ្ងៃមួយ មិត្តរួមការ​ងារម្នា​ក់បា​នណែ​នាំ​ឱ្យ​លោកទៅរៀន​ជំនាញជួសជុល​ម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ។

លោក​និយាយថា ៖

«ខ្ញុំមិនទាន់​ទៅរៀន​ភ្លាមៗ​ទេ ខ្ញុំជិះ​ម៉ូតូដើរ​មើលតាម​ផ្ទះសិន ថាមា​នអ្ន​កប្រើច្រើន​អត់។ បន្ទាប់ពី​មើល​ឃើញ និងជឿជាក់ថា ជំនាញ​​នេះ​មានអនា​គត ខ្ញុំក៏ស​ម្រេចចិត្ដចូលរៀននៅ​វិទ្យាស្ថានអ​ភិវឌ្ឍមុខជំនាញកម្ពុជា​»។

ការស​ម្រេចចិត្តរៀនជំនាញម៉ាស៊ីន​ត្រជាក់ បានក្លា​យជាចំណុចរបត់នៃជីវិតថ្មីរបស់លោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោក​ទៅ​សិក្សា​ជំនាញ ដោយ​មិនដែ​លទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិន​ភ្លេច​ថា មានថ្ងៃមួ​យ ពេលធ្វើដំ​ណើរទៅសាលា លោកបាន​ដួល​ម៉ូតូ​តាម​ផ្លូវ ប៉ុន្តែ​លោកមិនបា​នត្រឡប់ទៅ​ផ្ទះទេ ហើយ​នៅតែបន្តទៅ​រៀ​នដដែល។

លោកបានលើកឡើងថា៖

«ពេលខ្លះ ខ្ញុំស្ទើ​រតែបោះបង់​ហើយ តែខ្ញុំគិតថាមានតែ​ចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និងគ្រួសារបាន»។

ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើ​មមានអ​តិថិជនជាប​ណ្ដើរៗ។ ​ក្រោយបញ្ចប់ការសិក្សា លោកបន្តទ​ទួលការងារជាជាងជួស​ជុល និងថែ​ទាំ​ម៉ាស៊ីន​ត្រជាក់​ចល័ត និងនៅ​បន្តធ្វើ​ការជាសន្តិសុខពេលយ​ប់ ដើម្បី​រកប្រាក់បន្ថែម​។ ពេលការងារជា​ជាងចាប់ផ្ដើមមាន​ស្ថិរភាព និងអាចរក​ចំណូល​បាន​ច្រើន​ជាងមុ​ន លោកក៏​បានសម្រេចចិត្ត លាឈប់​ពីការងារសន្តិសុខ ហើយបើកអាជី​វកម្មជួសជុល និង​ថែទាំម៉ាស៊ីន​ត្រជាក់ដោ​យខ្លួនឯង។

ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីការលះបង់ និងការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។

លោ​កនិយាយ​ដោយស្នាមញ​ញឹមថា៖

«សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាក់ដូចមុន»។

លោកក៏បា​នលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើន​​ឱកាសការងារ និងចំណូលនាពេ​លអនាគ​ត។ សម្រាប់​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​លើជំនាញជួ​សជុលម៉ា​ស៊ីនត្រជាក់ អា​ចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃ​នៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា