ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ភ្នំពេញ៖ ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់។

 បច្ចុប្បន្ន អតីតពលករខ្មែរជាង ៦៥ ម៉ឺននាក់ដែលវិលត្រឡប់ពីប្រទេសថៃមានការងារធ្វើ ខណៈឱកាសការងារប្រមាណ ៩ ម៉ឺនកន្លែងទៀតកំពុងរង់ចាំកម្លាំងពលកម្មក្នុងស្រុក។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ AMS នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ថា គិតមកដល់ពេលនេះ អតីតពលករខ្មែរប្រមាណ ៧៧ ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសថៃ ក្នុងនោះជាង ៦៥ ម៉ឺននាក់មានការងារធ្វើ ហើយប្រមាណ ៣៦ ម៉ឺននាក់កំពុងធ្វើការក្នុងប្រព័ន្ធ។

លោកបានបញ្ជាក់ថា ពលករដែលមានការងារក្នុងប្រព័ន្ធទទួលបានប្រាក់បៀវត្សជាមធ្យមក្នុងរង្វង់ ៣០០ ដុល្លារក្នុងមួយខែ។ សម្រាប់ក្រសួងការងារ និងរាជរដ្ឋាភិបាល គោលដៅសំខាន់គឺបន្តបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេអាចចាប់យកឱកាសការងារបានកាន់តែប្រសើរ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីការពឹងផ្អែកលើកម្លាំងពលកម្មច្រើន ទៅរកសកម្មភាពដែលត្រូវការជំនាញនិងបង្កើតតម្លៃបន្ថែមខ្ពស់។

លោក ស៊ុន មេសា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានឱកាសកាន់តែច្រើននៅលើទឹកដីកំណើត ប្រសិនបើពួកគេបន្តសិក្សានិងអភិវឌ្ឍជំនាញរបស់ខ្លួន។ លោកក៏បានបង្ហាញជំនឿថា ការសិក្សាបន្ថែមអាចជួយឱ្យពលករទទួលបានទាំងចំណេះជំនាញ និងប្រាក់បៀវត្សកាន់តែប្រសើរ ស្របពេលដែលការវិនិយោគក្នុងវិស័យឧស្សាហកម្មកំពុងមានវត្តមាននៅកម្ពុជា។

លោកបានបន្ថែមថា កម្ពុជានៅមានឱកាសការងារសរុបប្រមាណ ៩ ម៉ឺនកន្លែង ដែលកំពុងរង់ចាំប្រជាពលរដ្ឋ។ លោកចាត់ទុកវត្តមានរបស់អតីតពលករដែលវិលត្រឡប់មកវិញថា ជា «ដុំមាស» ដែលអាចកែច្នៃឱ្យក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេស ប្រសិនបើកម្លាំងពលកម្មនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

សក្តានុពលនេះក៏អាចត្រូវបានមើលឃើញតាមរយៈការវិនិយោគដែលកំពុងបង្កើតមូលដ្ឋានសម្រាប់តម្រូវការកម្លាំងពលកម្ម។ កាលពីខែសីហា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គិតត្រឹមថ្ងៃទី៧ ខែសីហា កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេសចំនួន ២១៤ គម្រោង នៅទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់សរុបជិត ៤ ពាន់លានដុល្លារ និងបានបង្កើតការងារចំនួន ១៤ ម៉ឺនកន្លែង។

លោក ហាក់ សិរី អ្នកគ្រប់គ្រងជាន់ខ្ពស់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមើលឃើញថា ការវិលត្រឡប់របស់ពលករខ្មែរអាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក ដោយសារពលករមួយចំនួនមានចំណេះដឹងនិងជំនាញពីបទពិសោធន៍ការងារកន្លងមក។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា ធនធានមនុស្សក្នុងវិស័យកាត់ដេរសម្លៀកបំពាក់មានច្រើន ខណៈវិស័យដំឡើងនិងបង្គុំយានយន្តនៅមានកម្រិតទាំងផ្នែកធនធានមនុស្សនិងការវិនិយោគ។

លោកបានលើកឡើងថា បញ្ហាប្រឈមមួយគឺការមិនអាចប្រើប្រាស់ជំនាញដែលពលករមានស្រាប់ឱ្យបានពេញលេញ ដោយពលករមួយចំនួននៅតែមិនអាចទទួលបានការងារសមស្របនឹងសមត្ថភាពរបស់ខ្លួន។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលអតីតពលករមកពីប្រទេសថៃចំនួន ១៤.៥៧៣ នាក់ ឱ្យចូលធ្វើការនៅតាមរោងចក្រ និងសហគ្រាសក្នុងតំបន់នេះ។

ទោះបីមានឱកាសការងារនិងការវិនិយោគក៏ដោយ ការផ្គូផ្គងជំនាញរបស់ពលករជាមួយតម្រូវការរបស់និយោជកនៅតែជាកត្តាសំខាន់សម្រាប់ការទាញយកផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង។

លោក ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ចនិងសង្គម បានលើកឡើងថា ពលករដែលវិលត្រឡប់ពីប្រទេសថៃភាគច្រើនធ្លាប់ធ្វើការក្នុងវិស័យសំណង់ និងនេសាទ ដែលមិនទាន់ឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការជំនាញក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល និងបច្ចេកវិទ្យាមួយចំនួននៅកម្ពុជា។ លោកយល់ថា ការវិលត្រឡប់មកវិញតែមួយមុខមិនអាចធានាថាពលករទទួលបានការងារដែលមានប្រាក់ឈ្នួលសមរម្យនោះទេ ជាពិសេសប្រសិនបើពួកគេចូលធ្វើការក្នុងវិស័យដែលមានកម្រិតប្រាក់ឈ្នួលទាប។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិយោជក និងស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម ដើម្បីជំរុញសកម្មភាពផលិតកម្ម និងការទិញលក់។ នៅពេលទីផ្សារផលិតកម្មមានសកម្មភាពកាន់តែខ្លាំង និយោជិតក៏មានឱកាសទទួលបានប្រាក់បៀវត្សកាន់តែប្រសើរផងដែរ។

លោក ជ័យ តិច ក៏បានបង្ហាញពីការព្រួយបារម្ភថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានទំនុកចិត្តថា ការចំណាយពេលរៀនជំនាញថ្មីនឹងនាំទៅរកការងារពិតប្រាកដ និងប្រាក់ឈ្នួលសមរម្យ។ ដូច្នេះ ការបណ្តុះបណ្តាលគួរតែភ្ជាប់ជាមួយតម្រូវការជាក់ស្តែងរបស់ទីផ្សារ និងឱកាសការងារដែលអាចទទួលបាន ដើម្បីលើកទឹកចិត្តឱ្យពលករចូលរួមរៀនជំនាញបន្ថែម។

របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «ការវិភាគផលប៉ះពាល់នៃការបិទច្រកព្រំដែនមកលើសេដ្ឋកិច្ចកម្ពុជា» បានបង្ហាញថា ជម្លោះព្រំដែនកម្ពុជា-ថៃ និងការបិទព្រំដែនក្នុងឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្ម ទេសចរណ៍ ការធ្វើចំណាកស្រុក និងការវិនិយោគ។ វិបត្តិមួយនេះបានបណ្តាលឱ្យពលករចំណាកស្រុកកម្ពុជាប្រមាណ ៩០០.០០០នាក់ វិលត្រឡប់មកពីប្រទេសថៃវិញ។

របាយការណ៍នេះក៏បានបង្ហាញពីផលប៉ះពាល់នៃការវិលត្រឡប់របស់ពលករចំណាកស្រុកលើទីផ្សារការងារ លំហូរប្រាក់ផ្ញើមកគ្រួសារ និងសកម្មភាពសេដ្ឋកិច្ចឆ្លងដែនផងដែរ។

ស្ថានភាពនេះបង្ហាញថា ការបង្កើតឱកាសការងារមិនគួរឈប់ត្រឹមការស្រូបយកកម្លាំងពលកម្មចូលក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនជំនាញ និងផលិតភាពរបស់ពួកគេផងដែរ។ ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការនិយោជក ការផ្សារភ្ជាប់អ្នកស្វែងរកការងារជាមួយឱកាសជាក់ស្តែង និងការពង្រីកសកម្មភាពវិនិយោគ អាចជួយឱ្យកម្ពុជាប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់បានកាន់តែមានប្រសិទ្ធភាព។

ក្នុងន័យនេះ ការវិលត្រឡប់របស់ពលករខ្មែរមិនមែនគ្រាន់តែជាបញ្ហាដែលត្រូវដោះស្រាយក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងកម្លាំងពលកម្មក្នុងស្រុក និងរៀបចំមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកកាន់តែខ្លាំងលើជំនាញ ផលិតភាព និងតម្លៃបន្ថែមក្នុងរយៈពេលវែង៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា