វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។

Advertisement

កាសែតប៊ុលហ្គារី Novinata កាលពីចុងសប្តាហ៍កន្លងទៅ បានសរសេរថា ដោយសារតែប្រឈមមុខនឹងការចំណាយខ្ពស់លើតម្លៃប្រេងនៅតាមស្ថានីយ ប្រទេសនូវែលសេឡង់កំពុងតែងាកទៅរកជម្រើសរថយន្តដែលប្រើប្រាស់ថាមពលជំនួសវិញយ៉ាងលឿន ដែលនេះជាឱកាសធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តចិនពង្រីកចំណែកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារ។

ការរំខានភ្លាមៗដល់ការផ្គត់ផ្គង់ប្រេងសកល បានផ្លាស់ប្តូរឥរិយាបថរបស់អ្នកទិញត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ នៅក្នុងទីក្រុងAukland ដែលជាទីផ្សារធំជាងគេរបស់នូវែលសេឡង់ ភ្នាក់ងារចែកចាយរថយន្តក្នុងស្រុកបានរាយការណ៍ថា មានរំហូរចូលភ្លាមៗរបស់អ្នកទិញយ៉ាងច្រើនកុះករ ដើម្បីអាចគេចចេញពីការចំណាយខ្ពស់លើតម្លៃប្រេង។

លោក Warren Willmot អ្នកចែកចាយក្នុងស្រុកសម្រាប់ក្រុមហ៊ុនរថយន្តយក្សចិន BYD បានមានប្រសាសន៍ថា៖

“បច្ចុប្បន្ន យើងមានអតិថិជនមកទិញយ៉ាងច្រើនកុះករ ដូចជារលកយក្សដ៏ធំមួយ។យ៉ាងណាក្តី មានរំហូរចូលយ៉ាងខ្លាំងនៃអ្នកទិញរថយន្តអគ្គិសនីនេះ ទោះបីជាបានថយចុះបន្តិចបន្តួចក្តីក្រោយមក ប៉ុន្តែវាបានផ្លាស់ប្តូរការគិតរបស់មនុស្សទាំងស្រុងចំពោះការជ្រើសរើសរថយន្តសម្រាប់ពេលអនាគត។”

គួរឱ្យដឹងដែរថា អស់ជាច្រើនទសវត្សរ៍មកហើយ ទីផ្សាររថយន្តនៅក្នុងប្រទេសនូវែលសេឡង់ត្រូវបានគ្រប់គ្រងយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន។ អ្នកវិភាគឧស្សាហកម្ម និងអ្នកជំនាញក្នុងស្រុកបានកត់សម្គាល់ថា វិបត្តិថាមពលបច្ចុប្បន្នបានពន្លឿនការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារថ្មីជំនួសវិញ។

យោងតាមលោក David Linklater និពន្ធនាយកទស្សនាវដ្តីរថយន្តដ៏លេចធ្លោមួយរូប បានឱ្យដឹងថា ម៉ាកយីហោចិនល្បីៗ ដូចជា MG និង BYD បានហក់ឡើងទៅក្នុងបញ្ជីរថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅក្នុងប្រទេសនូវែលសេឡង់យ៉ាងងាយស្រួលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ក្រុមហ៊ុនភ្នាក់ងារចែកចាយជាច្រើនសង្ឃឹមថា ការរុញច្រានហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងក្លានេះ នឹងធានាថាម៉ាកយីហោទាំងនេះនៅតែចាក់ឫសយ៉ាងរឹងមាំនៅក្នុងទីផ្សារក្នុងស្រុកក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខ។ ភ្នាក់ងារចែកចាយក្នុងស្រុកទាំងនោះក៏បានកត់សម្គាល់ដែរថា សម្រាប់គោលដៅចុងក្រោយវិញពេលនេះ គឺធ្វើយ៉ាងណាឱ្យបណ្តាញសាកថ្មល្បឿនលឿនទាំងនេះ មកជំនួសស្ថានីយប្រេងឥន្ធនៈបែបប្រពៃណីទាំងស្រុងនៅទូទាំងប្រទេស៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា