តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

​ភ្នំពេញ​៖​ ​តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ​។

​អ្នក​ជំនាញ​ទីផ្សារ​មាស​នៅ​កម្ពុជា​បាន​លើកឡើង​ថា​ ​មាន​កត្តា​សំខាន់​ៗ​ចំនួន ​៤ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង ​ចាប់​តាំងពី​ចុង​ខែ​តុលា ​រហូតដល់​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​នេះ​។

​លោក​ ឡុង ​សំណាង​ ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ PP ​Link ​Securities ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រែប្រួល​តម្លៃ​មាស​កើតឡើង​ដោយសារ​កត្តា​ជា​ច្រើន​ ប៉ុន្តែ​កត្តា​សំខាន់​មួយ​ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​ទីផ្សារ​មាស​ ​គឺ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ ​ដែល​ជំរុញ​ឱ្យ​ប្រាក់​ដុល្លារ​អាម៉េរិក​ឡើង​ថ្លៃ​។

​លោក​បាន​ពន្យល់​ថា​ ​គោល​នយោបាយ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​មាន​គោលដៅ​ទប់ស្កាត់​បញ្ហា​អតិផរណា​ ​ហើយ​ការ​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​ដែល​គេ​រំពឹង​ថា​នឹង​កើតឡើង​នៅ​ខែ​ក្រោយ​ ​អាច​ជំរុញ​ឱ្យ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បន្ថែម​ទៀត ​ដែល​នឹង​បន្ត​ជះ​ឥទ្ធិពល​ដល់​តម្លៃ​មាស​។

​លោក​បាន​បញ្ជាក់​ថា​ ​នៅពេល​អត្រា​ការប្រាក់​កើនឡើង​ ​អ្នក​កាន់​កាប់​មាស​មួយចំនួន​ចាប់ផ្ដើម​លក់​មាស​ចេញ ​ដើម្បី​ប្ដូរ​យក​សាច់ប្រាក់​ ​ជាពិសេស​ប្រាក់​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​តម្លៃ​មាស​ធ្លាក់ចុះ​។

​លោក​ ឡុង ​សំណាង ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ទំនោរ​ធ្លាក់ចុះ​នៃ​តម្លៃ​មាស​បាន​ចាប់ផ្ដើម​តាំងពី​ខែ​មីនា ​ឆ្នាំ​ ២០២៦ ​ដោយ​ធ្លាក់ចុះ​បន្តិច​ម្ដង​ៗ​ ​រហូត​ដល់​ខែ​កក្កដា ​ហើយ​ការ​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​បាន​កើតឡើង​នៅ​អំឡុង​ខែ​កញ្ញា​ ​ខែ​តុលា ​និង​ខែ​វិច្ឆិកា​។

​ក្រៅ​ពី​អត្រា​ការប្រាក់​ ​និង​ទំនុកចិត្ត​របស់​វិនិយោគិន ​លោក​បាន​លើកឡើង​ថា​ ​កត្តា​ពីរ​ផ្សេងទៀត​ដែល​អាច​ជះឥទ្ធិពល​ដល់​តម្លៃ​មាស​ ​គឺ​ការ​ប្រែប្រួល​នៃ​រូបិយប័ណ្ណ​អឺរ៉ូ ​និង​រូបិយ​ប័ណ្ណ​សំខាន់​ៗ​ចំនួន ​៥ ​ដែល​មាន​តម្រូវការ​ប្ដូរ​ជាមួយ​ប្រាក់​ដុល្លារ​អាម៉េរិក ​រួម​មាន​ ​ប្រាក់​យ៉េន​ជប៉ុន​ ​ប្រាក់​ផោន​អង់គ្លេស​ ប្រាក់​ហ្វ្រង់​ស្វីស ​និង​ប្រាក់​ដុល្លារ​កាណាដា​។

​លោក​ក៏​បាន​លើកឡើង​ពី​កត្តា​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ផងដែរ​ ​ដោយ​ថា​ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាម៉េរិក​ ​និង​ការ​រំពឹងទុក​អំពី​ការ​ផ្លាស់ប្ដូរ​គណបក្ស​ដឹកនាំ​នៅ​អាណត្តិ​បន្ទាប់ អាច​បង្កឱ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា ​និង​ប៉ះពាល់​ដល់​ទំនោរ​ទីផ្សារ​មាស​។

​លោក​បាន​បន្ថែម​ថា​ ​គិត​មក​ដល់​ពេលនេះ​ ​ទីផ្សារ​មាស​មិន​ទាន់​បង្ហាញ​សញ្ញា​ច្បាស់លាស់​នៃ​ការ​ងើប​ឡើង​វិញ​ទេ ​ដោយសារ​នៅ​មាន​សម្ពាធ​ពី​កត្តា​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សំខាន់​ៗ ​ជា​ពិសេស​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ ​និង​ទំនុកចិត្ត​របស់​វិនិយោគិន​។

ដោយឡែក ​លោក​ សេក ធារម្យ​ ​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ ​និង​ជា​ប្រធាន​ស្ថាប័ន​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ ​(​R​&​D​)​ ​នៃ​ក្រុមហ៊ុន​ BF​X​ ​Capital ​បាន​មានប្រសាសន៍​ថា​ ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​ ២០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ ​២០២៦ ​បើ​ធៀប​នឹង​សប្ដាហ៍​មុន​ ​តម្លៃ​មាស​បាន​ធ្លាក់ចុះ​ប្រមាណ​ ​១៨ ភាគរយ​បន្ថែម​ទៀត​។

​លោក​បាន​លើកឡើង​ថា​ ​ក្នុង​ស្ថានភាព​ដែល​តម្លៃ​មាស​កំពុង​ធ្លាក់ចុះ​ ​អ្នក​វិនិយោគ​ជា​ច្រើន​អាច​មាន​ចម្ងល់​ថា​ តើ​គួរ​លក់​មាស​ចេញ​ ​ឬ​ទិញ​បន្ថែម​ដើម្បី​ទុក​សម្រាប់​ពេល​អនាគត​។

​យ៉ាងណា​ក៏ដោយ​ ​លោក​ ​សេក ធារម្យ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​អ្នក​ទិញ​មាស​ក្នុង​គោលបំណង​រក្សាទុក​រយៈពេល​វែង ការ​ធ្លាក់ចុះ​តម្លៃ​នា​ពេល​បច្ចុប្បន្ន​អាច​ជា​ឱកាស​មួយ​សម្រាប់​ការ​ទិញ​ទុក​ ​ដោយ​សារតម្លៃ​បាន​ធ្លាក់​មក​ដល់​កម្រិត​ដែល​លោក​យល់​ថា​អាច​ផ្ដល់​ឱកាស​ចំណេញ​នា​ពេល​អនាគត​។

​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​គោលដៅ​ទិញ​លក់​ក្នុង​រយៈពេល​ខ្លី​ ​លោក​ណែនាំ​ឱ្យ​ពិគ្រោះយោបល់​ជាមួយ​អ្នក​ជំនាញ​ជា​មុន​សិន​ ​មុននឹង​សម្រេចចិត្ត​ទិញ​ ​ឬ​លក់​ ​ព្រោះ​ទីផ្សារ​មាស​នៅតែ​ស្ថិត​ក្រោម​សម្ពាធ​ពី​អត្រា​ការ​ប្រាក់​ ​និង​ភាព​រឹងមាំ​នៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​ដែល​អាច​ធ្វើឱ្យ​តម្លៃ​មាស​ធ្លាក់​ចុះ​បន្ថែម​ទៀត​។

​សូម​ជម្រាប​ថា​ ​ហាង​ឆេង​មាស​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ ​គិត​ត្រឹម​ម៉ោង​ ៩​:​២៥ ​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​មាន​តម្លៃ​ប្រមាណ​ ៤​ ៣​១៦ ​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តម្លឹង​ ​និង​ ៤​៣២ ​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ជី​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា