បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
មកស្គាល់ផលិតផលក្នុងស្រុកមានគុណភាពល្អ និងអាចប្រើប្រាស់ជំនួសផលិតផលនាំចូលបាន

មកស្គាល់ផលិតផលក្នុងស្រុកមានគុណភាពល្អ និងអាចប្រើប្រាស់ជំនួសផលិតផលនាំចូលបាន

ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃមក ប្រជាជនកម្ពុជាបានចាប់ផ្ដើមបង្ហាញទំនោរងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលជាការបង្ហាញពីឆន្ទៈក្នុងការចូលរួមគាំទ្រសេដ្ឋកិច្ចប្រជាជនខ្មែរគួរជាទីមោទន ខណៈដែលបណ្តាម្ចាស់សហគ្រាសធំ-តូចនានា បាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការកែច្នៃ និងផលិតឡើងដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងដែលកំពុងកើនឡើង។

សម្រាប់ផលិតផលដែលកំពុងមានតម្រូវការជាក់ស្ដែង និងកំពុងផលិតឡើងនៅក្នុងស្រុករួមមានដូចខាងក្រោម ៖

១. ប្រេងរិតបំបាត់ការឈឺចាប់ ៖ ដោយមានប្រវត្តិសិក្សាផ្នែកឱសថស្រាប់ អ្នកស្រី អ៊ឹង សៀម​គីម បានចាប់យកស្លឹកម្លូជាវត្ថុធាតុដើម ក្នុងការផលិតប្រេងរឹតមួយប្រភេទ ក្រោមឈ្មោះថា «ប្រេងរឹតធីភី ស្លឹកម្លូ»។ ចុះបញ្ជីអាជីវកម្មក្នុងឆ្នាំ២០២២ ប្រេងរឹត ធីភី តែងមានវត្តមាននៅក្នុងពិព័រណ៍នានា ដូចជា ពិព័រណ៍ភូមិមួយផលិតផលមួយ និងវេទិកាផ្គូផ្គងអ្នកទិញ និងអ្នកលក់ជាដើម។

បើតាម អ្នកស្រី អ៊ឹង សៀម​គីម ប្រេងនេះមានប្រសិទ្ធភាពបំបាត់ការឈឺចាប់បានល្អ ហើយថែមទាំងមិន​ប៉ះពាល់​ដល់សុខភាពនោះទេ។ មិនប៉ះពាល់ ព្រោះអ្នកស្រីបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្រាវ ជ្រាវដើម្បីផលិតនូវផលិតផលសម្រេចមួយនេះ ដែលអាចប្រើប្រាស់ជំនួសថ្នាំគ្រាប់បំបាត់ការឈឺចាប់​បាន។

ជាផលិតផលក្នុងស្រុកក៏ពិតមែន ប៉ុន្តែអ្នកស្រីរក្សាបាននូវស្តង់ដារអនាម័យ និងការវេចខ្ចប់ត្រឹមត្រូវ ដើម្បីអាចរក្សាគុណភាពប្រេងបានយូរ។ ដោយឡែក ថ្មីៗនេះ អ្នកស្រីក៏បានបរិច្ចាកផលិតផលរបស់ខ្លួនទៅកាន់កងទ័ពជួរមុខនៅតំបន់ព្រំដែនផងដែរ។

២.  ផលិតផលប្រេងគ្រាប់ធុញ្ញជាតិ និងតែចម្រាញ់ចេញពីកសិផលក្នុងស្រុក ៖ សិប្បកម្ម តារា ហ្វូត ជាសិប្បកម្មក្នុងស្រុកមួយដែលកែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលសម្រេចជាច្រើនដូចជា៖ ប្រេងសណ្ដែកផ្កាយ ប្រេងល្ង ប្រេងដូង ប្រេងស្លឹកគ្រៃ តែខ្ញី តែស្លឹកម្រុំ ម្សៅល្មៀត និងទឹកឃ្មុំជាដើម។

បើតាមលោក ម៉ៅ ចាន់តារា ដែលជាម្ចាស់សិប្បកម្មខាងលើ រាល់កសិផលដែលខ្លួនផលិត គឺសុទ្ធសឹង​តែមានប្រភពចេញពីចំការរបស់កសិករនៅតាមបណ្ដាខេត្ត ហើយរូបលោកតែងចុះត្រួតពិនិត្យផ្ទាល់ ដើម្បីចម្រាញ់យកវត្ថុធាតុដើមដែលមានគុណភាព។

ឈរជើងនៅលើទីផ្សារជាច្រើនឆ្នាំនេះ សិប្បកម្ម តារាហ្វូត នៅតែបន្តរក្សាបាននូវស្តង់ដាររបស់ខ្លួន និងថែមទាំងជំរុញផលិតផលរបស់ខ្លួនឱ្យមានវត្តមានលើផ្សារម៉ាត និងផ្សារទំនើបមួយចំនួនក្នុងទី ក្រុងភ្នំពេញទៀតផង។

៣.​ ប្រហុកម្សៅ ៖ ប្រហុក ដែលជាគ្រឿងទេសសំខាន់សម្រាប់ចម្អិនម្ហូប ពេលនេះត្រូវបានកែច្នៃទៅជាប្រភេទម្សៅ ដែលមិនសូវមានក្លិន និងមានគុណភាពខ្ពស់។ ផ្ដើមចេញពីការប្រកួតប្រជែងគំនិតច្នៃប្រតិដ្ឋ កញ្ញា ច័ន្ទ និមល ដែល​ជាអតីតនិស្សិតផ្នែកគីមីចំណី​អាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា-តិចណូ បានចាប់យកការកែច្នៃម្សៅប្រហុក ដែលទទួលបាន ការគាំទ្រយ៉ាងច្រើនពីអតិថិជន។

បច្ចុប្បន្ន ផលិតផលមួយនេះក៏មានវត្តមាននៅក្នុងក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនលក់ផលិត​ផលខ្មែរជាច្រើនប្រភេទផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ម្សៅប្រហុកក៏កំពុងដាក់លក់នៅ​លើផ្សារ ម៉ាត និងផ្សារទំនើបផងដែរ។

​ បើតាមកញ្ញា ច័ន្ទ និមល ម្សៅប្រហុកទទួលបានការគាំទ្រច្រើនពីអតិថិជនក៏ដោយសារតែ ផលិតផល​ថ្មីមួយនេះបង្កភាពងាយស្រួលសម្រាប់ការចម្អិន ដោយមិនចាំបានដួសទៅលាងទឹកទេ​ គឺគ្រាន់តែដាក់​ម្សៅចូលក្នុង​សម្លប៉ុណ្ណោះ។

ទន្ទឹមនឹងចលនាជាតិនិយមរបស់ប្រជាជនកម្ពុជា​ ចាប់ផ្ដើមផុសផុល ឯកឧត្តម សួង ណយ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបន្តជំរុញ​ឲ្យអ្នក​ផលិត​ក្នុងស្រុក ប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់​ផលិតផល​របស់​ខ្លួន និងបង្កើនការរួមគ្នាក្នុងការប្រើប្រាស់ផលិតផលខ្មែរឱ្យបានកាន់តែទូលំទូលាយ៕

កញ្ញា សាន ស្រីនិច | Ms. San Sreynich

កញ្ញា សាន ស្រីនិច | Ms. San Sreynich

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា