តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

បរទេស ៖ តម្លៃមាសបានឡើងថ្លៃបន្តិចនៅថ្ងៃចុងសប្ដាហ៍នេះ ដោយសារក្តីបារម្ភលើភាពតានតឹងដែលកំពុងកើនឡើងកម្តៅរវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលអាចនឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យធនាគារកណ្តាលអាម៉េរិកបន្តអនុវត្តគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង នេះបើយោងតាមការរាយការណ៍ពី CNBC។

Advertisement

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១​ ដុល្លារក្នុងមួយតម្លឹង។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានលើកឡើងថា តម្លៃមាសស្ថិតក្នុងដំណាក់កាលរក្សាស្ថិរភាព ខណៈដែលក្រុមវិនិយោគិននៅស្ទាក់ស្ទើរក្នុងការទិញបន្ថែមចំពេលដែលស្ថានភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ នៅតែមានភាពមិនប្រាកដប្រជា ស្របពេលដែលពួកគេនៅតែបន្តវាយប្រហារតបតគ្នាទៅវិញទៅមក ក៏ជំរុញតម្លៃប្រេងឆៅឡើងថ្លៃផងដែ​រ ដោយតម្លៃប្រេង Brent ឡើងថ្លៃ ០,២៥ ភាគរយ ឬ ៧៦,៤៩ ដុល្លារក្នុងមួយបារ៉ែល និង តម្លៃប្រេង ​West Texas Intermediate (WTI) ឡើងថ្លៃ ០,២៦ ភាគរយ ឬ ៧២,២៧ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អាម៉េរិកនៅក្នុងបណ្តាប្រទេសឈូងសមុទ្រ បន្ទាប់ពីអាម៉េរិកវាយប្រហារលើខេត្តឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់។

ការវាយប្រហារចុងក្រោយនេះកំពុងជំរុញឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាអតិផរណា និងលទ្ធភាពដែលធនាគារកណ្តាលអាម៉េរិកនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ។ វិនិយោគិន និងពាណិជ្ជករដល់ទៅ ៦៤ ភាគរយបានព្យាករណ៍ពីឱកាសដំឡើងអត្រាការប្រាក់នៅក្នុងខែកញ្ញា ពោលគឺកើនឡើងពី ៥៤% កាលពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ​បើទោះបីជាមាសត្រូវបានមើលឃើញថា ជាទ្រព្យសម្បត្តិការពារហានិភ័យប្រឆាំងនឹងអតិផរណាក៏ដោយ ប៉ុន្តែវានឹងបាត់បង់ភាពទាក់ទាញរបស់ខ្លួននៅក្នុងបរិបទដែលមានអត្រាការប្រាក់ខ្ពស់ ដោយសារមាសជាទ្រព្យសកម្មដែលមិនផ្តល់ផលទុននោះទេ។​

លោក Waterer សង្ឃឹមថា មាសនឹងបន្តមានភាពទាក់ទាញសម្រាប់អ្នកទិញ ដរាបណាប្រេងនៅតែរក្សាបានតម្លៃក្នុងកម្រិតបច្ចុប្បន្ន។ ប្រសិនបើតម្លៃប្រេងហក់ឡើងខ្លាំងដល់កម្រិតខ្ពស់ នោះនឹងបង្កើនក្តីបារម្ភអំពីអតិផរណា និងអត្រាការប្រាក់ ហើយភាពទាក់ទាញរបស់មាសនឹងធ្លាក់ចុះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា