ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ ។ នេះបើតាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦កន្លងទៅ​នេះ ។​

Advertisement

បើតាម​អនុក្រឹត្យ​បានសម្រេច​ឱ្យបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស កាណាឌីយ៉ាណា ​​ផ្លូវជាតិលេខ​៥១ ដែល​មានទីតាំង​ស្ថិតនៅភូមិ​អង្គតាឡឹក ភូមិក្រាំង​ឡាវ ភូមិ​ត្រពាំង​វែង១ ភូមិ​ត្រពាំង​វែង២ ភូមិ​គរ ក្នុង​ឃុំ​សំបូរ ស្រុក​សំរោងទង និង​ភូមិ​រោងដំរី ភូមិអង្គតាឯក​ ភូមិពន្នរ​ ភូមិត្រពាំង​កំបោះ  ភូមិព្រៃតាទ្រូ ក្នុងឃុំ​ភ្នំតូច ស្រុក​សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តំបន់​សេដ្ឋកិច្ចពិសេស កាណា​ឌីយ៉ា​ផ្លូវជាតិលេខ​៥១ មានទំហំ​ ៥១៨ហិកតា ៤០អា និង​១៧​សង់ទីអា ហើយផ្ទៃដីទាំងអស់​ស្ថិតនៅក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ចពិសេស កាណា​ឌីយ៉ាផ្លូវជាតិលេខ​៥១ គឺជាកម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់​របស់ក្រុមហ៊ុន​សម្រាប់ការអភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច ។ តំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានការ​ឯកភាពពីក្រសួង​ និងស្ថាប័នមានសមត្ថកិច្ច​ជា​ចំណែកភ្ជាប់អនុក្រឹត្យ​ ។

អ្នកជំនាញអចលនទ្រព្យ​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​នៅតាមបណ្ដោ​​​យផ្លូវ​៥១នេះ ដោយរំពឹងថា តម្រូវការ​នៃការ​ប្រើប្រាស់ដីធ្លី​នៅតំបន់ជុំវិញ​គម្រោងនេះ​នឹងមាន​កំណើន​ខ្ព​ស់​ តាមរយៈកិច្ចអភិវឌ្ឍន៍លំនៅឋាន​ ផ្សារ​ រោងចក្រ សាលា​រៀន​ ក៏ដូចជា​មន្ទីរពេទ្យ ដែលសុទ្ធតែជា​តម្រូ​វ​ការ​ចាំបាច់របស់មនុស្ស​ ។​

អ្នកអភិវឌ្ឍន៍ដីធ្លីនៅតំបន់​ផ្លូវ​៥១ និងតំបន់មួយចំនួន​នៅប៉ែក​ខាងលិច​រាជធានីភ្នំពេញ លោក​ ចេ សុន បានថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន ​AMS ឱ្យដឹងថា បច្ចុប្បន្ន​នេះ ទីផ្សារ​ និង​តម្រូវការ​ដីធ្លីនៅតំបន់​ផ្លូវ​៥១​ ក៏ដូចជា​នៅតំបន់ជាយក្រុង​ប៉ែក​ខាងលិចភ្នំពេញ ហាក់មិនមានភាពល្អប្រសើរទេ ចាប់តាំងពីវិបត្តិកូវីដ១៩រហូត​មក ដែលធ្វើ​ឱ្យពលរដ្ឋ​ជាច្រើនបាត់បង់ប្រាក់​ចំណូល ហើយនៅពេលពួកគាត់បាត់បង់ប្រាក់ចំណូល​ ការទិញដី ទិញផ្ទះ ក៏​បានធ្លាក់ចុះមួយកម្រិតដែរ។

លោក​បន្តថា នៅពេល​តំបន់សេដ្ឋកិច្ចកាណា​ឌីយ៉ា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត​ឱ្យ​បង្កើត​ជាផ្លូវការ វា​អាចនឹង​ដាស់​វិស័យដីធ្លី ក៏ដូចជាវិស័យ​អចលនទ្រព្យនៅជុំវិញតំបន់នោះ ងើបឡើង​វិញ​បន្តិច ប៉ុន្តែ​បើឱ្យដូចស្ថានភាពមុនវិបត្តិកូវីដ​១៩ ទំនងជាមិនអាច​បាននោះទេ ក្នុង​រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

អ្នកឧកញ៉ា​នួន រឺទ្ធី​ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ KFA ក៏បានថ្លែ​ងប្រាប់​បណ្ដាញសារព័ត៌មាន AMS ឱ្យដឹងថា វិស័យ​ដីធ្លីឆ្នាំ២០២៦នេះ នឹងមិនអាច​ដូច ឬប្រសើរ​ជាង​ឆ្នាំ២០២៥​នោះទេក្នុងពេលស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​កំពុងជ្រួល​ច្របល់ ដោយសារតែសង្គ្រាម​នៅ​តំបន់ជម្ឈិម​បូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើង​ថ្លៃ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា​យើងផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា