ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ នឹង​ត្រូវ​សាងសង់ឡើង​កាត់តាមខេត្ត​ចំនួន៤ ក្នុងនោះរួមមាន ខេត្ត​កណ្ដាល តាកែវ កំពត និងកែប  ហើយតាមរយៈគម្រោង​ព្រែកជី​កមួយនេះ នឹងធ្វើឱ្យ​បណ្ដាខេត្ត​ដែលគម្រោ​ងនេះឆ្លងកាត់​កែប្រែមុខ​មាត់ថ្មី ។ ដោយឡែក សម្រាប់ខេត្តតាកែវ តាមរយៈគម្រោងព្រែកជីក​ជាប្រវត្តិសាស្ត្រមួយនេះនឹងប្រែក្លាយ​ជាមជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ និងកំពង់​ផែរណប​ដ៏សំខាន់មួយ ។

ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ព្រែកជីក​ហ្វូណ​នតេជោ​ មិន​ត្រឹមតែជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ​រស់​ឡើងវិញនៃផ្លូវទឹក​ប្រវត្តិសាស្ត្របុរាណ​ដោយភ្ជាប់ដែនដីអរិយធម៌ ដ៏ចំណាស់ទៅកាន់ពិភពលោកទំនើប ដោយបើកច្រក​ទៅកាន់ផ្លូវ​សូត្រ​សតវត្សរ៍ទី​២១ ដោយផ្ទាល់ ។

ឯកឧត្តមបន្តថា តាមរយៈព្រែកជីក​ហ្វូណនតេជោ នឹងប្រែក្លាយ​ខេត្ត​តាកែវ ទៅជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ និង​កំពង់ផែរណប ដែល​នាំមកនូវរោងចក្រ​ឧស្សាហកម្ម ការ​ប្រមូលផ្ដុំ​ទំនិញ ការ​សម្រួលពាណិជ្ជកម្មឆ្លងដែន និង​ការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ា​ងច្រើន​សម្រាប់សហគ្រាស និងធុរកិច្ច ។

ឯកឧត្តមបញ្ជាក់ថា​ ៖

« ខេត្តតាកែវមានដីធ្លីធំទូលាយ មានកម្លាំងពលកម្ម​វ័យ​ក្មេង​ច្រើន និងមានសក្ដានុពល​ខ្ពស់ ប្រភពថាមពល​អគ្គិសនី​គ្រប់គ្រាន់ ។ លើសពីនេះ យើងមាន​ទីតាំង​សម​ស្រប​បំផុត​សម្រាប់ការ​បង្កើតជា​សួនឧស្សាហកម្ម​ ដែល​អ្នកវិនិយោគមកពីបណ្ដា​ប្រទេស​នានា​អាច​វិនិយោគបង្កើត​រោងចក្រកាត់ដេរ រោងចក្រកែច្នៃ​ ផលិតផល ផលិត ដំឡើង គ្រឿង​បង្គុំ គ្រឿង​បន្លាស់ និងផលិតផល​ឧស្សាហកម្មផ្សេងទៀត ។ ការអភិវឌ្ឍ​ទេសចរណ៍ផ្លូវទឹក នឹង​អាច​ចូលរួម​លើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាជន​នៅមូលដ្ឋានតាមដងទន្លេ​និងផ្លូវទឹក​ តាមរយៈការ​បង្កើត​មុខរបរទេសចរណ៍​សហគមន៍ ការ​លក់​ផលិតផល​សិប្បកម្ម ផលិតផល​វប្បធម៌​ និងការ​បង្ហាញ​សិល្បៈប្រពៃណី​របស់ប្រជាជន​ក្នុងតំបន់»។​

លោក ណុប នី ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្ត​តាកែវ ក៏បានមានប្រសាសន៍ថា គម្រោង​ព្រែកជីក​ហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ ​ប្រវែង ជិត៦០គីឡូម៉ែត្រ ដោយ​កាត់តាមស្រុកចំនួន ៦ រួមមាន ស្រុកព្រៃកប្បាស ស្រុកអង្គរ​បូរី ស្រុកទ្រាំង ស្រុក​បុរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគីរីវង់ ។

លោក​បន្តថា​ បច្ចុប្បន្ន​​ ខេត្តតាកែវ​មានការ​ចាប់អារម្មណ៍​ពីបណ្ដា​វិនិយោគិន​​ ដោយ​បានបណ្ដាក់ទុនវិនិយោគជា​បន្ត​បន្ទាប់ ជាក់ស្ដែង​រោងចក្រ​សហគ្រាស​នៅក្នុង​ខេត្ត​តាកែវ បានរាយ​ប៉ាយ​ស្ទើរតែគ្រប់​ក្រុង​-ស្រុកទូទាំងខេត្ត ​និងបានបង្កើត​ការងារ​បានច្រើនជូនដល់ប្រជាពលរដ្ឋ ក្នុងនោះឃើញថា ស្រុកបាទី​ មាន​រោងចក្រសហគ្រាស​ច្រើនជាងគេ បន្ទាប់​មក​ស្រុក​ត្រាំកក់ ។ ដោយឡែក តាមរយៈគម្រោងព្រែកជីក​ហ្វូណ​នតេជោ និងការ​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​ក៏ដូចជា​ផែ​រណ​បតាមបណ្ដោយព្រែកជីកក្នុងទឹកដីខេត្ត​តាកែវ នឹងសម្រួលដល់ការ​ដឹកជញ្ជូន​ទំនិញ​ដែលផលិត​ក្នុងខេត្ត​តាកែវ​ទៅកាន់​គោលដៅទីផ្សារ​ក្នុង​ស្រុក​ និង​ពិភពលោក ។ ម្យ៉ាងទៀត គម្រោងព្រែកជីក​ហ្វូណ​នតេជោ នឹង​អាច​គ្រប់គ្រងទឹកជំនន់​ក្នុងភូមិសាស្ត្រ​ខេត្ត​តាកែវ នឹងលែង​ឱ្យមានផលប៉ះពាល់ពលរដ្ឋ​បន្តទៅទៀត ។

លោកបញ្ជាក់ថា​ ៖

«កន្លងមក នៅពេល​រដូវ​ទឹក​ឡើង វៀតណាម​ ដែលនៅខាងក្រោមយើង​បានបិទទ្វារទឹកមិនឱ្យហូរចុះក្រោមធ្វើឱ្យ​ក្នុងភូមិសាស្ត្រ​ខេត្តតាកែវទទួល​រង​គ្រោះ​ដោយទឹកជំនន់​ ប៉ុន្តែ​នៅពេលព្រែក​ជីក​រួចរាល់​នឹងអាច​រំដោះទឹក​បានច្រើន​​មិនឱ្យជន់លិច​ទៀត​» ។

លោក ចាំង ហ៊ាងឡុង អគ្គនាយ​ក​រង​នៃក្រុមហ៊ុន​ ហ្វូណ​នតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គម្រោងព្រែកជីកហ្វូ​ណ​នតេជោ​​​ កំពុងស្ថិតនៅក្នុងដំណាក់​កាលដោះស្រាយផល​ប៉ះពាល់​ជាមួយប្រជាពលរដ្ឋ​ដែលពាក់ព័ន្ធនឹងគម្រោង ។

លោកបញ្ជាក់ថា បើទោះបីជា​មួយគម្រោងមួយនេះ​មានភាពយឺត​យ៉ាវតែមិនមែនជាប់​គាំងទេ ដំណើរការ​នឹងប្រព្រឹត្តទៅដោយរលូន ហើយ​ក្រុមហ៊ុន​នឹងព្យាយាម​ធ្វើយ៉ាងណា​ឱ្យផែនការ​សាងសង់គម្រោង​បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា